កាលពីថ្ងៃសៅរ៍ មន្ត្រីពន្ធដារកំពូលនៅកម្ពុជាបានបន្តព្រមានបិទនិងរឹបអូសទ្រព្យសម្បត្តិស្ថាប័នកាសែត ខេមបូឌា ដេលី ពាក់ព័ន្ធបំណុលពន្ធជាង៦លានដុល្លារ។
ការគំរាមនេះកើតមានឡើងស្របពេលអ្នកយកព័ត៌មានពីរនាក់ឱ្យស្ថាប័នកាសែតមួយនេះនឹងត្រូវបង្ហាញខ្លួនសម្រាប់ការសាកសួរនៅសាលាដំបូងខេត្តរតនគិរីនៅថ្ងៃអង្គារដោយសារបានសួរសំណួរអ្នកភូមិពាក់ព័ន្ធការបោះឆ្នោតនាពេលកន្លងមក នេះបើយោងតាម លោក Douglas Steele អ្នកគ្រប់គ្រងទូទៅនៃស្ថាប័នកាសែតមួយនេះ។
លោក Douglas Steele បានមានប្រសាសន៍ កាលពីម្សិលមិញថា រដ្ឋាភិបាល “បានកំណត់ឱសានវាទបញ្ចប់សេរីភាពព័ត៌មាននៅកម្ពុជា”។លោកបានបន្ថែមថា “ប៉ុន្តែយើងនឹងបន្តរហូតដល់ពេលមានការសម្រេចចុងក្រោយ”។
បណ្តាអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយប្រឈមការដាក់សម្ពាធនៅក្នុងខែនេះ បន្ទាប់ពីមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៥ខែសីហា ដែលអំឡុងពេលនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាឱ្យធ្វើការសើុបអង្កេតលើការបង់ពន្ធរបស់បណ្តាអង្គការក្រៅរដ្ឋាភិបាល។
នៅថ្ងៃដដែលនោះគេហ ទំព័រ Fresh News ដែលជាអ្នកពាំនាំរបស់រដ្ឋាភិបាលបានលិខិតបែកធ្លាយមួយច្បាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលចេញបទបញ្ជាឱ្យកាសែតខេមបូឌា ដេលីសងបំណុលពន្ធ បើពុំដូច្នេះទេប្រឈមការបិទ និងរឹបអូសទ្រព្យសម្បត្តិ។ បំណុលពន្ធនេះបានបែកធ្លាយតាមអីុនធឺណិត មុនពេលមកដល់ការិយាល័យកាសែត ខេមបូឌា ដេលី ហើយមិនបានផ្តោតលើសវនកម្មហិរញ្ញវត្ថុណាមួយរបស់ស្ថាប័នកាសែតមួយនេះទេ នេះបើយោងតាមលោក Douglas Steele ។
លោក Bernard Krisher ចាងហ្វាងកាសែតេនះ និងកូនស្រីរបស់លោក គឺលោកស្រី Deborah Krisher-Steele ដែលជាចាងហ្វាងរងសុទ្ធតែបានដាក់លិខិតមកកាន់អគ្គនាយករដ្ឋានពន្ធដារតវ៉ាចំពោះបំណុលពន្ធនេះក្នុងរយៈពេល២សប្តាហ៍នេះ។ លោកស្រី Krisher-Steele បានលើកឡើងថា ក្រុមហ៊ុនថ្មីរបស់លោកស្រីបានអនុវត្តតាមច្បាប់ពន្ធដារបន្ទាប់ពីទិញទ្រព្យសម្បត្តិមួយចំនួនរបស់កាសែត ខេមបូឌា ដេលី នេះពីឪពុករបស់លោកស្រីកាលពីខែមេសា ហើយបានបង្វែរសំនួរពាក់ព័ន្ធនឹងការបង់ពន្ធមុនពេលទិញទៅលោក Bernard Krisher ដែលលើកឡើងថា ការបរិច្ចាគផ្នែកសប្បុរសធម៌គិតជាទឹកប្រាក់ប្រមាណ៣៩លានដុល្លារមកឱ្យប្រទេសកម្ពុជាគួរតែយកមកពិចារណាជុំវិញបំណុលពន្ធនេះ។
ការឆ្លើយតបទាំងនេះសុទ្ធតែត្រូវបានច្រានចោលដោយលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយដ្ឋានពន្ធដារដែលប្រាប់ Fresh News កាលពីថ្ងៃសៅរ៍ថា កាសែតខេមបូឌា ដេលី ប្រឈមការបិទបន្ទាប់ពីទុកពេលឱ្យ៣០ថ្ងៃដើម្បីដោះស្រាយបញ្ហានេះ។
លោកបានមានប្រសាសន៍ថា “ដូច្នេះនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ថ្ងៃឱសានវាទចុងក្រោយ។ បន្ទាប់ពីទុករយៈពេល៣០ថ្ងៃដើម្បីធ្វើការតវ៉ាបញ្ហានេះ ចាប់ពីថ្ងៃទី៤ខែកញ្ញាតទៅ អគ្គនាយកដ្ឋានពន្ធដារ និងចេញលិខិតផ្លូវការមួយទៀតបញ្ជាក់ថា កាសែត ខេមបូឌា ដេលី ជំពាក់បំណុលពន្ធហើយពន្ធដារនឹងចាប់ផ្តើមអនុវត្តការរឹបអូសពន្ធនេះ”។
ដំណើរការនេះអាចរួមមានទាំងការព្យួរអាជ្ញាប័ណ្ណ បង្កកគណនីក្រុមហ៊ុន ផ្អាកការនាំចេញនាំចូលផងដែរ។
ប៉ុន្តែ ការលើកឡើងរបស់លោក គង់ វិបុល ដែលជាលើកទីពីរចាប់តាំងពីគេហទំព័រព័ត៌មាន Fresh News ចុះផ្សាយលិខិតបែកធ្លាយមក ហាក់ដូចជារំលោភបំពានមាត្រា៩៤នៃច្បាប់ពន្ធដារដែលចែងថា អគ្គនាយកដ្ឋាននេះ និងមន្ត្រីរបស់ខ្លួនទាំងអស់ “ត្រូវរក្សាសម្ងាត់នូវព័ត៌មានទាក់ទិននឹងអ្នកជាប់ពន្ធដែលបានទទួលនៅក្នុងពេលបំពេញភារកិច្ចជាផ្លូវការហើយអាចផ្តល់ព័ត៌មានឱ្យទៅតែបុគ្គលដែលមាត្រានេះបានអនុញ្ញាតតែប៉ុណ្ណោះ”។
អ្នកដែលអនុញ្ញាតឱ្យទទួលបានព័ត៌មានរបស់អ្នកជាប់ពន្ធរួមមានមន្ត្រីជាតិ ឬអន្តរជាតិដែលពាក់ព័ន្ធនៅក្នុងការសើុបអង្កេតតុលាការ និងអាជ្ញាធរព្រហ្មទណ្ឌ។
លោក គង់ វិបុល និងលោក វណ្ណ ពុទ្ធិពល អគ្គលេខាធិការនៅអគ្គនាយកដ្ឋាននេះមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ អគ្គនាយករដ្ឋានេះបានចេញសេចក្តីរាយការណ៍មួយកាលពីសប្តាហ៍មុនដោយបដិសេធថា ការសើុបអង្កេតលើការបង់ពន្ធនេះមិនមែនជារឿងនយោបាយទេ ដោយលើកឡើងថា ការខិតខំអនុវត្តច្បាប់បន្ថែមនេះផ្តោតគោលដៅលើអ្នកគេចមិនព្រមបង់ពន្ធទាំងអស់ និងដើម្បីបង្កើនចំណូលជាតិ។
ជាទូទៅពេលអាជ្ញាធរសង្ស័យថា ក្រុមហ៊ុនណាមួយជំពាក់បំណុលពន្ធ ពួកគេស្នើសុំឱ្យសហគ្រាសនោះផ្តល់ឯកសារពាក់ព័ន្ធមុនពេលធ្វើការប៉ាន់ប្រមាណអំពីបំណុលពន្ធនេះបើយោងតាមលោក ប៊ូ សុភ័ណ្ឌ ភិរម្យ ជាដៃគូ និងជាប្រធានផ្នែកពន្ធដារ និងគណនេយ្យ នៅក្រុមហ៊ុនច្បាប់ BNG ។
លោកបានពន្យល់កាលពីសប្តាហ៍មុនថា ប៉ុន្តែ ប្រសិនបើក្រុមហ៊ុន “នៅស្ងាត់ស្ងៀម” ហើយមិនសហការជាមួយអាជ្ញាធរអគ្គនាយកដ្ឋានពន្ធដារ អាចធ្វើការវាយតម្លៃពន្ធឯកតោភាគី “ដោយផ្អែកតែទៅលើមតិយោបល់របស់អ្នកវាយតម្លៃពន្ធតែប៉ុណ្ណោះ”។
លោកស្រី Krisher-Steele បានលើកឡើងទៀតថា កាសែត ខេមបូឌា ដេលី មិនទទួលបានការព្រមានទេមុនពេលទទួលបាននូវអ្វីដែលលោកស្រីហៅថា “បំណុលពន្ធក្លែងក្លាយ” នៅក្នុងដំណើរការមួយដែលលោកស្រីអះអាងថា ធ្វើឡើងដើម្បី “បំផិតបំភ័យ និងយាយី កាសែត ខេមបូឌា ដេលី និង…អ្នកផ្សេងៗទៀតដែលនិយាយការពិត”។
លោកស្រីបានថ្លែងថា “ច្បាស់ណាស់នេះគឺជាបំណុលពន្ធដែលមិនមានបំណងឱ្យយើងសងនោះទេ ប៉ុន្តែ គោលដៅគឺចង់បិទកាសែត ខេមបូឌា ដេលីតែម្តង “។
អ្នកនាំពាក្យវិទ្យុអាស៊ីសេរី (RFA)និងវិទ្យុសម្លេងសហរដ្ឋអាេមរិក(VOA)ដែលសុទ្ធតែទទួលបានជំនួយឧបត្ថម្ភពីសហរដ្ឋអាមេរិកនិងដែលមានឈ្មោះនៅក្នុងឯកសារបែកធ្លាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពាក់ព័ន្ធនឹងការមិនបង់ពន្ធនៅក្នុងខែនេះដែរនោះក៏បាននិយាយការពារខ្លួនឯងពីការចោទប្រកាន់ ផងដែរ។
លោក Rohit Mahajan ប្រធានផ្នែកកិច្ចការសាធារណៈនៃវិទ្យុអាស៊ីសេរី បានលើកឡើងកាលពីថ្ងៃសុក្រ ថា ស្ថាប័នប្រពន្ធផ្សព្វផ្សាយមួយនេះបាន “អនុវត្តតាមសំណើទាំងអស់” ដែលខ្លួនទទួលបានពីរដ្ឋាភិបាលចាប់តាំងពីមន្ត្រីរដ្ឋាភិបាលមកទាក់ទងនិយាយអំពីការបង់ពន្ធកាលពីខែតុលាឆ្នាំមុនមកម្លេ៉ះ។
លោកបានសរសេរក្នុងអីុម៉េលមួយកាលពីថ្ងៃសុក្រថា “ការចាត់វិធានការឯកតោភាគីភ្លាមៗរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងសប្តាហ៍ នេះមិនឆ្លុះបញ្ចាំងពីការសហការរបស់យើងនៅក្នុងដំណើរការដែលផ្តល់មកឱ្យយើងនោះទេ ហើយវាមានទម្រង់ធ្វើឱ្យមានក្តីព្រួយបារម្ភ និងបំភិតបំភ័យកាន់តែខ្លាំងឡើងមកលើវិទ្យុអាស៊ីសេរី និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្សេងៗទៀត”។
សមភាគីរបស់លោកនៅវិទ្យុសម្លេងសហរដ្ឋអាមេរិកគឺលោក George Mackenzie បានលើកឡើងថា ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយនេះទទួលបាន “ព័ត៌មានខុសៗគ្នាដែលផ្តល់មកឱ្យយើងដោយទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗ ប៉ុន្តែ បានលើកឡើងថា បញ្ហានេះមិនមានឥទ្ធិពលលើការផ្សព្វផ្សាយសំឡេងរបស់ខ្លួននៅកម្ពុជាឡើយ។
ស្របពេលដំណាលគ្នានេះ លោក Douglas Steele បានលើកឡើងថា លោក អូន ភាព អ្នកយកព័ត៌មានខ្មែរ និងលោក Zsombor Peter ការីនិពន្ធជនជាតិកាណាដា នឹងបង្ហាញខ្លួនសម្រាប់ការសាកសួរនៅថ្ងៃអង្គារ ទាក់ទិនការចោទប្រកាន់ដាច់ដោយឡែកពាក់ព័ន្ធនឹងបទញុះញង់ និងរំលោភបំពានសិទ្ធិអ្នកបោះឆ្នោត បន្ទាប់ពីអ្នកទាំងពីរបានសួរសំណួរអ្នកភូមិនៅខេត្តរតនគិរីអំពីការបោះឆ្នោតក្នុងឆ្នាំ២០១២។
ហើយនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ គេហទំព័រ Fresh News បានបន្តចុះផ្សាយអត្ថបទ និងបង្ហាញវីដេអូមួយដោយចោទប្រកាន់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ជាអង្គការលើកកម្ពស់ប្រជាធិបតេយ្យទទួលបានមូល និធិពីអាមេរិកថា បានសមគំនិតជាមួយគណបក្សប្រឆាំងដើម្បីផ្តួលរំលំរដ្ឋាភិបាល ដោយមានជំនួយពីអង្គការសិទ្ធិមនុស្ស វិទ្យុអាស៊ីសេរី វិទ្យុសម្លេងសហរដ្ឋអាមេរិក កាសែត ខេមបូឌា ដេលី និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត។ លោក គង់ វិបុល ក៏បានប្រាប់គេហទំព័រនេះថា NDI មិនបានចុះបញ្ជីជាមួួយនឹងអគ្គនាយកដ្ឋានរបស់លោកដែរ។
ប៉ុន្តែ លោក ខឹម សាម៉េត មន្ត្រីពន្ធដារនៅអគ្គនាយដ្ឋាននេះបានលើកឡើងកាលពីម្សិលមិញថា មន្ត្រីមិនអាចចុះបញ្ជី NDI ឱ្យបង់បំណុលពន្ធបានទេ លុះត្រាតែមានការយល់ព្រមពីក្រសួងការបរទេសសិន។
លោក Jonh Cavanaugh នាយកប្រចាំប្រទេសនៃ NDI បានលើកឡើងថា NDI បានដាក់ពាក្យសុំទៅ ក្រសួងនេះកាលពីខែកញ្ញាឆ្នាំមុន ហើយមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
មន្ត្រីក្រសួងមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ ឡេង ឡែន)