28 C
Phnom Penh

ក្រសួង​​​​ព័ត៌មាន​បដិសេធ​ថា ​មិន​បិទ​​​វិទ្យុ​ អាស៊ីសេរី និង វីអូអេ ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យ៉ាងហោចណាស់ស្ថានីយវិទ្យុមួយទៀតបានបិទកាលពីម្សិលមិញ បន្ទាប់ពីត្រូវបានដកហូតអាជ្ញាប័ណ្ណ ខណៈដែលលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបដិសេធចំណាត់ការដែលថា ផ្ដោតគោលដៅលើប្រព័ន្ធផ្សព្វផ្សាយណាដែលផ្សព្វផ្សាយព័ត៌មានវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) ដែលផ្ដល់មូលនិធិដោយសហរដ្ឋអាមេរិក។

នៅសន្និសីទសារព័ត៌មានកាលពីម្សិលមិញ លោក ខៀវ កាញារីទ្ធ បានអះអាងថា ក្រសួងគ្រាន់តែធ្វើការពិនិត្យដែលគួរធ្វើជាយូរមកហើយលើស្ថានីយវិទ្យុតែប៉ុណ្ណោះ ហើយបានបដិសេធការអះអាងរបស់អង្គការសិទ្ធិមនុស្សមួយចំនួនដែលថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យស្ថិតក្រោមការគាបសង្កត់ពីរដ្ឋាភិបាល។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងនៅសន្និសីទសារព័ត៌មានមួយនៅទីស្តីការក្រសួងព័ត៌មានក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ឡេង ឡែន /ឌឹ ខេមបូឌា ដេលី
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងនៅសន្និសីទសារព័ត៌មានមួយនៅទីស្តីការក្រសួងព័ត៌មានក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ឡេង ឡែន /ឌឹ ខេមបូឌា ដេលី

ដោយបដិសេធមិនចេញឈ្មោះ ឬរាប់ចំនួនស្ថានីយដែលជាប់ពាក់ព័ន្ធ លោកមានប្រសាសន៍ថា “ខ្ញុំសូមជម្រាបថា ថ្មីៗនេះក្រសួងបានបិទវិទ្យុមួយចំនួន ពីព្រោះគាត់មិនគោរពកិច្ចសន្យា”។ លោកបានបន្ថែមថា “ប៉ុន្តែវាមិនមែនជារឿងដែលថា មកពីពួកគេផ្សព្វផ្សាយព័ត៌មានអាស៊ីសេរី និងវីអូអេទេ [ប៉ុន្តែ] ពីព្រោះនៅក្នុងកុងត្រា ម្ចាស់ស្ថានីយផ្សាយ ម៉ោងផ្សាយណាមួយ ពួកគេត្រូវសុំការអនុញ្ញាតពីក្រសួង ហើយស្ថានីយខ្លះអត់គោរពតាម”។

ក្រសួងបានបញ្ជាឱ្យបិទវិទ្យុកំពង់ចាម FM ៩៩.៧ កាលពីម្សិលមិញ មួយថ្ងៃក្រោយពីមានចំណាត់ការស្រដៀងគ្នានេះលើវិទ្យុមហានគរ។ ស្ថានីយវិទ្យុទាំងពីរនេះ មានកម្មវិធីផ្សាយរបស់វិទ្យុ VOA និង RFA ព្រមទាំង CNRP ផងដែរ ហើយម្ចាស់ស្ថានីយវិទ្យុទាំងនេះមានទំនាក់ទំនងទៅនឹងគណបក្សប្រឆាំង។

សំឡេងប្រជាធិបតេយ្យឯករាជ្យក៏បានបង្ខំចិត្តបិទការផ្សាយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធផងដែរ ប៉ុន្តែនៅមានការផ្សព្វផ្សាយនៅស្ថានីយតាមបណ្ដាខេត្ត “នៅពេលនេះ”នេះបើតាមការលើកឡើងរបស់លោក ប៉ា ងួនទៀង ម្ចាស់ស្ថានីយវិទ្យុនេះ។

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា វិទ្យុ VOA និង RFA ត្រូវចេញការកែតម្រូវលើអ្វីដែលលោកលើកឡើងថាជាការយល់ខុសរបស់ពួកគេដែលថាជារឿងនយោបាយ។

លោកបានមានប្រសាន៍ថា “សូមអាស៊ីសេរី វីអូអេ ធ្វើការកែតម្រូវ និងចៀសវាងការបកស្រាយថា ជារឿងនយោបាយ”។ លោកបានបន្ថែមថា “ខ្ញុំរង់ចាំមើលការឆ្លើយតប និងជំហរ ដូច្នេះ ខ្ញុំអាចសម្រេចថា បើក ឬបិទការិយាល័យរបស់ពួកគាត់”។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានចោទប្រកាន់វិទ្យុវីអូអេ និងអាស៊ីសេរីថាមានចេតនាគេចវេះពីកាតព្វកិច្ចបង់ពន្ធផងដែរ បន្ទាប់ពីតម្រូវឱ្យកាសែត ខេមបូឌា ដេលី សងបំណុលដែលជំពាក់បំណុលពន្ធដែលជំពាក់ចំនួន៦,៣លានដុល្លារ  ដោយគំរាមបិទកាសែតនេះនៅថ្ងៃទី៤ ខែកញ្ញា។

លោក Rohit Mahajan អ្នកនាំពាក្យវិទ្យុអាស៊ីសេរីបានមានប្រសាសន៍ថា ការិយាល័យវិទ្យុនេះបានសហការជាមួយអាជ្ញាធរអំពីបញ្ហាពន្ធនេះ ហើយកំពុងធ្វើការចុះបញ្ជីជាមួយក្រសួងនេះ។ អ្នកនាំពាក្យវិទ្យុវីអូអេ បានបដិសេធមិនឆ្លើយបំភ្លឺភ្លាមៗទេ។

លោក ហៃ មករា អ្នកគ្រប់គ្រងវិទ្យុកំពង់ចាមបានមានប្រសាសន៍ថា លោកបានដាក់ជូនឯកសារដែលបានតម្រូវប៉ុន្មានខែមកហើយ ដើម្បីជូនដំណឹងដល់ក្រសួងពីការផ្សព្វផ្សាយខ្លឹមសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី វីអូអេ វីអូឌី និង CNRP ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ។

លោកបានថ្លែងថា “យើងដាក់លិខិតទៅក្រសួង ហើយសុំការអនុញ្ញាត ហើយខ្ញុំដឹងថា ពេលសុំការអនុញ្ញាត ពួកគេអត់អនុញ្ញាតទេ”។ លោកបានបន្ថែមថា “ឥឡូវខ្ញុំត្រូវដោះស្រាយរឿងម្ចាស់ឧបត្ថម្ភ និងបើកលុយបុគ្គលិក”។

លោក ខៀវ កាញារីទ្ធ ក៏បានផ្តោតលើបញ្ហាពន្ធរបស់កាសែត ខេមបូឌា ដេលី ផងដែរ ដោយអះអាងថា គឺកាសែតបរទេសដែលមិនប្រាប់អត្តសញ្ញាណឱ្យដឹងផ្សេងទៀតដែលបានជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការលើកាសែត ខេមបូឌា ដេលី ចំពោះការមិនបង់ពន្ធ។

លោក ដាក្លាស ស្ទៀល (Douglas Steele) អ្នកគ្រប់គ្រងទូទៅនៃកាសែត ខេមបូឌា ដេលី បានមានប្រសាសន៍ថា កាសែតនឹងជួបជាមួយអគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីរឿងនេះ ដែលលោកហៅថាជា “ការប៉ុនប៉ងរឹបអូសទ្រព្យសម្បត្តិរបស់វិនិយោគិនបរទេស ដោយយកលេសថាជាបញ្ហាពន្ធ”។

លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានលើកឡើងពីករណីនេះជាមួយនឹងការបង្ក្រាបទូទៅលើសង្គមស៊ីវិល រួមមានការបណ្ដេញចេញពីសំណាក់រដ្ឋាភិបាលនូវវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ជាអង្គការមិនមែនរដ្ឋាភិបាលដែលផ្ដល់មូលនិធិដោយអាមេរិក នៅសន្និសីទសារព័ត៌មាននៅរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី កាលពីព្រឹកម្សិលមិញម៉ោងនៅកម្ពុជា។

លោកស្រីថ្លែងថា “យើងជំរុញឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យ NDI កាសែត ខេមបូឌា ដេលី និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនទៀត និងអង្គការសង្គមស៊ីវិលបន្តសកម្មភាពដ៏សំខាន់របស់ខ្លួន”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស