40.6 C
Phnom Penh

អភិបាល​​​ខេត្ត​​​កំពង់ឆ្នាំ​​​ងរារាំង​​​បក្ស​​​សង្គ្រោះជាតិ​​​មិន​​​ឱ្យ​​​ធ្វើសិក្ខា​​​សាលា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សសង្គ្រោះជាតិបានបង្ខំចិត្តធ្វើសិក្ខាសាលាក្នុងទ្រង់ទ្រាយតូចសម្រាប់មន្ត្រីជាប់ឆ្នោតរបស់ខ្លួននាពេលខាងមុខដែលដឹកនាំដោយលោក កឹម សុខា ប្រធានគណបក្សនៅទីស្នាក់ការរបស់ខ្លួនក្នុងខេត្តកំពង់ឆ្នាំងកាលពីម្សិលមិញ បន្ទាប់ពីអាជ្ញាធរខេត្តមិនអនុញ្ញាតឱ្យធ្វើការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំនោះ។

ក្នុងការតវ៉ាកាលពីពេលថ្មីៗពីសំណាក់មន្ត្រីគណបក្សសង្គ្រោះជាតិថា ពួកគាត់ត្រូវបានរារាំងដោយអាជ្ញាធរ និងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចចាប់តាំងពីការបោះឆ្នោត ឃុំ សង្កាត់កាលពីខែមិថុនា ដែលអាសនៈឃុំ សង្កាត់ជាង៥០០បានធ្លាក់ទៅលើគណបក្សប្រឆាំងមក គណបក្សសង្គ្រោះជាតិអះអាងថា ពួកគាត់មិនត្រូវបានអនុញ្ញាតឱ្យរៀបចំកម្មវិធីនៅសណ្ឋាគារក្នុងមូលដ្ឋានឡើយ។

លោក ដួង ចន្ត្រា អនុប្រធានគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សក្នុងខេត្តនេះបានមានប្រសាសន៍ថា លោកបានផ្ញើលិខិតមួយច្បាប់ទៅអាជ្ញាធរខេត្តកាលពីថ្ងៃទី១៦ខែសីហា ដើម្បីជូនដំណឹងពួកគេពីសិក្ខាសាលាដែលគណបក្សសង្គ្រោះជាតិគ្រោងធ្វើដើម្បីបណ្តុះបណ្តាលដល់មន្ត្រីជាប់ឆ្នោតថ្មីអំពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់។

ពីរថ្ងៃក្រោយមក លោកទទួលបានការឆ្លើយតបពីលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងដែលលើកឡើងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមិនអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិធ្វើសិក្ខាសាលានេះទេ រហូតមានការឯកភាពពីក្រសួងមហាផ្ទៃ។

ពួកគាត់បានបង្ខំចិត្តធ្វើសិក្ខាសាលាក្នុងទ្រង់ទ្រាយតូចដោយធ្វើនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងឃុំរលាប្អៀរ ហើយកាត់បន្ថយចំនួនអ្នកចូលរួមពី២០០នាក់មក១០០នាក់។

ទោះជាយ៉ាងណា យោងតាមលោក ដួង ចន្ត្រា បានឱ្យដឹងថា គណបក្សត្រូវបានតម្រូវឱ្យជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានពីគោលបំណងរបស់ខ្លួនក្នុងការរៀបចំសិក្ខាសាលានេះប៉ុណ្ណោះ ហើយមិនចាំបាច់សុំការអនុញ្ញាតពីក្រសួងទេ។

លោក ដួង ចន្ត្រា បានមានប្រសាសន៍ថា “ហេតុផលដែលទាល់តែមានការអនុញ្ញាតពីក្រសួងមហាផ្ទៃនោះ គឺមិនអាចទទួលយកបានទេ ព្រោះវាផ្ទុយនឹងច្បាប់ដែលក្រសួងមហាផ្ទៃបានបង្កើត ដែលចែងថា គណបក្សទាំងអស់ក្រោយពីទទួលស្គាល់ដោយក្រសួងមហាផ្ទៃហើយ មានសិទ្ធិជួបជុំគ្នា និងមានសិទ្ធិផ្សព្វផ្សាយ”។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ លោក ដួង ចន្ត្រា បានមានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលាគឺបណ្តុះបណ្តាលដល់មន្ត្រីថ្មីដើម្បីឱ្យពួកគេមានសមត្ថភាពធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាព។

លោកបានបន្ថែមថា “ពួកគាត់ថ្មី ហើយទើបតែចូលកាន់តំណែង មិនទាន់យល់ពីច្បាប់នេះ”។ លោកបន្តថា “យើងពង្រឹងពីចំណេះដឹងច្បាប់ដល់ពួកគាត់ដើម្បីជាប្រយោជន៍ និងបម្រើប្រជាពលរដ្ឋ”។

លោក ដួង ចន្ត្រា បានបន្ថែមទៀតថា គណបក្សសង្គ្រោះជាតិមានមេឃុំ ចៅសង្កាត់ចំនួនប្រាំបី ជំទប់ទី១ចំនួនប្រាំបី ជំទប់ទី២ចំនួន៦២ និងសមាជិកក្រុមប្រឹក្សាចំនួន៩២នាក់ទូទាំងឃុំ សង្កាត់ចំនួន៧០ក្នុងខេត្តកំពង់ឆ្នាំង។

កាលពីម្សិលមិញ លោកអភិបាលខេត្ត ឈួរ ច័ន្ទឌឿន បានបញ្ជាក់ឡើងវិញពីការអះអាងរបស់លោកកាលពីដំបូងថា បក្សសង្គ្រោះជាតិត្រូវសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃក្នុងការរៀបចំពិធីផ្សេងៗ ហើយថា ការរៀបចំទាំងអស់ត្រូវអនុវត្តតាមវិធានដូចគ្នានេះ។

កាលពីដើមខែនេះ លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សកាន់អំណាចដែលតែងតាំងអភិបាលខេត្ត និងគ្រប់គ្រងអាជ្ញាធរខេត្តទាំងអស់ គឺក្នុងគោលបំណងបង្កការលំបាកសម្រាប់មន្ត្រីគណបក្សប្រឆាំងក្នុងការធ្វើការងារក្នុងឃុំ សង្កាត់ ជាការប្រឹងប្រែងដើម្បីរារាំងឱកាសរបស់គណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។

លោក ឈួរ ច័ន្ទឌឿន បានបដិសេធការដែលថា គណបក្សសង្គ្រោះជាតិត្រូវបានរារាំងគ្រប់មធ្យោបាយ ដោយលើកឡើងថា “ឱ្យតែគោរពច្បាប់ទៅ គ្មានការរឹតត្បិតទេ”។

លោកបានបន្ថែមថា កិច្ចប្រជុំណាមួយនៅទីស្នាក់ការគណបក្សត្រូវបានអនុញ្ញាត ឱ្យតែមានការជូនដំណឹង ប៉ុន្តែសិក្ខាសាលាណាមួយដែលធ្វើក្នុងទីសាធារណៈ ចាំបាច់ត្រូវមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ។

លោកបានបន្ថែមថា ប្រសិនបើពួកគេព្យាយាមធ្វើការជួបជុំគ្នាដោយគ្មានការយល់ព្រមពីក្រសួងនោះ វាជាការរំលោភបំពានច្បាប់ តែលោកបដិសេធមិននិយាយថាតើនឹងមានការចាត់វិធានការអ្វីចំពោះការរំលោភបំពាននោះឡើយ។

លោកបានមានប្រសាសន៍ថា “វាជារឿងរបស់ខ្ញុំ។ ខ្ញុំជាអាជ្ញាធរ។ ខ្ញុំគិតយ៉ាងម៉េចនោះ ខ្ញុំនឹងបន្តគិតទៀត”៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស