27 C
Phnom Penh

កម្ពុជា​​ ‘ខិតទៅរក​ស្ថានភាព​គ្រោះ​​ថ្នាក់’ ​ដោយ​មាន​​ការ​​គំរាម​កំហែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាបានថ្កោលទោសការប្រើវោហារសាស្ត្រហិង្សា វិធានការតុលាការមកលើអ្នកនយោបាយ និងការវាយប្រហារលើអង្គការមិនមែនរដ្ឋាភិបាលកាលពីពេលថ្មីៗនេះរបស់រដ្ឋាភិបាល ដែលបានកើនឡើងមុនការបោះឆ្នោតជាតិដ៏សំខាន់នៅឆ្នាំក្រោយដោយលើកឡើងថា ប្រទេសកម្ពុជាទំនងជា”ខិតទៅរកស្ថានភាពគ្រោះថ្នាក់”។

នៅក្នុងសុន្ទរកថាបញ្ចប់នៃដំណើរទស្សនកិច្ចលើកទី៤របស់លោកស្រីមកកាន់ប្រទេសកម្ពុជាក្នុងនាមជាអ្នកធ្វើរបាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា លោកស្រី រ៉ូណា ស្មីត បានជំរុញឱ្យរដ្ឋាភិបាលធានាឱ្យមានការពិភាក្សាដេញដោលបើកចំហ ហើយបានរិះគន់អំពីបរិយាកាសនៃ “បំភិតបំភ័យ និងបង្កការភ័យខ្លាច” នាពេលបច្ចុប្បន្ននេះ។

លោកស្រី រ៉ូណា ស្មីត ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាថ្លែងនៅសន្និសីទសារព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជានៅការិយាល័យអង្គការសហប្រជាជាតិក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោកស្រី រ៉ូណា ស្មីត ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាថ្លែងនៅសន្និសីទសារព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជានៅការិយាល័យអង្គការសហប្រជាជាតិក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកស្រីបានលើកឡើងអំឡុងសុន្ទរកថាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ នៅពេលបញ្ចប់បេសកកម្មរយៈពេល១០ថ្ងៃរបស់លោកស្រីថា “ស្ថានភាពទូទៅនៅក្នុងប្រទេសកម្ពុជានៅតានតឹងនៅឡើយ ប្រទេសកម្ពុជាទំនងជាខិតទៅរកស្ថានភាពគ្រោះថ្នាក់”។

លោកស្រី រ៉ូណា ស្មីត បានរិះគន់ការគំរាមប្រើហិង្សាកាលពីពេលថ្មីៗពីសំណាក់រដ្ឋមន្ត្រី និងមន្ត្រីយោធាក្នុងជួររដ្ឋាភិបាលដោយទំនងជាសំដៅដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកឡើងកាលពីខែមិថុនាថា លោកសុខចិត្តកម្ចាត់១០០ឬ២០០”ដើម្បីការពារប្រជាពលរដ្ឋរាប់លាននាក់”។ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិក៏បានប្ដេជ្ញាកាលពីខែឧសភាផងដែរថា ប្រសិនបើនរណាតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត លោកនឹង “វាយបំបែកធ្មេញ”។

លោកស្រី រ៉ូណា ស្មីត បានមានប្រសាសន៍ថា “ការអត្ថាធិប្បាយបែបេនះមិនគួរធ្វើឡើងដោយរដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលទេ សូម្បីក្នុងវិស័យឯកជនក៏ដោយ”។

លោកស្រីបានបន្ថែមថា “ខ្ញុំសង្ឃឹមថានឹងមានដំណើរការទៅមុខ ប្រទេសកម្ពុជានឹងងាកចេញពីស្ថានភាពគ្រោះថ្នាក់ដោយមិនមានការគំរាមប្រើហិង្សា សង្គ្រាម ឬការនិយាយបញ្ឆេះឱ្យមានការរើសអើងជាតិសាសន៍បន្ថែមទៀតឡើយ។

លោកស្រីបានបន្តថា “មន្ត្រីច្រើនណាស់បានធ្វើការដោយមិនគិតការនឿយហត់នៅក្នុងរដ្ឋាភិបាល និងធានាការផ្លាស់ប្ដូរដោយសន្តិវិធីពីជម្លោះ និងរបបប្រល័យពូជសាសន៍មកជាប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញ។ មាគា៌នេះត្រូវតែបន្ត។ វាជាអ្វីដែលប្រជាពលរដ្ឋកម្ពុជាចង់បាន”។

លោកស្រី រ៉ូណា ស្មីត បន្ថែមថា រដ្ឋាភិបាលបានប្រើប្រាស់ច្បាប់ជាច្រើនដើម្បី “ដាក់កម្រិតការរិះគន់” និង “កាត់បន្ថយការពិភាក្សាដេញដោលអំពីនយោបាយ”។

លោកស្រីបានមានប្រសាសន៍ថា “ការឱ្យរដ្ឋាភិបាលទទួលខុសត្រូវ គឺវាមិនផ្ទុយនឹងរដ្ឋអធិបតេយ្យ និងគំរាមកំហែងដល់សណ្ដាប់ធ្នាប់សាធារណៈ ឬសន្តិសុខជាតិឡើយ”។

លោកស្រី រ៉ូណា ស្មីត ក៏បានលើកឡើងដែរថា អ្នកនយោបាយប្រឆាំង និងសកម្មជនមូលដ្ឋានដូចជា អ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លីតំបន់បឹងកក់ ដែលត្រូវបានជាប់ពន្ធនាគារក្នុងរឿងក្ដីដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាជារឿងនយោបាយនោះ នៅតែ “ជាគោលដៅ”ដោយប្រព័ន្ធតុលាការកម្ពុជាដដែល។

លោកស្រីបានបន្ថែមទៀតថា “ប្រទេសកម្ពុជាគួរជាប្រទេសប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលរាល់ការពិភាក្សាដេញដោល និងការផ្តល់មតិសមហេតុផលត្រូវបានលើកទឹកចិត្ត កុំដាក់ទោសទណ្ឌ ហើយការពិភាក្សានយោបាយដែលមានប្រយោជន៍បានត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតពេញលេញនិងដោយសេរី”។

លោកស្រី រ៉ូណា ស្មីត ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាថ្លែងនៅសន្និសីទសារព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជានៅការិយាល័យអង្គការសហប្រជាជាតិក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោកស្រី រ៉ូណា ស្មីត ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាថ្លែងនៅសន្និសីទសារព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជានៅការិយាល័យអង្គការសហប្រជាជាតិក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ការបោះឆ្នោតនៅខែកក្កដានឹងជាការបោះឆ្នោតជាតិលើកដំបូងចាប់តាំងពីឆ្នាំ២០១៣មក នៅពេលគណបក្សប្រឆាំងដែលច្របាច់បញ្ចូលគ្នា បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាកាន់អំណាចហៀបនឹងចាញ់ក្នុងការបោះឆ្នោតនោះដែលត្រូវបានរិះគន់ជាទូទៅចំពោះភាពមិនប្រក្រតី។ គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងសង្ឃឹមថា នឹងអាចយកឈ្នះការកាន់អំណាចរយៈពេលជាច្រើនទសវត្សរ៍របស់លោក ហ៊ុន សែន នៅឆ្នាំក្រោយនេះ។

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានច្រានចោលការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត ថាគ្មានប្រយោជន៍។

លោកបានមានប្រសាសន៍ថា “លោកស្រីមិនមែនជាចៅក្រម។លោកស្រីមិនមែនជានគរបាល។ លោកស្រីគ្មានសិទ្ធិប្រាប់នាយករដ្ឋមន្ត្រីឱ្យធ្វើនេះ ឬធ្វើនោះ ឬប្រាប់ឱ្យរដ្ឋាភិបាលធ្វើនេះ ឬធ្វើនោះឡើយ។ តើលោកស្រីមានបទពិសោធន៍គ្រប់គ្រងប្រទេសទេ?។ ទេ លោកស្រីគ្រាន់តែជាសាស្ត្រាចារ្យសាមញ្ញម្នាក់ប៉ុណ្ណោះ…។ យើងមិនត្រូវការលោកស្រីទេ”។

ទោះយ៉ាងណា លោក ហ្វីល រ៉ូបឺតសុន នាយករងប្រចាំតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានមានប្រសាសន៍ថា ការវាយតម្លៃរបស់លោកស្រី រ៉ូណា ស្មីត គឺជាការ “ឆ្លុះបញ្ចាំងត្រឹមត្រូវ”អំពីការកើនឡើងនូវភាពតានតឹងក្នុងប្រទេសកម្ពុជា។

លោកបានបន្ថែមថា “អ្នកការទូតនៅក្នុងរាជធានីភ្នំពេញត្រូវពិភាក្សាថា តើត្រូវប្រើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស(HRC)នៅខែក្រោយដូចម្ដេចលើប្រទេសកម្ពុជា ដើម្បីបញ្ឈប់ការរិះគន់របស់រដ្ឋាភិបាលមកលើអង្គការមិនមែនរដ្ឋាភិបាល និងអ្នកការពារសិទ្ធិមនុស្សក្នុងសហគមន៍ សកម្មជនបក្សប្រឆាំង និងអ្នកយកព័ត៌មានដែលហ៊ានតតាំងនឹងការលើកឡើងរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច”។

លោក Sebastian Strangio អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា “កម្ពុជារបស់ ហ៊ុន សែន” បានលើកឡើងនៅក្នុងអុីម៉េលថា ស្ថានភាពនេះទំនងកាន់តែធ្ងន់ធ្ងរទៅ។

លោកបានបន្ថែមថា “ជារួម ខ្ញុំយល់ស្របជាមួយការវាយតម្លៃអំពីស្ថានភាពនយោបាយរបស់លោកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត ៖ រដ្ឋាភិបាលហាក់ដូចជាធ្វើលើសឆ្នាំមុនៗក្នុងការរឹតត្បិតលើកម្លាំងរបស់បក្សប្រឆាំង ដោយការប្រើវិធានការផ្លូវច្បាប់ក្លែងក្លាយ និងការចាប់មនុស្សដាក់ពន្ធនាគារជាដើម។

លោកបានថ្លែងថា “បើឱ្យលើកពីហេតុផលដែលនាំឱ្យមានការគិតថា ការបង្ក្រាបនេះនឹងធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយនោះ គេអាចនិយាយយ៉ាងច្បាស់ថា ជ័យជម្នះសម្រាប់គណបក្សប្រជាជនកម្ពុជានៅឆ្នាំក្រោយ គឺជាមូលហេតុចម្បងដែលនាំឱ្យមានការដាក់សម្ពាធនេះ”។

ដោយសំដៅដល់អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដែលបានរៀបចំការបោះឆ្នោតក្នុងឆ្នាំ១៩៩៣នោះ លោក Strangio បានថ្លែងថា ឥទ្ធិពលកើនឡើងរបស់ប្រទេសចិនបានធ្វើឱ្យទម្ងន់នៃការរិះគន់របស់ម្ចាស់ជំនួយលោកខាងលិចថយចុះ នៅក្នុងអ្វីដែលលោកហៅថាជា “ការបញ្ចប់សម័យអ៊ុនតាក់”។

លោកបានថ្លែងថា “ចំពោះហេតុផលនេះ ការលើកឡើងរបស់លោកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត ទំនងជាមិនមានឥទ្ធិពលខ្លាំងលើរដ្ឋាភិបាលកម្ពុជាឡើយ”៕ សារុន

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស