38 C
Phnom Penh

កំហឹងកើន​ឡើង​​កាន់​តែ​ខ្លាំង​ នៅ​ពេល​ក្រសួងព័ត៌មាន​​បិទ​​ស្ថានីយ​វិទ្យុ​យ៉ាង​តិច​ចំនួន​១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ផលិតករ និងអ្នកគ្រប់គ្រងវិទ្យុឯករាជ្យ ព្រមទាំងប្រិយមិត្តអ្នកស្ដាប់និយាយថា ពួកគេខឹង ហើយស្រឡាំងកាំង បន្ទាប់ពីការបង្ក្រាបរបស់ក្រសួងព័ត៌មានទៅលើស្ថានីយវិទ្យុយ៉ាងតិចចំនួន១៩កាលពីសប្ដាហ៍មុន បានកាត់ផ្ដាច់កម្មវិធីផ្សាយទៅដល់ប្រិយមិត្តអ្នកស្ដាប់រាប់លាននាក់។

កាលពីសប្ដាហ៍មុន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបដិសេធថាមិនមានហេតុផលនយោបាយណាមួយឡើយនៅក្នុងការបិទវិទ្យុទាំងនេះ ដោយលោកអះអាងថា វិទ្យុទាំងនេះបានរំលោភកិច្ចសន្យារបស់ខ្លួនជាមួយរដ្ឋាភិបាលតាមរយៈការលក់កម្មវិធីផ្សាយឱ្យទៅស្ថាប័នផ្សេងទៀតដូចជា  វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ព្រមទាំងវិទ្យុទទួលបានមូលនិធិពីសហរដ្ឋអាមេរិក ដូចជា វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) ជាដើម។

ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីហាក់លើកឡើងផ្ទុយពីនេះកាលពីម្សិលមិញ ដោយលោកចាត់ទុកលោក ប៉ា ងួនទៀង នាយកវិទ្យុ VOD ថាជា “ភ្នាក់ងារបរទេស” សម្រាប់ទទួលជំនួយបរទេស និងចូលរួមជាមួយ “បន្ទប់ស្ថានការណ៍” ជាក្រុមឃ្លាំមើលការបោះឆ្នោតពិសេស។

យោងតាមគេហទំព័ររបស់ក្រសួងព័ត៌មានបង្ហាញថា ក្រសួងនេះបានចេញលិខិតផ្ញើទៅម្ចាស់ស្ថានីយវិទ្យុចំនួន៨កាលពីថ្ងៃច័ន្ទ បញ្ជាឱ្យបិទស្ថានីយរបស់ពួកគេសរុបចំនួន១៦ជាបន្ទាន់ដោយសារការរំលោភកិច្ចសន្យា ពោលគឺកើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីកាសែត ខេមបូឌា ដេលី ត្រូវបានរដ្ឋបញ្ជាឱ្យបង់ពន្ធរហូតដល់ទៅ៦,៣លានដុល្លារ ដែលបណ្ណាធិការនៃកាសែតនេះជំទាស់ថាមិនត្រឹមត្រូវ ហើយចោទប្រកាន់ថានេះជារឿងនយោបាយ។

វិទ្យុ VOD បានលើកឡើងកាលពីថ្ងៃសុក្រថា ស្ថានីយទាំងអស់ដែលផ្សាយកម្មវិធីផ្សាយរបស់ខ្លួនត្រូវបានម្ចាស់ស្ថានីយទាំងនោះបញ្ជាឲ្យបញ្ឈប់ការផ្សាយរបស់ខ្លួនកាលពីសប្ដាហ៍មុន ជាអ្វីដែលលោក ប៉ា ងួនទៀង យល់ថាចំណាត់ការមួយធ្វើឡើងក្នុងបំណងបិទការផ្សាយតាមរលកធាតុអាកាសនៅមុនការបោះឆ្នោតនាឆ្នាំក្រោយ។

ទោះជាយ៉ាងណា សេវាព័ត៌មាន ព្រមទាំងវិទ្យុ VOA និងវិទ្យុ RFA នៅតែអាចចូលទៅស្ដាប់បានតាមបណ្តាញអុីនធឺណិត។

អ្នកគ្រប់គ្រងមកពីស្ថានីយវិទ្យុយ៉ាងតិចចំនួនបីទៀតដែលសុទ្ធតែផ្សាយកម្មវិធីរបស់វិទ្យុ RFA មានដូចជា វិទ្យុគិរីដងរែក នៅខេត្តបន្ទាយមានជ័យ វិទ្យុឃ្លាំងមឿង នៅខេត្តបាត់ដំបង និងវិទ្យុអង្គររដ្ឋា នៅខេត្តសៀមរាប ក៏បានលើកឡើងកាលពីម្សិលមិញដែរថា ពួកគេទទួលបានបញ្ជាឱ្យបិទការផ្សាយកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ប៉ុន្តែពួកគេសុទ្ធតែមិនដឹងច្បាស់ពីមូលហេតុនៅពីក្រោយចំណាត់ការនេះ។

លោក បែន សំនៀង អ្នកគ្រប់គ្រងស្ថានីយនៅវិទ្យុគិរីដងរែក បានលើកឡើងកាលពីម្សិលមិញថា “មេរបស់ខ្ញុំប្រាប់ខ្ញុំថា យើងត្រូវតែបិទ ប៉ុន្តែខ្ញុំមិនដឹងថាហេតុអ្វី ហើយពេលណាយើងនឹងផ្សាយឡើងវិញទេ”។

ទាក់ទិញបញ្ហានេះ  មន្ត្រីក្រសួងរួមទាំងលោក ខៀវ កាញារីទ្ធ ផងមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែលោក ផៃ ស៊ីផាន ដែលតែងតែចោទប្រកាន់វិទ្យុ RFA និងវិទ្យុ VOA ថាញុះញង់ឱ្យមានការប្រឆាំងរដ្ឋាភិបាលពីបរទេស ក៏បានចោទប្រកាន់វិទ្យុ VOD ដូចគ្នានេះដែរកាលពីម្សិលមិញ។

លោក ប៉ា ងួនទៀង ដែលជាប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែរនោះ បានប៉ាន់ស្មានថា វិទ្យុ VOD បានបាត់បងប្រិយមិត្តអ្នកស្ដាប់រហូតដល់ទៅ៧,៧លាននាក់ នៅពេលកម្មវិធីផ្សាយរបស់ខ្លួនត្រូវបានបិទ។ លោកក៏បានច្រានចោលការចោទប្រកាន់របស់លោក ផៃ ស៊ីផាន ដែលលើកឡើងថា លោកជាកូនអុករបស់ម្ចាស់ជំនួយបរទេស ដោយលោកប្រាប់ថា ពួកគេគ្រាន់តែផ្ដល់ជំនួយហិរញ្ញវត្ថុគាំទ្រគំនិតរបស់លោកតែប៉ុណ្ណោះ គឺមិនមែនឲ្យផ្សាយពីគំនិតរបស់ពួកគេនោះទេ។

លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយថា “ខ្ញុំព្រួយបារម្ភសុវត្ថិភាពរបស់ខ្ញុំ ប៉ុន្តែខ្ញុំគិតថា ការងាររបស់ខ្ញុំសំខាន់ជាងសម្រាប់ប្រទេស និងប្រជាជនរបស់ខ្ញុំ”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា វិទ្យុសម្បុកឃ្មុំនៅរាជធានីភ្នំពេញ គឺជាវិទ្យុតែមួយគត់ដែលនៅផ្សាយកម្មវិធីរបស់គណបក្សលោក  ដែលផលិតនៅរាជធានីភ្នំពេញ ដោយបុគ្គលិកចំនួនប្រាំនាក់ បន្ទាប់ពីស្ថានីយចំនួនប្រាំទៀតបានបិទ ឬបដិសេធការផ្សាយកម្មវិធីផ្សាយរបស់ខ្លួន ធ្វើឱ្យបាត់បង់ប្រិយមិត្តអ្នកស្ដាប់រហូតដល់ទៅ១០លាននាក់។

អ្នកនាំពាក្យរូបនេះយល់ឃើញថា ការបិទនេះនឹងធ្វើឱ្យការបោះឆ្នោតនៅឆ្នាំក្រោយ “មិនសេរីត្រឹមត្រូវ និងយុត្តិធម៌ ហើយមិនអាចលាតត្រដាងការពិតក្នុងសង្គម” ។លោកលើកឡើងថា គណបក្សប្រជាជនកម្ពុជា ស្ទើរតែផ្ដាច់មុខទៅហើយលើទូរទស្សន៍ និងវិទ្យុនាពេលបច្ចុប្បន្ន។ លោកថ្លែងថា “វាមិនសេរីទេ នៅពេលគូប្រកួតរបស់ខ្ញុំអាចធ្វើស្អីក៏បាន…ប៉ុន្តែសម្រាប់យើងនៅពេលនេះគឺស្ងាត់ឈឹង”។

អ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) គណៈកម្មាធិការដើម្បីការពារអ្នកកាសែត (Committee to Protect Journalists) និងក្លឹបអ្នកកាសែតបរទេសប្រចាំកម្ពុជា (Overseas Press Club of Cambodia) ក្នុងចំណោមអ្នកផ្សេងទៀតបានចេញសេចក្ដីថ្លែងការណ៍ព្រមានថា បរិយាកាសប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា កាន់តែអាក្រក់ទៅៗ។

លោក ឆែម ឃឿន អ្នកគ្រប់គ្រងស្ថានីយវិទ្យុឃ្លាំងមឿងថ្លែងថា ប្រិយមិត្តអ្នកស្ដាប់បានទូរស័ព្ទជាញឹកញាប់សួរពីមូលហេតុដែលស្ថានីយវិទ្យុនេះបិទការផ្សាយ។

លោកលើកឡើងថា “ប្រជាពលរដ្ឋនៅតែបន្តទូរស័ព្ទមកពួកយើងសួរថា  ’ហេតុអីគ្មានវិទ្យុអាស៊ីសេរី? តើមូលហេតុអ្វី? ហេតុអីពួកយើងស្ដាប់វាមិនបាន?’”។ លោកបានបញ្ជាក់ថា លោកគ្រាន់តែដឹងថា ក្រសួងបានបញ្ជាឱ្យបិទ។

លោក ឌុក វិសាល ជាអាជីវករ និងជាប្រិយមិត្តអ្នកស្ដាប់ជក់ចិត្តនៃវិទ្យុ RFA វិទ្យុ VOA និងវិទ្យុ VOD តាមរយៈវិទ្យុកំពង់ចាម ដែលពេលនេះបានបិទទៅហើយនោះនិយាយថា គាត់ចាប់ផ្ដើមមានទម្លាប់ស្ដាប់ការផ្សាយរបស់វិទ្យុ VOA នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ ដែលពេលនោះអាជ្ញាធរអាចនឹងចាប់ខ្លួនគាត់ចំពោះការស្ដាប់វិទ្យុបែបនេះ។ គាត់លើកឡើងថា “ពេលនេះវាទៅបាត់អស់ហើយ ខ្ញុំខឹងណាស់”។

គាត់បានបន្តថា បើគ្មានវិទ្យុទាំងនេះគឺមានជម្រើសផ្សេង នោះគឺកម្មវិធីផ្សាយរបស់រដ្ឋដែលភាគច្រើនផ្សាយតាមទូរទស្សន៍។

ទោះជាយ៉ាងណា គាត់និយាយថា “រាល់ពេលខ្ញុំបើកទូរទស្សន៍ ខ្ញុំឃើញតែព័ត៌មានពិធីការ ដូចជារដ្ឋមន្ត្រីនេះទៅប្រគេនចង្ហាន់ព្រះសង្ឃ មន្ត្រីនេះដាំដើមឈើនៅទីនេះនៅទីនោះ ប៉ុន្តែមិនដែលផ្សាយរឿងមន្ត្រីនោះកាប់ឈើ ឬពាក់ព័ន្ធការកាប់ឈើខុសច្បាប់ទេ”។

គាត់ប្រាប់ថា ពេលនេះគាត់ខានបានទូរស័ព្ទចូលកម្មវិធីជជែកកម្សាន្តដូចជា កម្មវិធី Hello VOA របស់វិទ្យុ VOA និងកម្មវិធីវេទិកាអ្នកស្ដាប់របស់វិទ្យុ RFA ដើម្បីសួរសំណួរទៅអ្នកនាំពាក្យដូចលោក ផៃ ស៊ីផាន ជាដើមទៀតហើយ។ គាត់ធ្វើការកត់សម្គាល់ថា “វិទ្យុទាំងនេះជាប្រភពគួរឲ្យជឿទុកចិត្តបំផុតដែលខ្ញុំស្ដាប់”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស