34 C
Phnom Penh

ការឃ្លាំមើល​ត្រួតគ្នាពីរជាន់​លើ​​​ការប្រលងបាក់ឌុប​មាន​​​ភាពចម្រូងចម្រាស​ ប៉ុន្តែមានប្រសិទ្ធភាព​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាយ ថាលីណា អាយុ១៨ឆ្នាំដែលទើបតែបញ្ចប់ការប្រឡងទុតិយភូមិដែលនឹងសម្រេចថា តើនាងអាចបន្តការសិក្សានៅសាកលវិទ្យាល័យបាន ឬអត់នោះបាននិយាយថា “តឹងណាស់”។ នាងបាននិយាយបន្តថា “ងាកកតែបន្តិចក៏មិនបានដែរ បើមិនដូច្នោះទេអនុរក្សនឹងដើរមកស្រែកឱ្យតែម្តង”។

វិធានការដ៏តឹងរឹុងបែបនេះមិនមែនអនុវត្តតែលើមណ្ឌលដែលនាងបានប្រឡងនោះទេ។

ចាប់តាំងពីមានការធ្វើកំណែទម្រង់កាលពីឆ្នាំ២០១៤លើការប្រឡងទុតិយភូមិនៅទូទាំងប្រទេសដែលធ្លាប់តែពោរពេញដោយ ការលួចចម្លង និងការសូកប៉ាន់នោះ ការប្រឡងរយៈពេល២ថ្ងៃេនះត្រូវបានឃ្លាំមើលយ៉ាងតឹងរឹុង។ សិស្សានុសិស្សចំនួន៩៩.៧៦៣នាក់ ដែលបានចូលរួមការប្រឡងដែលបញ្ចប់កាលពីម្សិលមិញ សុទ្ធតែត្រូវបានឃ្លាំមើលដោយអនុរក្សដែលមានអ្នកអង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU)ឃ្លាំមើលពីលើមូុយជាន់ទៀត។

WP-LastImage-48-800x533ការព្យាយាមប៉ុនប៉ងលួចចម្លងមានតិចតួចនៅក្នុងឆ្នាំនេះ។ យោងតាមក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា មានសិស្សម្នាក់ចាប់បានពេលលួចចម្លងតាមព្រីយ៉ុង ហើយមានសិស្ស៦នាក់ត្រូវបានដកហូតទូរស័ព្ទដៃបើធៀបទៅនឹងឆ្នាំដំបូងនៃការធ្វើកំណែទម្រង់ដែលចាប់បានសិស្ស២០នាក់ពេលលួចចម្លងព្រីយ៉ុង ឬបន្លំមកប្រឡងជំនួស។

លោកស្រី Luise Ahrens អ្នកគ្រប់គ្រងកម្មវិធីអប់រំរបស់អង្គការ Maryknoll នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានមានប្រសាសន៍ថា ការឃ្លាំមើលត្រួតគ្នាពីរជាន់នេះ”ប្រហែលជាត្រូវការជាចាំបាច់ ចាប់ពីពេលនេះទៅ”។ លោកស្រីបានបន្តថា “ការលួចចម្លងពេលប្រឡងមិនមែនមកពីសិស្សតែមួយមុខនោះទេ ប៉ុន្តែ ក៏មកពីនាយកសាលា លោកគ្រូអ្នកគ្រូ និងអនុរក្សដែលទទួលបានផលប្រយោជន៍ផងដែរ”។

មុនពេលធ្វើកំណែទម្រង់ ការលួចចម្លងកើតឡើងយ៉ាងរាលដាល។ សិស្សានុសិស្សបានប្រមូលលុយគ្នាយកទៅឱ្យអនុរក្សដើម្បីឱ្យបិទភ្នែកធ្វើមិនដឹងមិនឮ ពេលពួកគេលួចចម្លងតាមព្រីយ៉ុងដែលឪពុកម្តាយរបស់ពួកគេទិញនិងយកមកឱ្យតាមបង្អួចបន្ទប់ប្រឡង។

ពេលអង្គភាពប្រឆាំងពុកលួយបញ្ជូនអ្នកអង្កេតការណ៍មកឃ្លាំមើលអមដោយការគំរាមចាត់វិធានការតាមផ្លូវច្បាប់ អត្រាប្រឡង បានធ្លាក់ចុះពី៨០ភាគរយ។ អត្រាប្រឡងជាប់នេះបានកើនឡើងដល់៦២ភាគរយវិញនៅឆ្នាំមុន។

លោកស្រី Luise Ahrens បានលើកឡើងទៀតថា លោកគ្រូអ្នកគ្រូដែលមកធ្វើអនុរក្ស”មិនពេញចិត្តនឹងវត្តមានរបស់ [ACU] ទេ ព្រោះពេលប្រឡងជាពេលដែលពួកគាត់តែងតែរកបានចំណូលយ៉ាងច្រើន”។ លោកស្រីបានបន្ថែមថា ដោយសារលោកគ្រូអ្នកគ្រូ”នៅតែមិនទាន់ទទួលបានប្រាក់ខែដែលអាចរស់បាន…ការត្រួតពិនិត្យមួយចំនួនលើប្រព័ន្ធនេះមានសារៈសំខាន់ណាស់”។

ពេលដើរចូលបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមការប្រឡងរយៈពេល២ថ្ងៃកន្លងមកនេះ សាយ ថាលីណា និងសិស្សានុសិស្សផ្សេងៗទៀតត្រូវដោះស្បែកជើងចេញឱ្យអង្គភាពប្រឆាំងអំពើពុករលួយឆែកឆេររកព្រីយ៉ុង។

អំឡុងការប្រឡងរយៈពេល២ថ្ងៃពេញនេះ អនុរក្សពីរនាក់ដើរមើលសិស្សពេញបន្ទប់ដោយកែវភ្នែករំពៃលើសិស្សនីមួយៗ។ នៅខាងក្រៅបន្ទប់ប្រឡងមានកែវភ្នែកពីរគូបន្ថែមទៀតរំពៃចូលមកខាងក្នុង។

សំដៅដល់អ្នកស្ម័គ្រចិត្តមកពី ACU ចំនួន៤.៦៨៧នាក់ដែលបញ្ជូនមកឃ្លាំមើលនៅខាងក្រៅបន្ទប់ប្រឡងទូទាំងប្រទេស នាងបាននិយាយថា “អ្នកអង្កេតការណ៍ ACU ឈរឃ្លាំមើលតាមបង្អួចនីមួយៗ ហើយសម្លឹងមកកាន់សិស្សគ្រប់រូបគ្រប់វិនាទី”។ នាងបាននិយាយបន្តថា “មានសម្ភាធខ្លាំងណាស់”។

ង៉ូវ ជីហួរ អាយុ១៩ឆ្នាំជានិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានស្ម័គ្រចិត្តធ្វើជាអ្នកអង្កេតការណ៍ ACU នៅក្នុងខេត្តបាត់ដំបង។ និស្សិតរូបនេះបានឃើញថា មានទំនាក់ទំនងមិនសូវជារលូនទេរវាងអនុរក្ស និងអ្នកអង្កេតការណ៍ ACU ។

អ្នកស្ម័គ្រចិត្តរូបនេះបាននិយាយថា “ពួកគាត់ [អនុរក្ស] មានអារម្មណ៍មិនសូវស្រួលទេ”។ និស្សិតរូបេនះបានបន្តថា “ពេលអនុរក្សចង់ធ្វើអ្វីមួយដូចជាពេលបេក្ខជនចង់ទៅ បន្ទប់ទឹកជាដើមគឺត្រូវសុំការអនុញ្ញាតសិន ហេតុដូច្នេះវាលំបាកណាស់សម្រាប់ពួកគាត់ក្នុងការគ្រប់គ្រងការប្រឡង”។

ង៉ូវ ជីហួរ បានលើកឡើងទៀតថា សិស្សានុសិស្សមើលទៅក៏ហាក់បីដូចជាមានការភិតភ័យផងដែរ។ ប៉ុន្តែ សិស្សមួយចំនួនបានស្វាគមន៍ចំពោះការឃ្លាំមើលដ៏តឹងរឹុងនេះ។

ពេជ្រ ស្រីរ័ត្ន អាយុ១៨ឆ្នាំបាននិយាយថា “វាល្អ ព្រោះវាទប់ស្កាត់សិស្សកុំឱ្យលួចចម្លង និងសួរគ្នា។ ប៉ុន្តែបញ្ហានោះនៅតែកើតមានហេតុដូច្នេះហើយទើបអ្នកអង្កេតការណ៍ACU ទៅប្រាប់អនុរក្សឱ្យរឹតបន្តឹងឱ្យបានខ្លាំងបន្ថែមទៀត”។

យោងតាមលោក ឃាង សេង អនុប្រធាន ACU បានឱ្យដឹងថា នៅឆ្នាំបន្ទាប់អង្គភាពនេះនឹងត្រូវបានអញ្ជើញម្តងទៀតឱ្យមកធ្វើជាដៃគូជាមួយក្រសួងអប់រំដើម្បីឃ្លាំមើលការប្រឡង។ មន្ត្រីក្រសួងអប់រំមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

លោកស្រី អ៊ុក ឆៃយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានលើកឡើងថា ការចូលរួមពាក់ព័ន្ធរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការលុបបំបាត់ការសូកប៉ាន់ មើលរំលងឫសគល់នៃបញ្ហា គឺការផ្តល់ប្រាក់ខែទាបដល់លោកគ្រួអ្នកគ្រូ និងបទដ្ឋាន។

លោកស្រីបានថ្លែងបន្ថែមទៀតថា “ប្រសិនបើផ្ទះយើងខ្សោយសូមដោះស្រាយបញ្ហានៅក្នុងផ្ទះខ្លួនសិនទៅ កុំពាក់ព័ន្ធអ្នកជិតខាង”។ លោកស្រីបានបន្តថា “គេមិនអាចជួយអីបានទេ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ ធីម រចនា)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស