34 C
Phnom Penh

កំណែទម្រង់​​​ការ​​​ប្រឡង​​​ទុតិយ​​​ភូមិ​​​ធ្វើ​​​ឱ្យ​​​គ្រួសា​​រ​​​ក្រីក្រ​​​ភាគ​​​ច្រើន​​​​​​នៅ​​​តាម​​​ជន​​​បទ​​​កាន់​​​តែ​​​យ៉ាប់​​​យឺន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុកសំរោងទង/ខេត្តកំពង់ស្ពឺ-សាររបស់ក្រសួងអប់រំ យុវជន និងកីឡាចាប់តាំងពីមានការធ្វើកំណែទម្រង់ការប្រឡងទុតិយភូមិទូទាំងប្រទេស៤ឆ្នាំកន្លងមកនេះសម្រាប់សិស្សានុសិស្សបញ្ចប់វិទ្យាល័យបញ្ជាក់យ៉ាងច្បាស់ថា គុណភាពនៃការសិក្សានឹងជួយឱ្យប្រឡងជាប់ មិនមែនប្រាក់នោះទេ។

មុនការប្រឡងនៅឆ្នាំនេះចាប់ផ្តើម កាលពីព្រឹកម្សិលមិញលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំបានមានប្រសាសន៍ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ថា “ហេតុដូច្នេះសម្រាប់ សិស្សានុសិស្សដែលខិតខំរៀនសូត្រ ពួកគាត់នឹងទទួលបានលទ្ធផលល្អនៅឆ្នាំនេះ”។

ប៉ុន្តែ វាមិនងាយស្រួលដូចអ្វីដែលលោកបានលើកឡើងនោះឡើយ។

សម្រាប់សិស្សានុសិស្សជាច្រើននៅតំបន់ជនបទក្នុងខេត្តកំពង់ស្ពឺ ការធ្វើកំណែទម្រង់ហាក់ដូចជាធ្វើឱ្យមានការចំណាយខ្ពស់ ដោយធ្វើឱ្យគ្រួសារជាច្រើនធ្លាក់ក្នុងស្ថានភាពក្រីក្រខ្លាំង។

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបើកកញ្ចប់វិញ្ញាសានៃការប្រឡងបាក់ឌុបឆ្នាំនេះ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបើកកញ្ចប់វិញ្ញាសានៃការប្រឡងបាក់ឌុបឆ្នាំនេះ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក អ៊ុច វន ជាកសិករអាយុ៥០ឆ្នាំដែលរង់ចាំកូនស្រីអាយុ២១ឆ្នាំ បញ្ចប់ការប្រឡងនៅថ្ងៃទី១យ៉ាងអន្ទះសានៅខាងក្រៅវិទ្យាល័យ ហ៊ុន សែន ចំបក់ ក្នុងឃុំវល្លិ៍សស្រុកសំរោងទងបាននិយាយថា “កូនស្រីខ្ញុំប្រាប់ខ្ញុំថា ម៉ោងរដ្ឋគ្រូអត់យកចិត្តទុកដាក់ដិតដល់ទេ”។

ដើម្បីទទួលបានចំណេះដឹង និងជំនាញដែលអាចប្រឡងជាប់ នាងនិងសិស្សភាគច្រើនក្នុងចំណោមសិស្សចូលរួមការប្រឡងសរុបចំនួន១០១.៤១០នាក់ បានបង់លុយសម្រាប់រៀនគួរបន្ថែម ព្រោះលោកគ្រូអ្នកគ្រូពន្យល់បានក្បោះក្បាយ និងដាក់ការងារសាលាឱ្យធ្វើបន្ថែមច្រើនជាងនៅក្នុងម៉ោងរដ្ឋ ដែលជូនកាលលោកគ្រូអ្នកគ្រូបានលាក់មិនបង្រៀនមេរៀនសំខាន់ៗ នេះបើយោងតាមការលើកឡើងរបស់សិស្សានុសិស្ស។

លោក អ៊ុច វន បានចំណាយប្រាក់២៥ដុល្លារក្នុងមួយខែដើម្បីឱ្យកូនស្រី របស់គាត់ឈ្មោះ អ៊ុច សុខា បានទៅរៀនគួរបន្ថែមកាល ពីឆ្នាំមុន។ នៅក្នុងខែដែលរកចំណូលបានគ្រាន់បើ ប្រាក់ក្នុងចំនួននេះស្មើនឹង១ភាគ៣នៃចំណូលក្នុងគ្រួសារ ប៉ុន្តែនៅក្នុងខែដែលរកមិនសូវបាន វាស្មើនឹងពាក់កណ្តាលទៅហើយ។គ្រួសារផ្សេងៗទៀតបានរាយការណ៍ ថា បានចំណាយចាប់ពី៥០ដុល្លារដល់១៥០ដុល្លារក្នុងមួយខែសម្រាប់ឱ្យកូនៗបានទៅរៀនគួរបន្ថែម។

លោក អ៊ុច វន បាននិយាយទៀតថា “វាអត់យុត្តិធម៌សម្រាប់អ្នកក្រ ដែលអត់លុយបង់ម៉ោងគួរ…ក្រសួងគួរណាស់តែបង្កើនគុណភាពម៉ោងរដ្ឋវិញ” កុំគ្រាន់តែលុបបំបាត់អំពើពុករលួយនៅពេលប្រឡងអ៊ីចឹង។

គ្រួសារនៅតាមបណ្តាខេត្តជារឿយៗបង្ខំចិត្តខ្ចីលុយពីមីក្រូហិរញ្ញវត្ថុ យកបង់ថ្លៃរៀនគួដើម្បីធ្វើយ៉ាងណាឱ្យកូនៗរបស់ខ្លួនបានប្រឡងជាប់ នេះបើយោងតាមអ្នកជំនាញមួយរូប។

នៅក្នុងឆ្នាំ២០១៤ ក្រសួងអប់រំបានចាត់វិធានលុបបំបាត់ការលួចចម្លង និងការផ្តល់សំណូកដែលកើតមានឡើងយ៉ាងរាលដាលនៅក្នុងការប្រឡងប្រចាំឆ្នាំនេះដែលសម្រេចថា តើសិស្សណាខ្លះមានសិទ្ធិចូលរៀនបន្តនៅសាកលវិទ្យាល័យ។

មុនពេលមានវិធានការនោះ សិស្សបាននំាគ្នាប្រមូលលុយឱ្យអនុរក្សដើម្បីឱ្យបិទភ្នែកធ្វើមិនដឹងមិនឮ ការប្រឡងជាការលក់ដូរហើយឪពុកម្តាយបានខិតខំជួយកូនៗនៅក្នុងការយកព្រីយ៉ុងចូលក្នុងបន្ទប់ប្រឡងដើម្បីធ្វើយ៉ាងណាឱ្យបានប្រឡងជាប់។ដោយក្រសួងបានប្តេជ្ញាបញ្ចប់សកម្មភាពទាំងនេះ ហើយគំរាមថា នឹងមានការចោទប្រកាន់តាមផ្លូវច្បាប់លើអ្នកដែលបំពានច្បាប់នោះ សិស្សានុសិស្សភាគច្រើនខិតខំប្រលងតាមសមត្ថភាពរបស់ខ្លួន។

សិស្សកំពុងត្រូវបានឆែកស្បែកជើងមុនចូលប្រឡងបាក់ឌុបឆ្នាំនេះ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

បើមិនមានការធ្វើតាម មន្ត្រីស្ម័គ្រចិត្តមកពីអង្គភាពប្រឆាំងអំពើពុករលួយមកប្រចាំការដើម្បីតាមដានទាំងសិស្ស និងអនុរក្សហើយវិធានការតឹងរ៉ឹងត្រូវបានអនុវត្តមុនពេលសិស្សានុសិស្សចូលដល់ក្នុងបន្ទប់ប្រឡងទៅទៀត។

សិស្សានុសិស្សដែលបានទៅដល់សាលាព្រះស៊ីសុវត្ថិកាលពីព្រឹកម្សិលមិញ សុទ្ធតែត្រូវបានឆែកកាបូបដាក់ប៊ិច និងស្បែកជើងរកព្រីយ៉ុង។

បន្ទាប់ពីមានការធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅនៅឆ្នាំទី១អត្រាប្រឡងជាប់បានធ្លាក់ចុះពី៨០ភាគរយមកនៅត្រឹម២៨ភាគរយ។ វាបានឡើងដល់៤១ភាគរយ ហើយបន្តកើនឡើងបន្តិចៗជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំមុនអត្រាសិស្សប្រឡងជាប់មានចំនួន៦២ភាគរយ។

ប៉ុន្តែ សម្រាប់លោក អ៊ុច វន និងឪពុកម្តាយផ្សេងទៀតដូចរូបគាត់ដែលខិតខំធ្វើយ៉ាងណាឱ្យកូនៗរបស់ខ្លួនប្រឡងជាប់នោះកំណែទម្រង់នេះ “កាត់ពេកហើយ ធ្វើអ៊ីចឹងអត់ល្អទេ”។

លោកស្រី អ៊ុក ឆៃយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានលើកឡើងថា គ្រួសារតាមជនបទភាគច្រើនដែលគ្មានលទ្ធភាពដោះស្រាយបន្ទុកហិរញ្ញវត្ថុដូចគ្រួសារនៅតំបន់ក្រុង ក៏មានការលំបាកដូចលោក អ៊ុច វន ដែរ។

បន្ទរតាមការលើកឡើងរបស់សិស្សានុសិស្សថា គ្រូបង្រៀនមិនបង្រៀនមេរៀនសំខាន់អំឡុងម៉ោងរដ្ឋ លោកស្រីបានថ្លែងថា “ដើម្បីជួួយទំនុកបម្រុងកូនគាត់បង់ម៉ោងគួរ ឪពុកម្តាយភាគច្រើននៅជនបទត្រូវខ្ចីលុយមីក្រូហិរញ្ញវត្ថុដើម្បីឱ្យយ៉ាងណាធ្វើយ៉ាងម៉េចឱ្យកូនប្រឡងជាប់”។

លោកស្រី អ៊ុក ឆៃយ៉ាវី បានបន្ថែមថា “ប៉ុន្តែ យើងមិនដឹងថា កូនពួកគាត់ប្រឡងជាប់ ឬអត់ទេ”។ លោកស្រីបានបន្តទៀតថា “នេះជាបន្ទុកជាន់គ្នាសម្រាប់គ្រួសារក្រីក្រដែលអត់មានលទ្ធភាព សូម្បីតែរកបាយហូបឱ្យបានគ្រប់គ្រាន់ក៏មិនបានផង”។

ចំណាយពេលខិតខំរៀនសូត្រតែមួយមុខគឺមិនអាចទៅរួចទេ សម្រាប់កូនៗនៅក្នុងគ្រួសារមួយចំនួន។

អ្នកស្រី ឱក យឹម អាយុ៤២ឆ្នាំបានមានប្រសាសន៍អំឡុងពេលទទួលទានគុយទាវនៅតូបលក់តាមចិញ្ចើមផ្លូវមួយកន្លែងទល់មុខសាលាបឋមសិក្សាវល្លិ៍ស ក្នុងឃុំវល្លិ៍ស អំឡុងពេលកូនគាត់កំពុងប្រឡងថា “ខ្ញុំចង់ឱ្យកូនខ្ញុំនៅសាលាខំរៀន ហើយយកចិត្តទុកដាក់លើការប្រឡងតែមួយមុខបានហើយ តែកូនខ្ញុំចង់ជួយដោះបន្ទុក អ៊ីចឹងកូនខ្ញុំក៏ទៅធ្វើការនៅរោងចក្រ”។

កញ្ញា អុិត រក្សា អាយុ២២ឆ្នាំ បានប្រឡងធ្លាក់កាលពីឆ្នាំមុនដោយសារតែកញ្ញាគ្មានលទ្ធភាពរៀនគួរបន្ថែម។ ពេលនេះកញ្ញាយកសម្ភារសិក្សាទៅតាមខ្លួនដល់រោងចក្រ ហើយកញ្ញារំឭកមេរៀននៅទីនោះ អំឡុងម៉ោងសម្រាកពីការងារ។

អ្នកស្រី ឱក យឹម ចង់ឱ្យកូនស្រីរបស់អ្នកស្រីប្រឡងជាប់បាក់ឌុបដើម្បីគេចផុតពីភាពក្រីក្រ។ អ្នកស្រីនិយាយថា “ប៉ុន្តែ ខ្ញុំមិនដឹងសង្ឃឹមថាកូនជាប់ប៉ុណ្ណាទេ ព្រោះមិនដែលមានពេលរៀនផងហ្នឹង” កុំថាឡើយលុយរៀនគួរ។

ទាំងលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងលោក រស់ សាលីន អ្នកនាំពាក្យក្រសួងនេះមិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមបានទេ។

ប៉ុន្តែយុវសិស្សទូទៅសុទ្ធតែនិយាយថា ប្រសិនបើគ្មានលុយរៀនគួរទេនោះ ពួកគេមានភាពជឿជាក់លើសមត្ថភាពរបស់ខ្លួនតិចតួចណាស់នៅក្នុងការប្រឡង។

កញ្ញា ហ៊ុន ស្រីលក្ខណ៍ អាយុ១៧ឆ្នាំដែលនៅខាងក្រៅវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន្តជាយរាជធានីភ្នំពេញ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យនិយាយថា “បើអត់មានម៉ោងគួរ ខ្ញុំមកប្រឡងមិនកើតទេ ខ្ញុំធ្វើលំហាត់អត់បានទេ”។ កញ្ញានិយាយទៀតថា “មានលំហាត់ធ្វើច្រើននៅក្នុងម៉ោងរដ្ឋ តែគ្រូអត់ដែលដាក់ការងារសាលាឱ្យបានដិតដល់ អញ្ចឹងទាល់តែយើងរៀនគួរថែម”។

យុវសិស្សម្នាក់ទៀតឈ្មោះ អ៊ុក តារា អាយុ១៧ឆ្នាំក៏បានលើកឡើងដូចគ្នាថា “បើអត់រៀនគួរ ពេលប្រឡងអត់សង្ឃឹមទេ”។

ចំណែកនៅកណ្ដាលរាជធានីភ្នំពេញ ក៏មានការលើកឡើងដូចគ្នាដែរ។ ម៉ៅ វរៈ អាយុ១៨ឆ្នាំ ជាបេក្ខជនប្រឡងមកពីវិទ្យាល័យឫស្សីកែវ ដែលបានចំណាយជាង១០០ដុល្លារក្នុងមួយខែសម្រាប់ការៀនគួរបន្ថែមនិយាយថា ”គ្រូក្នុងម៉ោងរដ្ឋមិនសូវយកចិត្តទុកដាក់ ហើយពន្យល់មេរៀនមិនច្បាស់ទេ។

តាមធម្មតា នៅក្នុងម៉ោងគួរខ្ញុំយល់ច្បាស់ជាង”។ សិស្សរូបនេះបានបន្តថា “លទ្ធភាពមានសម្រាប់តែគ្រួសារធូរធារ ប៉ុន្តែគ្មានលទ្ធភាពទេសម្រាប់អ្នកក្រ”។

ប៉ុន្តែយោងតាមអ្នកស្រី សោម សុផល្លី អាយុ៤៧ឆ្នាំ ជាគ្រូបង្រៀននៅបឋមសិក្សាដែលកំពុងពិសាអាហារនៅខាងក្រៅវិទ្យាល័យជម្ពូវ័ន្ត ជាមួយកូនស្រីរបស់គាត់ឈ្មោះ យក់ ឡាង អាយុ១៧ឆ្នាំដែលទើបតែបញ្ចប់ថ្ងៃដំបូងនៃការប្រឡងរបស់ខ្លួននិយាយថា ការរៀនគួរបន្ថែមគឺជាការចាំបាច់ណាស់។

អ្នកស្រីនិយាយបន្តថា “ឆ្នាំប្រឡង អញ្ចឹងទាល់តែខំរៀនឱ្យច្រើន ហើយរៀនគួរដែរ។ ហើយកូនខ្ញុំផ្សេងទៀតក៏រៀនគួរអញ្ចឹងដែរ រាល់មុនពេលប្រឡង”។

នៅខែក្រោយ ជាពេលដែលលទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី១២ និងទី១៣ ខែកញ្ញា យុវសិស្ស និងក្រុមគ្រួសាររបស់ពួកគេនឹងដឹងថាតើការចំណាយប្រាក់ ពេលវេលា និងការខិតខំប្រឹងប្រែងកន្លងមកទទួលបានលទ្ធផលល្អ ឬក៏អត់៕ ស៊ុយឈាង និង សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស