38 C
Phnom Penh

រដ្ឋាភិបាល​បដិសេធ​​ហេតុផល​​​នយោបាយ​​សម្រាប់​ការ​ស៊ើបអង្កេត​​ពន្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបដិសេធហេតុផលនយោបាយសម្រាប់ការស៊ើបអង្កេតអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នសារព័ត៌មានទាក់ទិនការបង់ពន្ធដារ ដោយគូសបញ្ជាក់ថា ក្រុមហ៊ុនសហគ្រាសឯកជនក៏ស្ថិតក្រោមការស៊ើបអង្កេតដូចគ្នាដែរ។

ក្នុងរយៈពេលពីរសប្ដាហ៍មកនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ស្ថាប័នកាសែតខេមបូឌា ដេលី បានជំពាក់ប្រាក់ពន្ធដារមិនទាន់បង់រហូតដល់ទៅ៦,៣លានដុល្លារ បានស្នើសុំឱ្យក្រសួងព័ត៌មានស៊ើបអង្កេតការផ្ដល់អាជ្ញាប័ណ្ណដល់វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុាស៊ីសេរី (RFA) ទាក់ទិនការប្រមូលពន្ធដារ និងបានស្នើសុំជួបជាមួយអង្គការសិទ្ធិមនុស្សលីកាដូ អង្គការអាដហុក ព្រមទាំងគណៈកម្មាធិការដើម្បីរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ផងដែរ។

លោក មាស សុខសេនសាន អគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា លោកមិនដឹងលម្អិតអំពីការស៊ើបអង្កេតនេះទេ ហើយលោកក៏មិនមែនជាអ្នកជំនាញខាងច្បាប់នោះដែរ ប៉ុន្តែបានគូសបញ្ជាក់ថា ដំណើរការនេះស្របតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការបង្កើនចំណូលពន្ធដារ។

លោកថ្លែងថា “វាជាសមត្ថកិច្ចរបស់លោក [អគ្គនាយកដ្ឋានពន្ធដារ]។ លោកអាចផ្ញើ [លិខិត] ទៅមិនត្រឹមទៅអង្គការទេ សូម្បីតែក្រុមហ៊ុនអីអត់បង់ពន្ធ”។

លោកលើកឡើងបន្ថែមទៀតថា “កុំឲ្យភ្ញាក់ផ្អើលព្រោះការពង្រឹងយន្តការកៀរគរប្រមូលចំណូលមានច្រើន”។ “យើងខិតខំធ្វើយ៉ាងម៉េចថា ក្នុងរយៈពេល៣ឆ្នាំ៥ឆ្នាំហ្នឹងធ្វើម៉េចឲ្យចំណូលរបស់ជាតិយើងហ្នឹងកាន់តែកើនឡើង…ទន្ទឹមនឹងចំណូលរបស់យើងគ្រាន់បើ ក៏យើងបាត់បង់នូវការសម្បទានឥតសំណង [បរទេស] មួយចំនួន”។

លោកស្រី ណាលី ពីឡូក អនុប្រធានផ្នែកតស៊ូមតិនៃអង្គការលីកាដូបានមានប្រសាសន៍កាលពីម្សិលមិញថា អង្គការរបស់លោកស្រីទទួលបានលិខិតមួយច្បាប់កាលពីថ្ងៃពុធសប្ដាហ៍មុនពីអគ្គនាយកដ្ឋានពន្ធដារដែលស្នើសុំជួបពិភាក្សាអំពីបញ្ហាពាក់ព័ន្ធពន្ធដារដែលមិនបញ្ជាក់ច្បាស់លាស់នៅថ្ងៃសុក្រ ប៉ុន្តែបានសុំពន្យារពេលដោយសារលោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូមានកាតព្វកិច្ចត្រូវបំពេញមុនពេលទទួលបានលិខិតនេះ។

អង្គការនេះបានចាប់ផ្ដើមបង់ពន្ធលើប្រាក់ខែបុគ្គលិកកាលពីឆ្នាំមុន នេះបើយោងតាមលោកស្រី ណាលី ពីឡូក ដែលមានប្រសាសន៍ថា ដំណើរការេនះមានការពន្យារពេលដោយសារដំណើរការចុះបញ្ជីបានចំណាយពេលដល់ទៅ៨ខែ។

លោក ធន សារាយ ប្រធានអង្គការអាដហុកមានប្រសាសន៍កាលពីម្សិលមិញថា អង្គការរបស់លោកបានស្វះស្វែង និងទទួលបានការពន្យារពេលជួបពិភាក្សាជាមួយអគ្គនាយកដ្ឋានពន្ធដាររហូតដល់ថ្ងៃអង្គារ។

លោក យឿង សុធារ៉ា មន្ត្រីច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែលមានប្រសាសន៍ថា អង្គការរបស់លោកបានជួបជាមួយអគ្គនាយកដ្ឋានពន្ធដាររួចហើយទាក់ទិនអ្វីដែលលោកលើកឡើងថា ជាការភាន់ច្រឡំជុំវិញពន្ធលើការជួល និងពន្ធលើប្រាក់ខែដែលអង្គការនេះបានបង់រួមគ្នា ប៉ុន្តែអគ្គនាយកដ្ឋានពន្ធដារបានពិនិត្យតាមដានដោយឡែកពីគ្នា។

លោកបានលើកឡើងតាមរយៈសារមួយថា ”គេបានប្រាប់ឱ្យពួកយើងដាក់ឯកសារបន្ថែមទៀតដូចជារបាយការណ៍សវនកម្ម របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ របាយការណ៍ធនាគារ កិច្ចសន្យាជួល និងកិច្ចសន្យាការងារជាដើម។ អត់មានបញ្ហាអីទេ ហើយពួកគាត់និយាយថា អង្គការខុមហ្វ្រែលធ្វើការបានល្អបើធៀបនឹងអង្គការផ្សេងទៀត”។

លោក យឿង សុធារ៉ា បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារមិនបានបញ្ចេញឈ្មោះអង្គការផ្សេងទៀតទេ។

លោក ម៉ាគូស កាបូម (Markus Karbaum) អ្នកវិទ្យាសាស្ត្រនយោបាយអាល្លីម៉ង់ ដែលផ្តោតលើបញ្ហាកម្ពុជា បានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា លោក “យល់ថារដ្ឋាភិបាលធ្វើស្របច្បាប់ដរាបណាមិនជ្រើសរើសតែអង្គការការពារសិទ្ធិមនុស្ស អង្គការឃ្លាំមើលការបោះឆ្នោត និងអង្គការសំខាន់ៗមួយចំនួនតូចផ្សេងទៀត”។

លោកមានប្រសាសន៍បន្ថែមទៀតថា “មានអង្គការចុះបញ្ជីរាប់ពាន់នៅប្រទេសកម្ពុជា ហើយខ្ញុំយល់ថា ភាគច្រើននៃអង្គការទាំងនោះមិនត្រូវបានអគ្គនាយកដ្ឋានពន្ធដារកោះអញ្ជើញឱ្យទៅជួបនោះទេ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស