26 C
Phnom Penh

លោក ញឹក ប៊ុនឆៃ សុំទោស​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលត្រូវបានចោទប្រកាន់កាលពីសប្ដាហ៍មុនពាក់ព័ន្ធសំណុំរឿងគ្រឿងញៀនមួយកាលពី១០ឆ្នាំមុន និងដែលបច្ចុប្បន្ន កំពុងជាប់ពន្ធនាគារ បានជំរុញឱ្យសហការីរបស់លោករក្សាគណបក្សនេះឲ្យបន្តដំណើរឆ្ពោះទៅមុខ បន្ទាប់ពីចេញលិខិតសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។

លោក ញឹក ប៊ុនឆៃ បានសរសេរលិខិតមួយច្បាប់ចុះកាលបរិច្ឆេទថ្ងៃពុធផ្ញើទៅសមាជិកបក្សថា “ខ្ញុំមានសេចក្ដីសោកស្ដាយ និងវិប្បដិសារីយ៉ាងខ្លាំងដែលមិនអាចបន្តបេសកកម្មជាមួយបងប្អូនទាំងអស់គ្នាបានដោយសារារសម្រេចចិត្តខុសឆ្គងរបស់ខ្ញុំ”។

លោកបានបន្តថា ”ខ្ញុំសូមគោរពសម្ដែងជូននូវការសារភាពកំហុសទាំងស្រុង ដោយស្មោះស្ម័គ្រ និងសុទ្ធចិត្តដែលបានប្រព្រឹត្តមិនគប្បីចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…និងគណបក្សប្រជាជនកម្ពុជា”។

ដោយអនាគតរបស់គណបក្សនេះស្ថិតក្នុងមន្ទិល អ្នកនាំពាក្យគណបក្សនេះបានលើកឡើងកាលពីម្សិលមិញថា មន្ត្រីជាន់ខ្ពស់នឹងជួបប្រជុំនៅថ្ងៃនេះដើម្បីពិភាក្សាជ្រើសរើសប្រធានស្ដីទីគណបក្ស។

cam-photo-bun-chhay-channaលោក ញឹក ប៊ុនឆៃ អតីតឧត្ដមសេនីយ៍អំឡុងសម័យគណបក្សរាជានិយមហ្វុ៊នស៊ិនប៉ិចចែកអំណាចគ្នាជាមួយគណបក្សប្រជាជន ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ត្រូវបានចោទប្រកាន់កាលពីថ្ងៃទី៦ ខែសីហា ថាជាជនសមគំនិតផលិតគ្រឿងញៀន និងនាំចូលសារធាតុផលិតគ្រឿងញៀនក្នុងសំណុំរឿងមួយកាលពីឆ្នាំ២០០៧។

លោកបានលើកឡើងក្នុងលិខិតនោះថា ការប្រព្រឹត្តខុសឆ្គងមិនបញ្ជាក់របស់លោកបានបណ្ដាលឱ្យមន្ត្រីគណបក្សខ្មែររួបរួមជាតិ បាត់បង់ការងាររបស់ខ្លួនក្នុងជួររដ្ឋាភិបាល។ សមាជិកគណបក្សចំនួន១២នាក់ត្រូវបានដកចេញពីតំណែងទីប្រឹក្សារដ្ឋាភិបាល បន្ទាប់ពីបែកធ្លាយខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទ ដែលក្នុងនោះប្រធានគណបក្សខ្មែររួបរួមជាតិរូបនេះបានសន្យាគាំទ្រគណបក្សសង្គ្រោះជាតិកាលពីខែមិថុនា។

លោក ញឹក ប៊ុនឆៃ សរសេរថា “សម្រាប់ជោគវាសនារបស់គណបក្សខ្មែររួបរួមជាតិ ខ្ញុំសូមឱ្យបងប្អូន និងសមាជិកទាំងអស់ពិចារណា និងសម្រេចស្របតាមប្រជាធិបតេយ្យ”។

លោកបានសរសើរលោក ហ៊ុន សែន ចំពោះការនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រទេសកម្ពុជា និងការចរចាកិច្ចព្រមព្រៀងថ្មីៗនេះដើម្បីបញ្ចៀសជម្លោះប្រដាប់អាវុធជាមួយភាគីប្រទេសឡាវ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពី

ម្សិលមិញថា គេមិនទាន់ច្បាស់ថា តើការសារភាពកំហុសរបស់លោក ញឹក ប៊ុនឆៃ ធ្វើឡើងក្នុងគោលបំណងរក្សាទុកមន្ត្រីគណបក្សខ្មែររួបរួមជាតិផ្សេងទៀតឱ្យកាន់មុខតំណែងក្នុងជួររដ្ឋាភិបាល ឬយ៉ាងណានោះឡើយ។

លោក ម៉ៅ ផាន់ណា អតីតទីប្រឹក្សារបស់លោក ញឹក ប៊ុនឆៃ បានថ្លែងថា អនាគតរបស់គណបក្សស្ថិតក្នុងមន្ទិល បន្ទាប់ពីប្រធានគណបក្សត្រូវបានចោទប្រកាន់។ លោកគូសបញ្ជាក់ថា “បើគ្មានលោក ញឹក ប៊ុនឆៃ គណបក្សនឹងលែងមានប្រជាប្រិយភាព”។

លោក អ៊ុក វ៉ាន់ដេត មេធាវីរបស់លោក ញឹក ប៊ុនឆៃ មានប្រសាសន៍ថា លោកមិនទាន់ដាក់សំណើសុំនៅក្រៅឃុំជួសមុខកូនក្ដីរបស់លោកដែលកំពុងជាប់ឃុំនៅពន្ធនាគារប៉េហ្ស៊ី ក្នុងរាជធានីភ្នំពេញ នៅឡើយទេ៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស