31 C
Phnom Penh

រដ្ឋាភិបាល​​​បញ្ចប់ការស៊ើប​​អង្កេត​​​លើ​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​មួយ​​​ដែល​​​លោក​​​ ហ៊ុន សែន​​​ បញ្ជាឱ្យ​​​បិទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីក្រសួងមហាផ្ទៃម្នាក់បាននិយាយកាលពីម្សិលមិញថា អាជ្ញាធរបានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនលើអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងការជួញដូរផ្លូវភេទមួយ ដែលលោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យបិទកាលពីដើមខែនេះ ចំពោះអ្វីដែលលោកហៅថាជាការប្រមាថ “ដែលមិនអាចអត់ឱនឱ្យបាន”ហើយអង្គការនេះបានធ្វើការសុំទោស ប្រសិនបើព័ត៌មាននេះបង្កឱ្យមានការអាក់អន់ចិត្តនោះ។

កាលពីថ្ងៃទី១ ខែសីហា លោកនាយករដ្ឋមន្ត្រីបានដាក់បញ្ជាឱ្យពិនិត្យមើលអង្គការមេត្រីអន្តរជាតិ (AIM) ហើយបិទចោលភ្លាមៗ ជុំវិញអត្ថបទព័ត៌មានកាលពីពេលថ្មីៗរបស់បណ្ដាញសារព័ត៌មាន CNN នេះដែលលោកបានចោទចំពោះការអះអាងដែលថា តំបន់ស្វាយប៉ាកដែលស្ថិតក្នុងរាជធានីភ្នំពេញធ្លាប់ជាកន្លែងមានឈ្មោះមិនល្អសម្រាប់ពេស្យាចារកុមារនោះ នៅតែជាកន្លែងនៃការជួញដូរផ្លូវភេទកុមារមិនទាន់គ្រប់អាយុដដែល។ រដ្ឋាភិបាលក៏បានរិះគន់របាយការណ៍ព័ត៌មាននេះផងដែរដែលបានបង្ហាញពីការងាររបស់អង្គការ AIM នៅក្នុងតំបន់ស្វាយប៉ាក ចំពោះការអះអាងដែលថា ស្ត្រីជាម្ដាយដែលលក់កូនរបស់ខ្លួនឱ្យបម្រើផ្លូវភេទជាជនជាតិកម្ពុជា មិនមែនជាជនជាតិវៀតណាម។

លោក ហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា “នេះជាការប្រមាថដ៏ធ្ងន់ធ្ងរ”។លោកបន្ថែមថា “ដោយតម្លៃណាក៏ដោយ អង្គការមួយនេះត្រូវចាកចេញពីកម្ពុជា មិនអាចឱ្យនៅបានទៀតទេ”។

បើទោះជាមានការគំរាមបែបនេះក្ដី ក៏អង្គការ AIM បានបន្តប្រតិបត្តិការខណៈស្ថិតក្រោមការស៊ើបអង្កេតចំពោះព័ត៌មានដែលខ្លួនបានផ្ដល់ ឬមិនបានផ្ដល់ដល់បណ្ដាញសារព័ត៌មាន CNN សម្រាប់ការធ្វើសេចក្ដីរាយការណ៍របស់ខ្លួន។

កាលពីម្សិលមិញ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ថា ការស៊ើបអង្កេតបានបញ្ចប់ហើយ។

លោកស្រីបានថ្លែងថា “ក្រសួងមហាផ្ទៃកំពុងតែស្វះស្វែងរកព័ត៌មានដើម្បីធ្វើការវាយតម្លៃទៅលើអង្គការ AIM អំពីគុណសម្បត្តិ និងចំណុចខ្វះខាត ដើម្បីទាញជាការសន្និដ្ឋានចុងក្រោយ តើអង្គការនេះអាចនឹងត្រូវបន្តសកម្មភាពទៀតឬមួយក៏យ៉ាងណា”។

លោកស្រី ជូ ប៊ុនអេង ដែលក៏ជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដែរនោះ មានប្រសាសន៍ថា អង្គការ AIM បានធ្វើ “កំហុស” ប៉ុន្តែបានបដិសេធមិននិយាយថាតើកំហុសនោះជាអ្វីឡើយ។ លោកស្រីបានបន្ថែមថា នៅក្នុងលិខិតមួយ អង្គការមិនមែនរដ្ឋាភិបាលនេះបាន “សុំទោសប្រសិនបើអ្វីដែលខ្លួនបានធ្វើនោះ ប៉ះពាល់ដល់ស្ត្រីកម្ពុជា ឬពលរដ្ឋកម្ពុជា”។

រដ្ឋលេខាធិការរូបនេះបានមានប្រសាសន៍ថា ក្រសួងកំពុងរៀបចំរបាយការណ៍ស្តីពីលទ្ធផលដែលខ្លួនបានរកឃើញដាក់ជូនលោកនាយករដ្ឋមន្ត្រី ដែលមានសិទ្ធិសម្រេចចុងក្រោយថាតើអង្គការមិនមែនរដ្ឋាភិបាលនេះគួរនៅបន្តបើក ឬក៏យ៉ាងណានោះ ប៉ុន្តែលោកស្រីបានបដិសេធមិននិយាយថា របាយការណ៍នេះអាចត្រូវបានបញ្ជប់នៅពេលណានោះឡើយ។

និយាយពី CNN លោកស្រីមានប្រសាសន៍ថា ការសម្រេចរបស់បណ្ដាញសារព័ត៌មានអាមេរិកនេះក្នុងការកែសម្រួលចំណងជើងនៅក្នុងអត្ថបទរបស់ខ្លួននោះ គឺជាការទទួលស្គាល់កំហុសរបស់ខ្លួន។ លោកស្រីបានថ្លែងថា អង្គការ AIM បានសុំធ្វើការកែសម្រួល។

ពីដំបូង បណ្ដាញសារព័ត៌មានCNN បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា ជីវិតក្រោយការជួញដូរ៖ ក្មេងស្រីកម្ពុជាត្រូវបានម្ដាយពួកគេលក់ដើម្បីបម្រើផ្លូវភេទ” (Life after trafficking: The cambodian girls sold for sex by their mothers)”។ តែក្រោយមក ពាក្យ “Cambodian” ត្រូវបានដកចេញ។ នៅក្នុងសេចក្ដីកែតម្រូវដែលបានចុះផ្សាយនោះ បណ្ដាញសារព័ត៌មាននេះបានលើកឡើងថា ខ្លួនបានធ្វើការកែសម្រួល “ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែត្រឹមត្រូវបន្ថែមទៀតអំពីខ្លឹមសារព័ត៌មាននោះ ដែលសំដៅដល់ក្មេងស្រីដើមកំណើតវៀតណាម ដែលជាជនរងគ្រោះនៃការជួញដូរផ្លូវភេទក្នុងប្រទេសកម្ពុជា”។

អង្គការ AIM បានបដិសេធចំពោះសំណើជាច្រើនសុំការបំភ្លឺ ហើយមិនអាចទាក់ទងបានកាលពីម្សិលមិញ។

កាលពីចុងខែកក្កដា ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីការស៊ើបអង្កេត បណ្ដាញសារព័ត៌មាន CNN បានលើកឡើងថា ខ្លួនគាំទ្រសេចក្ដីការណ៍ព័ត៌មានរបស់ខ្លួន៕ សារុន (រាយការណ៍បន្ថែមដោយ Zsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស