គ្រូបង្រៀនសាសនាគ្រិស្តម្នាក់បានលង់ទឹកស្លាប់កាលពីព្រឹកម្សិលមិញនៅពេលដែលគាត់ធ្វើដំណើររៀងរាល់ថ្ងៃ បន្ទាប់ពីរថយន្តរបស់គាត់បានធ្លាក់ចូលក្នុងទឹកទន្លេមេគង្គ ខណៈដែលគាត់បានព្យាយាមបើកឡើងលើដស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក ចាន់ ប៊ុនធឿន នាយប៉ុស្តិ៍សង្កាត់ជ្រោយចង្វារមានប្រសាសន៍ថា អ្នកស្រី គីម មឿងស៊ុក (Kim Moeung Sook) អាយុ៦៧ឆ្នាំជាជនជាតិកូរ៉េខាងត្បូង បានធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់សាលារៀនដែលអ្នកស្រីបានទៅបង្រៀនរាល់ថ្ងៃស្ថិតក្នុងឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនៅម៉ោងប្រហែល៨ព្រឹក ស្រាប់តែពេលនោះគាត់ភ័យស្លន់ស្លោពេលចុះចំណោតនៅដស្វាយជ្រុំនោះ ហើយបានធ្លាក់ចូលក្នុងទឹកទន្លេ។
លោកមានប្រសាសន៍ថា ”គាត់ចុះខុសដ ហើយធ្លាក់ចូលទៅក្នុងទឹកទន្លេ”។ លោកបានបន្ថែមថា ផ្លូវចោត ហើយមានខ្យល់ខ្លាំង។
លោក ចាន់ ប៊ុនធឿន បានសម្តែងការសង្ស័យអំពីឧប្បត្តិហេតុនេះ ពីព្រោះស្ត្រីរូបនេះបានធ្វើដំណើរតាមផ្លូវនេះរាល់ថ្ងៃ។
យោងតាមលោក សៀម សុត្ថាវុធ អធិការនគរបាលជ្រោយចង្វារបានឱ្យដឹងថា នគរបាលបានចំណាយពេល៩០នាទីដើម្បីទាញយករថយន្តពីក្នុងទឹកទន្លេ ហើយសពអ្នកស្រីត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ហើយបន្ទាប់មកបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តិភាពខ្មែរ-សូវៀត។
លោកបានថ្លែងថា នគរបាលស្រុកកំពុងស៊ើបអង្កេតករណីនេះ៕សារុន