លុះត្រាតែគណបក្សសង្គ្រោះជាតិមានថវិកាគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរស្លាកសញ្ញាគណបក្សដែលនឹងអាចខុសច្បាប់នៅក្នុងពេលឆាប់ៗនោះ មន្ត្រីថ្នាក់មូលដ្ឋានបានប្រើជម្រើសចុងក្រោយដោយយកកន្ត្រៃកាត់តម្រឹម និងយកថ្នាំបាញ់លុបលើរូបថតដែលមាននៅលើស្លាកសញ្ញារាប់មឺុនទូទាំងប្រទេស។

លោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិបានដករូបថតលោក កឹម សុខា ប្រធានកណបក្សបច្ចុប្បន្ន និងលោក សម រង្ស៊ីអតីតប្រធានគណបក្សឱ្យអស់ “១០០ភាគរយ” ដើម្បីឱ្យស្របតាមការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ កាលពីខែមុនដែលហាមឃាត់គណបក្សនយោបាយទាំងអស់មិនឱ្យ”ឃុបឃិត” ជាមួួយទណ្ឌិតជាប់ទោស ឬប្រើប្រាស់រូបថតរបស់អ្នកទាំងនោះនៅក្នុងព័ត៌មានផ្សព្វផ្សាយ។
ដោយមិនមានថវិកាគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរស្លាកសញ្ញាថ្មី ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិនៅតាមតំបន់មួយចំនួនក្នុងប្រទេសដែលមានរូបថតលោក កឹម សុខា និងលោក សម រង្ស៊ី ឈរកាន់ដៃគ្នានោះ ត្រូវបានកាត់តម្រឹម ឬយកថ្នាំបាញ់លុបពីលើ។
វិសោធនកម្មច្បាប់គណបក្សនយោបាយដែលបានអនុម័តកាលពីខែមុននោះ បានបង្ខំឱ្យគណបក្សសង្គ្រោះជាតិដករូបថតលោក សម រង្ស៊ី ដែលប្រឈមបទចោទប្រកាន់ផ្លូវច្បាប់ជាច្រើនដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាហេតុផលនយោបាយនោះចេញពីស្លាកសញ្ញាគណបក្សដាក់នៅតាមផ្លូវនានា និងនៅក្នុងប្រព័ន្ធអីុនធឺណិត។
លោក អ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា”យើងគ្មានជម្រើស ពីព្រោះសភាជាអ្នកអនុម័តឱ្យអនុវត្តច្បាប់ហ្នឹង”។លោកបានបន្ថែមថា “វាជាចេតនារបស់គណបក្សកាន់អំណាចយើងគ្មានមធ្យោបាយទេ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីមុនថា គណបក្សនឹងចំណាយថវិកាពី៣០០.០០០ដុល្លារទៅ៥០០.០០០ដុល្លារក្នុងការផ្លាស់ប្តូរស្លាកសញ្ញាគណបក្សរាប់មឺុននៅទូទាំងប្រទេសកម្ពុជានេះ។
លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងថា គណបក្សបានប្រកាសសុំឱ្យអ្នកគាំទ្រជួយផ្តល់ថវិកាក្នុងការផ្លាស់ប្តូរស្លាកសញ្ញាដែលត្រូវបានតម្រូវត្រឹមចុងខែតុលា។
លោកបានបន្តថា “យើងបានប្រកាសសំុជំនួយពីមហាជន និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ពីព្រោះចំណាយវាច្រើន”។
លោក គី វណ្ណដារ៉ា អគ្គហេរញ្ញិកនិង ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោកជឿថា ពួកគេនឹងអាចរៃអង្គាសប្រាក់បានគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរ ផូស័រទាំងអស់ត្រឹមដំណាច់ខែក្រោយនេះ។ លោកបន្ថែមថា មន្ត្រីគណបក្សប្រចាំខេត្តនឹងអាចបញ្ចប់ការងារនេះក្នុងរយៈពេល១សប្តាហ៍ប្រសិនបើពួកគេមានថវិកាគ្រប់គ្រាន់សម្រាប់រ៉ាប់រងការចំណាយនោះ។
ទន្ទឹមនឹងសកម្មជនគណបក្សប្រឆាំងបានប្រញាប់ប្រញាល់ធ្វើកែសម្រួលស្លាកសញ្ញាគណបក្សរបស់ខ្លួននោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណបក្សដែលមានសំឡេងភាគច្រើននេះនឹងមិនមានផែនការដាក់ផូស្ទ័របន្ថែមទេ ដែលលោកបានបន្ថែមថា វាអនុវត្តពេញលេញតាមវិសោធនកម្មថ្មីដែលត្រូវបានអនុម័តជាឯកច្ឆន្ទបើទោះបីជាគណបក្សប្រឆាំងធ្វើពិហការនៅព្រឹទ្ធសភាក្តី។
លោក សុខ ឥសានបានថ្លែងថា “គោលការណ៍គណបក្សប៉ុន្មានគឺនៅដដែល។ គណបក្សប្រជាជនកម្ពុជាមិនចេះត្រឡប់ត្រឡិនទេ”៕សារុន