34 C
Phnom Penh

តុលាការ​​​ផ្តន្ទាទោស​​​លោក គឹម សុខ ​​​ឱ្យ​​​ជាប់ពន្ធនាគារ​​​​​​១៨ខែ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បង្អែរបង្អង់ក្នុងការស្ដាប់សាលក្រមផ្តន្ទាទោសពីបទញុះញង់ និងបរិហារកេរ្តិ៍នោះកាលពីម្សិលមិញ លោក គឹម សុខ អ្នករិះគន់រដ្ឋាភិបាលនៅតែអះអាងដដែលថា គណបក្សប្រជាជនកម្ពុជានៅពីក្រោយការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយកាលពីឆ្នាំមុន។ 

លោកបានប្រាប់តុលាការថា “ខ្ញុំមិនចាំបាច់ក្រោកឈរស្តាប់ការប្រកាសរបស់អ្នកទេ” ដោយលោកអះអាងដដែលៗថា តុលាការគ្រាន់តែធ្វើតាមការកំណត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។ លោកបានបន្ថែមថា “នេះគឺជាសវនាការទីងមោង”។

ចៅក្រម គី ឫទ្ធី មិនបានផ្លាស់ប្តូរជំហរទេ ដោយបង្គាប់ឱ្យលោក គឹម សុខ អនុវត្តទោសជាប់ពន្ធនាគាររយៈពេល១៨ខែ និងបង់ប្រាក់សំណងជំងឺចិត្តដល់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាប្រជាជនកម្ពុជាកំពុងកាន់អំណាចប្រហែល២០០.០០០ដុល្លារ។ លោកក៏ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពិន័យចំនួន៨លានរៀលចូលថវិការដ្ឋផងដែរ។

ទឹកប្រាក់ចំនួន២០០.០០០ដុល្លារនេះមិនទាន់គ្រប់តាមការទាមទាររបស់លោក ហ៊ុនសែន ឡើយដែលបានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីចំនួនពីរ ដោយទាមទារទឹកប្រាក់ប្រហែល៥០០.០០០ដុល្លារ និង២.៥០០ដុល្លារ ពីអ្នករិះគន់រូបនេះដែលបានធ្វើការអះអាងអំពីការធ្វើឃាតលោក កែម ឡី កាលពីខែកក្កដា ឆ្នាំ២០១៦តាមវិទ្យុអាស៊ីសេរី។

ចៅក្រម គី ឫទ្ធី បានមានប្រសាសន៍ថា “តាមអង្គហេតុនៃការញុះញង់ និងបរិហារកេរ្តិ៍ លោក គឹម សុខ បានប្រព្រឹត្តបទឧក្រិដ្ឋនេះមែន ហើយបានទទួលស្គាល់ថា វាជាសំឡេងរបស់គាត់នៅក្នុងវីដេអូឃ្លីបនោះនៅពេលលោកបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី”។

លោក គឹម សុខ ត្រូវបានចាប់ដាក់ពន្ធនាគារកាលពីខែកុម្ភៈបន្ទាប់ពីនិយាយដោយគ្មានភ័ស្តុតាងបញ្ជាក់ពីការធ្វើឃាតនេះតាមកម្មវិធីវិទ្យុ។ លោកបាននិយាយរឿងនេះដដែលៗជាថ្មីម្តងទៀតកាលពីម្សិលមិញ។

ខណៈដែលឆ្មាំសន្តិសុខព្យាយាមយកអាវបិទមាត់គាត់នោះលោកបាននិយាយថា “វាពិតណាស់ដែលគណបក្សប្រជាជនកម្ពុជានៅពីក្រោយការធ្វើឃាតនេះ” ។ សូមបងប្អូនមើលខ្លួនឯងទៅ”។

លោក គឹម សុខ បានប្រទាញប្រទង់ជាមួយសន្តិសុខខណៈលោកបានព្យាយាមនិយាយឡើេងវិញជាថ្មីម្តងទៀត។ លោកបាននិយាយថា ”បើខ្ញុំជាប់គុកដោយសារតែការអះអាងអំពីការពិត លោក ហ៊ុន សែន ក៏ត្រូវជាប់គុកដែរ”។

លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដោយឃាតករសម្លាប់លោក កែម ឡី ឈ្មោះ អឿត អាង ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារមួយជីវិតរួចហើយនោះ ច្បាស់ណាស់ការអត្ថាធិប្បាយរបស់លោក គឹម សុខ ស្មើនឹងការបរិហារកេរ្តិ៍។

លោក គី តិច បានថ្លែងថា “ការសម្រេចនេះមានយុត្តិធម៌សម្រាប់ដើមបណ្តឹង និងជាយុត្តិធម៌សម្រាប់ជនជាប់ចោទ សមនឹងអំពើល្មើសដែលគាត់បានធ្វើ”។

លោក ជូង ជូងី មេធាវីការពារក្តីរបស់អ្នកអត្ថាធិប្បាយរូបនេះបានមានប្រសាសន៍ថា លោកនឹងពិគ្រោះជាមួយលោក គឹម សុខ ថា តើត្រូវប្តឹងឧទ្ធរណ៍ឬយ៉ាងណា។

មុនពេលចុចបិទទូរស័ព្ទពេលអ្នកយកព័ត៌មានទាក់ទងមក លោក ជូង ជូងី បានថ្លែងថា ”ខ្ញុំគ្មានអ្វីត្រូវនិយាយទេ ពីព្រោះវាហួសពីការទទួលយកបាន”។

លោក គឹម សុខ បានជំទាស់នឹងភាពស្របច្បាប់របស់តុលាការ សវនាការជំនុំជម្រះ និងលោក ហ៊ុន សែន គ្រប់ពេលទាំងអស់ ដោយប្តេជ្ញាតតាំងនឹង “ចំណុចក្តៅនេះ”។ លោកបានព្យាយាមទាមទារឱ្យកោះហៅលោកនាយករដ្ឋមន្ត្រីចូលខ្លួនសម្រាប់ការសាកសួរអំឡុងសវនាការ ហើយបានអះអាងថា មន្ត្រីរបស់លោក ហ៊ុន សែន បានព្យាយាមឱ្យលោកធ្វើការសុំទោស ជាថ្នូរនឹងការអត់ឱន។

នៅឯសវនាការនៅសាលាដំបូងរាជធានីភ្នំពេញកាលពីខែមុន លោក គឹម សុខ បានយកក្រដាសញ៉ុកត្រចៀក ជាការជំទាស់នឹងអ្វីដែលលោកលើកឡើងថា ជាសវនាការមានហេតុផលនយោបាយ ហើយបានរិះគន់តុលាការចំពោះការធ្វើតាម”ទឹកមាត់នរករបស់ហ៊ុន សែន”។

ការចោទប្រកាន់ទាំងនេះគឺជារបត់ចុងក្រោយនៅក្នុងជីវិតរបស់អតីតអ្នកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច និងមន្ត្រីក្រសួងព័ត៌មានរូបនេះ ដែលបានល្បីឈ្មោះយ៉ាងឆាប់រហ័សកាលពីដំណាច់ឆ្នាំមុនដោយសារការអត្ថាធិប្បាយឥតសំចៃមាត់របស់គាត់តាមវិទ្យុអាស៊ីសេរី។

លោក ហង្ស វិទូ ប្រធានមូលនិធិ កែម ឡី និងជាអ្នកសរសេរជីវប្រវត្តិលោក គឹម សុខ បានមានប្រសាសន៍ថា ការនិយាយខ្លាំងៗរបស់លោក គឹម សុខ ដោយសារតែអ្វីដែលលោកហៅថាសវនាការអយុត្តិធម៌។

លោក ហង្ស វិទូ បានថ្លែងថា “បើទោះគាត់គ្មានភ័ស្តុតាងក៏ដោយ វាគ្រាន់តែជាការបញ្ចេញមតិរបស់គាត់ប៉ុណ្ណោះ”។ លោកបានបន្តថា គណបក្សប្រជាជនកម្ពុជាគួរណាព្រមានស្រាលជាងនេះលើអ្នកអត្ថាធិប្បាយរូបនេះ។

អ្នកវិភាគរូបនេះបាននិយាយថា លោក គឹម សុខ ត្រូវបានផ្តន្ទាទោសចំពោះការនិយាយដែលធ្វើឱ្យមានមន្ទិលសង្ស័យដ៏រាលរាលជំុវិញអ្នកដែលបានបញ្ជាឱ្យមានការធ្វើឃាតលោក កែម ឡី។ លោក ហង្ស វិទូ បាននិយាយថា គាត់មិនបានធ្វើការស៊ើបអង្កេតផ្ទាល់ខ្លួនលើ ឃាតកម្មនេះ ហើយជាញឹកញាប់ប្រភពរបស់គាត់មិនចង់និយាយស្ដីឡើយ។

លោក ហង្ស វិទូ បាននិយាយថា “ខ្ញុំធ្លាប់សួរមនុស្សជាច្រើននៅក្នុងការស៊ើបអង្កេតរបស់ខ្ញុំ ហើយពួកគាត់និយាយថា ‘ ខ្ញុំដឹង តែខ្ញុំមិនអាចនិយាយបានទេ’ ‘ ខ្ញុំដឹង តែខ្ញុំមិនហា៊ននិយាយទេ’”៕សារុន (រាយការណ៍បន្ថែមដោយ Ben Paviour)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស