36 C
Phnom Penh

វិទ្យាស្ថានជាតិ​​​ប្រជាធិបតេយ្យ​​​ក្លាយ​​​​ជា​​​អង្គការ​​​ចុងក្រោយ​ដែល​ប្រឈម​ការ​ចោទ​ប្រកាន់​ពីរដ្ឋាភិបាល​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ក្លាយជាអង្គការមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកចុងក្រោយ ដែលប្រឈមការចោទប្រកាន់ពីរដ្ឋាភិបាលថា បានប្រព្រឹត្តខុសកាលពីយប់ថ្ងៃពុធ បន្ទាប់ពីឯកសារសម្ងាត់ដែលគេអះអាងថា ជារបស់អង្គការនេះបានបែកធ្លាយទៅដល់ដៃប្រព័ន្ធផ្សព្វផ្សាយដែលមានសម្ពន្ធភាពជាមួយរដ្ឋាភិបាល។

ទំព័រហ្វេសប៊ុកកូនខ្មែរ អះអាងថា ឯកសារបែកធ្លាយនេះដែលខ្លួនបានបង្ហោះនៅម៉ោងប្រហែល១០និង៣០នាទីយប់ថ្ងៃពុធ បង្ហាញអំពីការសមគំនិតផ្នែកនយោបាយរវាងវិទ្យាស្ថានជាតិប្រជាធិបតេយ្យនិងគណបក្សប្រឆាំង រីឯកាសែត ខេមបូឌាដេលី ភ្នំពេញប៉ុស្តិ៍ និងវិទ្យុមួយចំនួនដែលបានជំនួយពីអាមេរិកក៏មានជាប់ពាក់ព័ន្ធដែរនៅក្នុងយុទ្ធនាការដែលគេអះអាងថាដើម្បីបង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រជាជនកម្ពុជា។

អង្គការដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីនតោនមួយនេះគ្រប់គ្រងកម្មវិធីកំណែទម្រង់ប្រជាធិបតេយ្យនៅកម្ពុជារបស់ USAID  ជាគំនិតផ្តួចផ្តើមរយៈពេល៤ឆ្នាំមានទំហំទឹកប្រាក់៨,៥លានដុល្លារ ដែលមានគោលដៅ “ធ្វើឱ្យការប្រកួតប្រជែងផ្នែកនយោបាយ និងការទទួលខុសត្រូវរបស់រដ្ឋាភិបាលមានភាពប្រសើរឡើង”។ អង្គការនេះបានរៀបចំឱ្យមានវេទិកាពិភាក្សាដេញដោលរវាងគណបក្សនយោបាយ ការស្ទង់មតិសាធារណជន និងរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនៅមុនការបោះឆ្នោតឃុំសង្កាត់កាលពី ខែមិថុនា។

អ្នកទម្លាយឯកសារកូនខ្មែរបានសរសេរថា “យើងខ្ញុំសូមបញ្ចេញនូវឯកសារសំខាន់មួយចំនួនទៅចុះ ដែលបង្ហាញយ៉ាងច្បាស់ថា NDI ពិតជាបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា”។ អ្នកទម្លាយឯកសាររូបនេះបានសរសេរបន្តថា “មិនមែនមានតែអង្គការ NDI មួយប៉ុណ្ណោះទេ គឺមានអង្គការមួយចំនួនទៀតបាននៅពីក្រោយបក្សប្រឆាំង”។

ប៉ុន្មាននាទីក្រោយមក គេហទំព័រ Fresh News ដែលមានសម្ពន្ធភាពជាមួយរដ្ឋាភិបាលបានថតចម្លង និងធ្វើការចុះផ្សាយឯកសារបែកធ្លាយនេះព្រមទាំងសារបង្ហោះលើទំព័រហ្វេសប៊ុកកូនខ្មែរនេះ ក្នុងនោះរួមមានទាំងការអំពាវនាវរបស់អ្នកទម្លាយឯកសាររូបនេះឱ្យក្រសួងមហាផ្ទៃចាត់វិធានការលើNDIផងដែរ។ស្របពេលដំណាលគ្នានោះ ទំព័រហ្វេសប៊ុកនេះក៏ត្រូវបានលុបចោលដែរនៅរសៀលម្សិលមិញ។

លោក John Cavanaugh នាយកប្រចាំប្រទេសនៃវិទ្យាសា្ថានជាតិប្រជាធិបតេយ្យបានសរសេរនៅក្នុងអីុម៉េលមួយកាលពីម្សិលមិញថា អង្គការពង្រឹងប្រជាធិបតេយ្យមួយេនះ “មិនប្រកាន់បក្ខពួួក ឬមាននិន្នាការទៅរកគណបក្សនយោបាយណាមួយឡើយហើយធ្វើការជាដៃគូជាមួយគ្រប់គណបក្សនយោបាយធំៗទាំងអស់”។ លោកបានគូសបញ្ជាក់ថា គណបក្សកាន់អំណាចបានទទួលការបណ្តុះបណ្តាលពីវិទ្យាស្ថានជាតិប្រជាធិបតេយ្យមុនការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា។ លោកមិនបានធ្វើអត្ថាធិប្បាយទាក់ទិននឹងភាពពិតប្រាកដនៃឯកសារនេះទេ។

លោក ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលបានគាំទ្រចំពោះការអំពាវឱ្យចាត់វិធានការរបស់អ្នកទម្លាយឯកសាររូបនេះកាលពីម្សិលមិញ ដោយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា NDI មិនបានចុះបញ្ជីជាមួយក្រសួងនេះទេ។

ប៉ុន្តែ លោក ហ៊ុយ វណ្ណៈ មានការប្រយ័ត្នប្រយែងក្នុងការលើកឡើងទាក់ទិននឹងពេលវេលា ឬថា តើហេតុអ្វីបានជា NDI គួរតែចុះបញ្ជីជាមួយក្រសួងនេះ ខណៈច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល(Lango) តម្រូវឱ្យអង្គការមិនមែនរដ្ឋាភិបាល[បរទេស] ចុះបញ្ជីជាមួយក្រសួងការបរទេសនោះ។

លោកបានលើកឡើងដដែលថា “យើងគ្រាន់តែចង់បញ្ជាក់ និងចង់ឱ្យប្រព័ន្ធផ្សព្វផ្សាយដឹងប៉ុណ្ណោះ”។លោកបានឱ្យដឹងបន្ថែមថា លោកមិនទាន់និយាយបានទេថាតើក្រសួងរបស់លោកនឹងចាត់វិធានការបែបណានោះ។

លោក Cavanaugh បានលើកឡើងទៀតថា NDIបានដាក់ពាក្យសុំរបស់ខ្លួនទៅក្រសួងការបរទេសកាលពីពីខែកញ្ញារួចហើយ។ ក្រសួងនេះមិនអាចទាក់ទងសុំធ្វើការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។

ការបែកធ្លាយនេះកើតមានឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីមានការបែកធ្លាយស្រដៀងគ្នានេះពាក់ព័ន្ធស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដោយកាសែត ខេមបូឌាដេលី វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក សុទ្ធតែមានឈ្មោះនៅក្នុងឯកសារបែកធ្លាយក្នុងហ្វេសប៊ុកនាពេលថ្មីៗដែលត្រូវបានគេហទំព័រព័តមាន Fresh News យកមកចុះផ្សាយភ្លាមៗពាក់ព័ន្ធនឹងបញ្ហាពន្ធដែលគេអះអាងថា មិនទាន់បានបង់។អង្គការសិទ្ធិមនុស្សលីកាដូ និងសមាគមសិទ្ធិមនុស្សអាដហុក ព្រមទាំងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)  ក៏ត្រូវបានកោះហៅមកសាកសួរដោយនាយកដ្ឋានពន្ធដារផងដែរកាលពីសប្តាហ៍មុន។ អង្គការទាំងអស់នេះសុទ្ធតែទទួលបានជំនួយដោយផ្ទាល់ ឬប្រយោលពីរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ លើកលេងតែកាសែតខេមបូឌាដេលី។

ឯកសារបែកធ្លាយពាក់ព័ន្ធ NDI ផ្តោតលើកំណត់សម្គាល់ និងស្លាយពីសិក្ខាសាលាមួយកាលពីខែមីនា ដែលរៀបចំធ្វើឡើងដោយអង្គការនេះ ជាផ្នែកនៃការបណ្តុះបណ្តាលគណបក្សនយោបាយក្នុងនោះរួមមានបញ្ជីឈ្មោះអ្នកចូលរួមដែលមានចុះឈ្មោះលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអនុប្រធានទាំងបីរូបរបស់លោកផងដែរ។រូបភាពផ្ទាំងស្គ្រីនដែលទំនងជាស្លាយធ្វើបទបង្ហាញ បានបង្ហាញឱ្យឃើញពីចំណងជើងមួយដែលមានអត្ថន័យថា “គណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតជាតិ” អមដោយសារជាភាសាអង់គ្លេស និងខ្មែរមួយចំនួន។

កំណត់សម្គាល់ក្នុងស្លាយមានខ្លឹមសារយ៉ាងដូច្នេះថា “ខ្ញុំគិតថា អ្នកអាចឈ្នះការបោះឆ្នោតឆ្នាំក្រោយ (I think you can win the next election) “។ កំណត់សម្គាល់នេះមានខ្លឹមសារបន្តថា “បើនៅតែចាញ់ទៀត មកពីបញ្ហាមួយក្នុងចំណោមបញ្ហាពីរគឺគណបក្សប្រជាជនកម្ពុជាបន្លំសន្លឹកឆ្នោត [ឬ] គណបក្សសង្គ្រោះជាតិខ្វះយុទ្ធសាស្ត្រ វិន័យ [និង] គំនិតច្នៃបង្កើតដើម្បីយកឈ្នះ។ អ្នកគឺជាអ្នកដែលសម្រេចជោគវាសនាខ្លួនឯង (Failure to do so will be caused by one of 2 things: CPP cheats [or] CNRP lacks the strategy, discipline, [and] creativity to win. You will decide your own fate)”។

ដោយលើកឡើងពីប្រភពអនាមិកផ្ទៃក្នុងចេញពីគណបក្សប្រឆាំង អ្នកទម្លាយឯកសារកូនខ្មែរអះអាងថា គណបក្សសង្គ្រោះជាតិ ដែលធ្វើតាមការណែនាំរបស់ NDI នឹងចាប់ផ្តើមផ្សព្វផ្សាយពាក្យចចាមអារ៉ាមឱ្យខ្ទរខ្ទារឡើង៥ថ្ងៃមុនការបោះឆ្នោតជាតិឆ្នាំក្រោយ ជាពាក្យចចាមអារ៉ាមដែលអ្នកទម្លាយឯកសាររូបនេះអះអាងថា នឹងបញ្ជូនទៅឱ្យ”ប្រព័ន្ធផ្សព្វផ្សាយដែលតែងតែវាយប្រហារលើរដ្ឋាភិបាល” រួមមានកាសែត ខេមបូឌា ដេលី ភ្នំពេញប៉ុស្តិ៍ និងវិទ្យុមួយចំនួនដែលទទួលលុយជំនួយពីប្រទេស “មហាអំណាច”។

លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា វាជារឿងធម្មតាទេដែលអ្នកនយោបាយនិយាយជាមួយអ្នកកាសែត ហើយបានចាត់ទុកការបណ្តុះបណ្តាលកាលពីខែមីនា ដែលលោកលើកឡើងថា លោកក៏បានចូលរួមដែរនោះថា ជា “សិក្ខាសាលាធម្មតា”។

លោកមានប្រសាសន៍ថា “យើងជជែកតែអំពីរឿងធ្វើគោលនយោបាយគណបក្ស យុទ្ធសាស្ត្រគណបក្សធ្វើម៉េចៗខ្លះ”។ លោកបានបន្ថែមថា “យើងអត់ដែលលេងចូលទេអាចឹងៗ”។

ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា ឯកសារបែកធ្លាយនេះបង្ហាញឱ្យឃើញពីការរំលោភបំពានបទប្បញ្ញត្តិនៅក្នុងច្បាប់ស្ត្ីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលតម្រូវឱ្យអង្គការមិនមែនរដ្ឋាភិបាលរក្សាអព្យាក្រឹតភាព។ លោកបានបដិសេធមិនបញ្ជាក់ថា តើមន្ត្រីគណបក្សប្រជាជនកម្ពុជាបានចូលរួមសិក្ខាសាលាស្រដៀងៗនេះឬក៏អត់ឡើយ។

វិទ្យាស្ថានជាតិប្រជាធិបតេយ្យមានទំនាក់ទំនងមិនល្អជាមួយរដ្ឋាភិបាលនាពេលកន្លងមក។នៅក្នុងសុន្ទរកថាប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតជាតិឆ្នាំ២០១៣ លោក Patrick Merloe ប្រធានកម្មវិធីបោះឆ្នោតនៅវិទ្យាស្ថាននេះបានប្រាប់អនុគណៈកម្មាធិការនៃសភាសហរដ្ឋអាមេរិកថា កម្ពុជា “នៅតែមានប្រព័ន្ធនយោបាយពុករលួយស្ទើរតែផ្តាច់ការ” ហើយបានគូសបញ្ជាក់ថា សកម្មភាពរបស់NDI ត្រូវបានរឹតបន្តឹងនៅមុនថ្ងៃបោះឆ្នោតនោះ។

លោក Cavanaugh បានលើកឡើងបន្តទៀតថា គណបក្សនយោបាយរួមមានគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាផងសុទ្ធតែទទួលបានការបណ្តុះបណ្តាលតាមតម្រូវការរបស់ពួកគេ។

លោកបានសរសេរថា វិទ្យាស្ថានជាតិប្រជាធិបតេយ្យ”គឺផ្តោតលើការពង្រឹងដំណើរការប្រជាធិបតេយ្យដែលផ្តល់ផលប្រយោជន៍ដល់គណបក្សនយោបាយ និងអ្នកបោះឆ្នោតដូចៗគ្នា”៕ ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស