ដើម្បីប្រឹងប្រែងកាត់បន្ថយចោរកម្ម អាជ្ញាធរខណ្ឌទូទាំងរាជធានីភ្នំពេញ ទទួលបានការណែនាំឱ្យចុះបង្ក្រាបហាងទទួលបញ្ចាំ និងអ្នកទទួលទំនិញពីអ្នកលក់ដោយគ្មានបង្កាន់ដៃ ឬឯកសារផ្សេងទៀតបញ្ជាក់ពីកម្មសិទ្ធិ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍កាលពីម្សិលមិញថា អាជ្ញាធរកំពុងផ្ដោតលើហាងទាំងមានអាជ្ញាប័ណ្ណ និងគ្មានអាជ្ញាប័ណ្ណដែលអាចជំរុញឱ្យមានចោរកម្មដោយសារការទទួលទំនិញចាប់ពីទូរស័ព្ទដៃ គ្រឿងអលង្ការ រហូតដល់ម៉ូតូ និងរថយន្តជាថ្នូរនឹងសាច់ប្រាក់ឆាប់រហ័ស។
លោកថ្លែងថា “នៅពេលវាងាយស្រួលយករបស់ទៅប្ដូរយកលុយ វាជំរុញឱ្យមានចោរឆក់ ចោរប្លន់។ បើយើងគ្រប់គ្រង [ហាងបញ្ចាំ] មិនបានល្អ វាក្លាយជាផ្នែកមួយនៃការបង្កើតបទល្មើស។ ប៉ុន្តែបើយើងគ្រប់គ្រងវាបានល្អ វាក៏អាចកាត់បន្ថយបទល្មើសបានដែរ”។
អ្នកនាំពាក្យរូបនេះបានថ្លែងបន្តថា ក្រោយពីមានការប្រជុំនៅសាលារាជធានីកាលពីសប្ដាហ៍មុន មន្ត្រីខណ្ឌត្រូវបានទុកពេលឲ្យពីរសប្ដាហ៍ដើម្បីផ្សព្វផ្សាយព័ត៌មានស្ដីពីការដំណើរការហាងបញ្ចាំស្របច្បាប់ ហើយធ្វើការត្រួតពិនិត្យ និងឆ្មក់ឆែកឆេរទូទាំងមូលដ្ឋានរបស់ខ្លួន។
លោកបានលើកឡើងបន្ថែមទៀតថា ម្ចាស់ហាងណាដែលគេរកឃើញថាទិញ និងលក់ទំនិញចោរ នឹងត្រូវចាប់ឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ដែលអាចពាក់ព័ន្ធបណ្ដឹងព្រហ្មទណ្ឌ។ ហាងដែលធ្វើប្រតិបត្តិការដោយគ្មានបញ្ចាំនឹងត្រូវបិទចោល។
លោក ម៉េត មាសភក្ដី បានថ្លែងទៀតថា ចំនួនហាងបញ្ចាំសរុបមិនទាន់ច្បាស់ទេ ដោយសារកំពុងបន្តត្រួតពិនិត្យ ហើយថា ខណៈពេលលោកចាំមិនបានពីកាលបរិច្ឆេទជាក់លាក់ដែលការបង្ក្រាបផុតកំណត់ អាជ្ញាធរនឹងវាយតម្លៃពីស្ថានភាពនេះឡើងវិញ។
កាលពីឆ្នាំ២០០៩ រដ្ឋាភិបាលបានត្រួសត្រាយផ្លូវសម្រាប់ហាងទទួលបញ្ចាំឱ្យរីកចម្រើនទៅមុខទូទាំងរាជធានីភ្នំពេញ តាមរយៈការចេញបញ្ញត្តិគ្រប់គ្រងឧស្សាហកម្មនេះ។ ហាងទទួលបញ្ចាំស្របច្បាប់ទី១បានបើកដំណើរការនៅឆ្នាំបន្ទាប់។
យោងតាមលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោកបានឱ្យដឹងថា ចាប់តាំងពីប្រជុំកាលពីថ្ងៃអង្គារសប្តាហ៍មុន មន្ត្រីក្នុងខណ្ឌទួលគោក បានចុះឆែកឆេរហាងទទួលបញ្ចាំប្រហែល១០ក្នុងចំណោម៦០ ហើយបានបិទទ្វារហាងពីរ។ លោកមានប្រសាសន៍ថា ម៉ូតូចំនួន៤២គ្រឿងដែលគ្មានលិខិតស្នាមស្របច្បាប់ត្រូវបានដកហូតពីហាងមួយ។
យោងតាមលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌបានឲ្យដឹងថា នៅក្នុងខណ្ឌសែនសុខក្បែរខាង ម៉ូតូចំនួន៥១គ្រឿង រថយន្ត២គ្រឿង និងរ៉ឺម៉កម៉ូតូកង់បី១គ្រឿងត្រូវបានដកហូតពីឃ្លាំងហាងបញ្ចាំមួយកន្លែង ដែលត្រូវបានបិទទ្វារតាំងពីពេលនោះ។
លោកបានបន្តថា ម្ចាស់ហាងត្រូវបានចាប់ខ្លួន ប៉ុន្តែលោកគ្មានសេចក្ដីលម្អិតបន្ថែមទៀតទេទាក់ទិនករណីនេះ ហើយបានបង្វែរសំណួរទៅអធិការខណ្ឌដែលមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបាន។
លោក ឯក ឃុនឌឿន មានប្រសាសន៍ថា “ពួកគាត់អាចទទួលយកតែរបស់បញ្ចាំដែលមានឯកសារត្រឹមត្រូវប៉ុណ្ណោះ។ បើពួកគាត់ទទួលយករបស់ដោយគ្មានឯកសារ វាដូច [ពួកគាត់] ចូលដៃជាមួយចោរអ៊ីចឹង”៕ សុខុម