28.4 C
Phnom Penh

នាយករដ្ឋ​​​មន្ត្រី​​​​​​បង្កើត​​​​​​កងពលតូច​​​ថ្មើជើង​​​ថ្មី​​​​​​បន្ទាប់ពី​​​ជម្លោះព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតកងពលតូចថ្មីមួយក្នុងខេត្តស្ទឹងត្រែងកាលពីម្សិលមិញ គឺមិនដល់១សប្ដាហ៍ផងបន្ទាប់ពីមានការប្រកាស ហើយពេលនោះបានដោះស្រាយវិបត្តិព្រំដែនជាមួយប្រទេសឡាវជាសម្ពន្ធមិត្តរបស់ខ្លួនយូរណាស់មកហើយនិងជាប្រទេសជិតខាងនៅភាគខាងជើង។

លោកនាយករដ្ឋមន្ត្រីបានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញ នៅពេលលោកចុះទៅកាន់ខេត្តភាគខាងជើងនេះថា “យើងនឹងបង្កើតកងពលតូចអន្តរាគមន៍ថ្មីលេខ១២៨ ឬហៅថា កងពលតូចថ្មើជើងលេខ១២៨ចំណុះឱ្យយោធភូមិភាគទី១”។ យោធភូមិភាគទី១គ្រប់ដណ្តប់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។

ទាហានកងយោធពលខេមរភូមិន្ទអង្គុយតាមតុក្នុងពិធីមួយដែលលោកនាយករដ្ឋមន្ត្រីចុះមកកាន់ខេត្តស្ទឹងត្រែងកាលពីម្សិលមិញ។ ហ្វេសប៊ុក
ទាហានកងយោធពលខេមរភូមិន្ទអង្គុយតាមតុក្នុងពិធីមួយដែលលោកនាយករដ្ឋមន្ត្រីចុះមកកាន់ខេត្តស្ទឹងត្រែងកាលពីម្សិលមិញ។ ហ្វេសប៊ុក

លោក ហ៊ុន សែន បានមានប្រសាសន៍ថា”ការរៀបចំទាំងអស់មិនសំដៅធ្វើសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ តែសំដៅលើកិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង”។

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា កងពលតូចថ្មីនៃកងយោធពលខេមរភូមិន្ទនឹងរួមមានកងទ័ពរាប់ពាន់នាក់ ហើយនឹងយកកងទ័ពពីអង្គភាពដែលមានស្រាប់រួចហើយ។

ឧត្ដមសេនីយ៍ ឈុំ សុជាតិ បានមានប្រសាសន៍កាលពីម្សិលមិញថា “វាមិនមែនជាការរើសទ័ពថ្មីទេ ប៉ុន្តែជាការបូកបញ្ចូលពីវរៈផ្សេងៗ។ វាជាកងពលតូចអន្តរាគមន៍ចល័តដែលទាហានត្រូវហ្វឹកហ្វឺន និងឈរជើងកៀកនឹងព្រំដែន”។

គណបក្សប្រឆាំងបានលើកឡើងពីកង្វល់ជាច្រើនក្នុងពេលកន្លងមកអំពីការបង្កើនការចំណាយថវិកាលើវិស័យការពារជាតិអំឡុងពេលមានសន្តិភាព ដោយលើកឡើងថា វិស័យផ្សេងៗទៀតដូចជាវិស័យអប់រំ ឬវិស័យសុខាភិបាលជាដើមគួរតែជាអាទិភាព។

នៅពេលទាក់ទងកាលពីម្សិលមិញ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការផ្លាស់ប្តូរកងទ័ពទេ ដោយលើកឡើងថា បញ្ហានេះចាំបាច់ត្រូវធ្វើការសិក្សាបន្ថែម។

ការបង្កើតកងពលតូចថ្មីធ្វើឡើងបន្ទាប់ពីការលើកឡើងរបស់លោក ហ៊ុន សែន កាលពីថ្ងៃសុក្រដែលបានបញ្ជាឱ្យទាហានឡាវដែលចូលមកកាន់កាប់ទឹកដីមួយផ្នែកនៃខេត្តស្ទឹងត្រែងដកចេញក្នុងរយៈពេល៦ថ្ងៃ។ លោកនាយករដ្ឋមន្ត្រីក៏បានប្រមូលកងទ័ពមកពីតំបន់ភាគខាងជើងផងដែរ ហើយបានប្រកាសថា លោកនឹងហោះទៅទីក្រុងវៀងចន្ទន៍។

នៅថ្ងៃបន្ទាប់ លោក ថោងលន់ ស៊ីសូ៊លីត នាយករដ្ឋមន្ត្រីឡាវបានបញ្ជាឱ្យដកកងទ័ពរបស់ខ្លួនចេញអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ហ៊ុន សែន នៅក្នុងរដ្ឋធានីនៃប្រទេសឡាវ។ក្រោយមកលោក ហ៊ុន សែន បានបន្ទោសជម្លោះនេះទៅលើបញ្ហាទំនាក់ទំនងខ្វះចន្លោះ ដោយលោកលើកឡើងថា រដ្ឋមន្ត្រីការបរទេសឡាវមិនបានយកលិខិតដែលលោកផ្ញើទៅនោះទៅជូនលោក ស៊ីស៊ូលីត។ លោក ហ៊ុន សែន បានបន្ថែមថា លោកបានដំឡើងកម្មវិធី WhatApp នៅក្នុងទូរស័ព្ទដៃរបស់លោក ថោងលន់ ស៊ីស៊ូលីត ដើម្បីបញ្ចៀសបញ្ហាបែបនេះនៅពេលអនាគត៕ សារុន (រាយការណ៍បន្ថែមដោយ Brendan O’Byrne)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស