30.7 C
Phnom Penh

ក្រុម​អ្នក​ភូមិ​នៅ​កោះកុង​មក​ដាក់ញត្តិ​សុំ​​ឱ្យ​​នាយករដ្ឋមន្ត្រី​ជួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ប្រជាពលរដ្ឋប្រមាណ៤០នាក់ ដែលមានវិវាទដីធ្លីរ៉ាំរ៉ៃនៅខេត្តកោះកុង បានមកជួបជុំគ្នានៅសួនច្បារមុខវត្តបទុម ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយជំរុញឱ្យក្រសួងរៀបចំដែនដីដោះស្រាយបញ្ហារបស់ពួកគាត់។

គម្រោងហែក្បួនទៅកាន់ភូមិគ្រឹះរបស់នាយករដ្ឋមន្ត្រីកាលពីពេលព្រឹកត្រូវបាននគរបាលជាង២០នាក់រារាំងភ្លាមៗ នៅពេលអ្នកភូមិទាំងនេះដែលមួយចំនួនធំស្រែកយំពេលនគរបាលរាំងផ្លូវពួកគាត់ មានការចូលរួមពីប្រជាពលរដ្ឋរងការបណ្ដេញចេញមួយក្រុមតូចមកពីតំបន់បឹងកក់ និងសហគមន៍បុរីកីឡា ក្នុងរាជធានីភ្នំពេញ។

អ្នកភូមិដែលតវ៉ារឿងវិវាទដីធ្លីមួយនៅខេត្តកោះកុង ប្រមូលផ្ដុំគ្នានៅសួនច្បារមុខវត្តបទុម ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីដាក់ញត្តិជូនខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អ្នកភូមិដែលតវ៉ារឿងវិវាទដីធ្លីមួយនៅខេត្តកោះកុង ប្រមូលផ្ដុំគ្នានៅសួនច្បារមុខវត្តបទុម ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីដាក់ញត្តិជូនខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

អ្នកស្រី ប៉ាវ ញឿង អាយុ៤១ឆ្នាំ ដែល្ថិតក្នុងចំណោមគ្រួសាររងការបណ្ដេញចេញនៅខេត្តកោះកុង និយាយថា កាលពីមុនអ្នកភូមិទាំងនេះដែលមកពីស្រុកស្រែអំបិល ខេត្តកោះកុង ធ្លាប់បានដាក់ញត្តិកាលពីខែមករា ដើម្បីសុំអន្តរាគមន៍ដោះស្រាយករណីរបស់ពួកគាត់ ប៉ុន្តែមិនដែលទទួលបានដំណឹងឡើយ។

ស្ត្រីរូបនេះនិយាយទៀតថា “យើងមិនចង់ធ្វើការតវ៉ាទេ ព្រោះយើងចង់ទុកមុខឱ្យមន្ត្រីរដ្ឋាភិបាល ប៉ុន្តែគេមិនបានជួយពួកយើង”។

ករណីនេះពាក់ព័ន្ធចម្ការអំពៅទំហំ៧៨២ហិកតារបស់ឧកញ៉ា ហេង ហ៊ុយ និងលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានអ្នកភូមិ និងអង្គការសិទ្ធិដីធ្លីចោទប្រកាន់ថារំលោភបំពានកម្លាំងពលកម្មនិងចាប់យកដីធ្លីចាប់តាំងពីការបណ្ដេញចេញបានចាប់ផ្ដើមនៅឆ្នាំ២០០០មក។

លើកបដាដែលសរសេរថា “សូមសម្ដេចតេជោ ហ៊ុន សែន ជួយស្វែងរកដំណោះស្រាយឲ្យពួកយើងទាំងអស់គ្នាជាបន្ទាន់” និង “បញ្ឈប់អំពើហិង្សាពីសំណាក់អាជ្ញាធរ និងសន្តិសុខក្រុមហ៊ុន” អ្នកតវ៉ាទាំងនេះបានរង់ចាំប្រហែល១ម៉ោងក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់នគរបាល។

ទីបំផុត អ្នកភូមិបីនាក់ត្រូវបានអនុញ្ញាតឱ្យចូលជួបជាមួយលោក ប៉ាល់ ច័ន្ទតារា មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីដែលទទួលបន្ទុកទទួលពាក្យបណ្ដឹង។

ពេលទាក់ទងបានកាលពីម្សិលមិញ លោក ប៉ាល់ ច័ន្ទតារា មានប្រសាសន៍ថា ខុទ្ទកាល័យរបស់លោកបានផ្ញើញត្តិពីខែមករា ទៅក្រសួងរៀបចំដែនដីភ្លាមៗ បន្ទាប់ពីទទួលបាន ហើយក្រសួងកំពុងតែខិតខំស្វែងរកដំណោះស្រាយ។

អ្នកភូមិដែលតវ៉ារឿងវិវាទដីធ្លីមួយនៅខេត្តកោះកុង ប្រមូលផ្ដុំគ្នានៅសួនច្បារមុខវត្តបទុម ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីដាក់ញត្តិជូនខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អ្នកភូមិដែលតវ៉ារឿងវិវាទដីធ្លីមួយនៅខេត្តកោះកុង ប្រមូលផ្ដុំគ្នានៅសួនច្បារមុខវត្តបទុម ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីដាក់ញត្តិជូនខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

គាត់ថ្លែងថា “ខ្ញុំបានណែនាំឲ្យប្រជាពលរដ្ឋទាំងនោះដាក់ញត្តិម្ដងទៀតនៅខុទ្ទកាល័យ ហើយយើងនឹងសរសេរលិខិតមួយច្បាប់ទៅក្រសួង ដើម្បីដាស់តឿនឱ្យពន្លឿនដំណោះស្រាយសម្រាប់ពួកគាត់”។

ទាក់ទិនបញ្ហានេះ អ្នកនាំពាក្យក្រសួងមិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។

យោងតាមអ្នកស្រី ប៉ាវ ញឿង បានឱ្យដឹងថា អ្នកភូមិទាំងនេះក៏គ្រោងដាក់ញត្តិទៅសហភាពអឺរ៉ុប ដែរដោយសារសហភាពអឺរ៉ុប ជាអ្នកនាំចូលស្ករសមួយចំនួនធំរបស់កម្ពុជា ប៉ុន្តែត្រូវរៀបចំកាលវិភាគឡើងវិញនៅថ្ងៃនេះ បន្ទាប់ពីមិនបានជូនដំណឹងទៅដល់ខុទ្ទកាល័យជាមុន។

ស្ត្រីរូបនេះស្ថិតក្នុងចំណោមប្រជាពលរដ្ឋ៥គ្រួសារដែលបានបន្តប្ដឹងតាមផ្លូវតុលាការប្រឆាំងក្រុមហ៊ុន Heng Huy Agriculture Group ដែលជាម្ចាស់បច្ចុប្បន្ននៃដីមានវិវាទខាងលើនេះ ប៉ុន្តែមិនបានជោគជ័យ ហើយលើកឡើងថា កិច្ចព្រមព្រៀងកាលពីឆ្នាំ២០១០របស់ពួកគាត់ដើម្បីកាត់ដីឱ្យក្រុមហ៊ុនបានធ្វើឡើងក្រោមការគំរាមកំហែងពីសំណាក់ក្រុមហ៊ុន។

លោក ហេង ហ៊ុយ ដែលជាម្ចាស់ក្រុមហ៊ុន Heng Huy Agriculture Group បានគំរាមប្តឹងបកពួកគាត់វិញពីបទបរិហារកេរ្តិ៍ចំពោះការចោទប្រកាន់ថាលោកលួចប្លន់ដីរបស់ពួកគាត់ ហើយសាលាឧទ្ធរណ៍បាននិយាយថា ការអះអាងរបស់អ្នកភូមិគួរឲ្យអស់សំណើចកាលពីខែមេសា៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស