32 C
Phnom Penh

​ក្រុម​សកម្មជន​ច្រាន​ចោល​​ការ​សុំ​ទោស​របស់​​អគ្គនាយករង​​ហង្សមាស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ក្រុមសកម្មជនសិទ្ធិស្ត្រីបានច្រានចោលការសុំទោសពីសំណាក់ពិធីករព័ត៌មានទូរទស្សន៍ដ៏ល្បីល្បាញមួយរូបចំពោះការធ្វើអត្ថាធិប្បាយរបស់លោកថា ជនចាប់រំលោភ និងឃាតករគួរតែទុកជីវិតឲ្យជនរងគ្រោះដើម្បី “ទុកប្រើប្រាស់ទៀត” ហើយបានលើកឡើងថា លោកគ្មានបំណងសុំទោសដោយសុទ្ធចិត្តនោះទេ។

លោក មាស រិទ្ធី អគ្គនាយករងនៃស្ថានីយហង្សមាស បានបង្កឱ្យមានកំហឹងប្រតិកម្ម នៅពេលលោកធ្វើអត្ថាធិប្បាយបែបនេះអំឡុង “កម្មវិធីព័ត៌មានពេលព្រឹក” ដ៏ពេញនិយមរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ដែលនៅក្នុងនោះលោកក៏បានប្រាប់ឱ្យស្ត្រីៗ “ប្រើពាក្យផ្អែមល្ហែមដាក់សត្រូវ [ជនចាប់រំលោភ]” ហើយកុំតតាំង។

បន្ទាប់ពីក្រុមការពារសិទ្ធិស្ត្រីរៀបចំញត្តិតាមអុីនធឺណិតប្រឆាំងពិធីករព័ត៌មានរូបនេះ លោក មាស រិទ្ធី បានសុំទោសនៅក្នុងម៉ោងផ្សាយកាលពីម្សិលមិញអំឡុងកម្មវិធីរបស់លោក ប៉ុន្តែលោកបានព្យាយាមនិយាយការពារទង្វើរបស់លោកម្ដងហើយម្ដងទៀត ហើយបានគូសបញ្ជាក់ថា អ្វីដែលលោកនិយាយគឺជាការព្យាយាមអប់រំស្ត្រី។

លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានមានប្រសាសន៍កាលពីម្សិលមិញថា “គាត់ពិតជាគ្មានបំណងសុំទោសទេ”។

នៅក្នុងវីដេអូឃ្លីបរយៈពេល២៧នាទីពីកម្មវិធីផ្សាយព័ត៌មានពេលព្រឹករបស់លោកដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក លោក មាស រិទ្ធី បានអះអាងថា លោកគ្មានបំណងធ្វើឱ្យប៉ះពាល់ដល់អ្នកណាម្នាក់ទេ។

លោកលើកឡើងដូច្នេះថា “ខ្ញុំអត់មានចេតនាអាក្រក់ទៅលើអ្នកណាម្នាក់ទេ”។ “ប៉ុន្តែឥឡូវក៏ខ្ញុំត្រូវតែសុំទោសចំពោះបុគ្គល ឬស្ត្រីដែលគាត់គិតថា អាពាក្យពេចន៍ណុងអត់ល្អទេ អត់ត្រូវទេ។ បើវាប៉ះពាល់ទៅលើបងប្អូនខាងណុង ខ្ញុំក៏សុំទោសដែរ”។

លោក មាស រិទ្ធី បានអះអាងថា លោកគ្រាន់តែនិយាយលេងសើចប៉ុណ្ណោះ ហើយការធ្វើអត្ថាធិប្បាយរបស់លោកធ្វើឡើងក្នុងបំណងអប់រំ។ លោកថ្លែងថា “ខ្ញុំអរទៅវិញទេនៅពេលមានការរិះគន់មកលើខ្ញុំ ហើយមើលឃើញរាល់ចំណុចខ្វះខាតដែលខ្ញុំគិតមិនដល់។ ខ្ញុំសុំទោសចំពោះការលេងសើចនេះ”។

ប៉ុន្តែលោកស្រី ខាធើរីន ហារី (Catherine Harry) ជាអ្នកសរសេរប្លក់ព័ត៌មានកម្ពុជា ដែលបានបង្ហោះវីដេអូមួយពិភាក្សាអំពីការធ្វើអត្ថាធិប្បាយរបស់លោក មាស រិទ្ធី កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានមានប្រសាសន៍ថា ការសុំទោសរបស់គាត់មិនទាន់ល្អគ្រប់គ្រាន់ដែលអាចទទួលយកបានទេ។ លោកស្រីបានបន្តថា ”ភាគច្រើនគឺគាត់ព្យាយាមខ្លាំងដើម្បីការពារអ្វីដែលគាត់លើកឡើងដើម្បីការពារភាពអាម៉ាស់របស់គាត់”។

លោកស្រីលើកឡើងបន្ថែមទៀតថា “គាត់បានបន្តព្យាយាមដោះសារថាការអត្ថាធិប្បាយរបស់គាត់ជា ‘ការលេងសើច’ ដែលមិនមានបំណងធ្វើឱ្យប៉ះពាល់ដល់អ្នកណា។សាធារណជន ជាពិសេសប្រព័ន្ធផ្សព្វផ្សាយចាំបាច់ត្រូវយល់ថា ‘ការលេងសើច” បែបនេះមិនមែនមិនប៉ះពាល់ទេ។ វាធ្វើឱ្យចាក់ឫសវប្បធម៌ចាប់រំលោភដែលបានធ្វើឱ្យមនុស្សរាប់រយនាក់ក្លាយជាជនរងគ្រោះ”។

លោកស្រី រស់ សុភាព មានប្រសាសន៍ថា ពេលនេះសកម្មជនទាំងនេះគ្រោងដាក់លិខិត

ចំហមួយទៅក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារីដើម្បីស្នើឲ្យរដ្ឋាភិបាលចេញការព្រមានចំពោះលោក មាស រិទ្ធី។ ពួកគេក៏មានគម្រោងសរសេរលិខិតផ្ញើទៅស្ថានីយទូរទស្សន៍ហង្សមាស ដើម្បីស្នើសុំឱ្យខាងទូរទស្សន៍បណ្តុះបណ្តាលលោក មាស រិទ្ធី ពីរបៀបចៀសវាងការធ្វើអត្ថាធិប្បាយបែបនេះទៀតនៅពេលអនាគត។

ញត្តិមួយរៀបចំដោយសកម្មជនសិទ្ធិស្ត្រីកាលពីថ្ងៃសៅរ៍ ដែលទាមទារឱ្យលោក មាស រិទ្ធី សុំទោសជាសាធារណៈ និងទទួលខុសត្រូវចំពោះក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានពេលធ្វើសេចក្ដីរាយការណ៍ពីអំពើហិង្សាលើស្ត្រី ប្រមូលបានស្នាមមេដៃប្រហែល១.៥០០ មុនពេលលោក មាស រិទ្ធី បង្ហាញមុខលើកញ្ចក់ទូរស្សន៍កាលពីម្សិលមិញ ដើម្បីឱ្យលោកសុំទោស។

ទាក់ទងបានតាមទូរស័ព្ទកាលពីម្សិលមិញ លោក មាស រិទ្ធី យល់ឃើញថា សំណើណាមួយដែលសុំឱ្យចាត់វិធានការបន្ថែមលើរូបលោកគឺ “លើស” ពីការចាំបាច់។ លោកមានប្រសាសន៍ថា “ខ្ញុំមិនដឹងថាពួកគាត់ [សកម្មជន] ពិតជាមានបំណងជួយស្ត្រីពិតប្រាកដ ឬក៏អត់នោះទេ”។

លោកបានបន្ថែមថា លោកយល់ថា ការធ្វើអត្ថាធិប្បាយរបស់លោកមិនបានបំពានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានទេ ប៉ុន្តែលោកគូសបញ្ជាក់ថា  លោកនឹងគោរពតាមការណែនាំរបស់ក្រសួង។

លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកព័ត៌មានមិនយល់ស្របតាមការយល់ឃើញរបស់លោក មាស រិទ្ធី នោះទេ។ លោកថ្លែងថា “ខ្ញុំយល់ថា នេះជាការបំពានក្រមសីលធម៌ ដែលមិនមែនសម្រាប់តែអ្នកសារព័ត៌មានសទេ ប៉ុន្តែសម្រាប់សាធារណជនទូទៅ អ្នកប្រើប្រាស់ហ្វេសប៊ុក និងសូម្បីក្រមសីលធម៌ផងដែរ”។

ទោះជាយ៉ាងណា លោកបានលើកឡើងថា ប្រសិនបើលោក មាស រិទ្ធី នៅតែបន្តធ្វើអត្ថាធិប្បាយស្រដៀងនេះទៀត ស្ថានីយទូរទស្សន៍របស់លោកគួរតែចាត់វិធានការកុំចាំរដ្ឋាភិបាល។

លោកស្រី រស់ សុភាព បានលើកឡើងថា សកម្មជនទាំងនេះសង្ឃឹមថានឹងដាក់លិខិតចំហដែលព្រាងចុងក្រោយទៅក្រសួងនៅថ្ងៃនេះ។

ចំណេកឯលោកស្រី ខាតធើរីន ហារី ថ្លែងថា “ខ្ញុំពិតជាយល់ថា មិនគួរលាក់បាំងបញ្ហានេះទេ ពីព្រោះគាត់បានចេញមុខជាសាធារណៈ ហើយបាននិយាយការពារពាក្យសម្ដី និងទង្វើរបស់គាត់។ ការលេងសើចមិនកំប្លែងទេ នៅពេលមានតែគាត់សើចម្នាក់ឯង”៕ សុខុម

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស