គណបក្សប្រឆាំងធំបំផុតនៅកម្ពុជា និងជាគណបក្សតែមួយគត់ដែលបង្កបញ្ហាប្រឈមធ្ងន់ធ្ងរចំពោះការក្ដោបក្ដាប់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនដឹងថាត្រូវធ្វើអ្វីទេក្នុងជំហានបន្ទាប់។
ខណៈប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប្រព័ន្ធផ្សព្វផ្សាយមានទំនាក់ទំនងជាមួយគណបក្សប្រឆាំងជាច្រើនកំពុងរងសម្ពាធ ឬក៏បិទតែម្តងនៅប៉ុន្មានសប្ដាហ៍ថ្មីៗនេះក្រោយមានការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់រដ្ឋាភិបាលដែលរងការថ្កោលទោសពីមជ្ឈដ្ឋានជាច្រើននោះ គណបក្សសង្គ្រោះជាតិនៅស្ថាត់ស្ងៀមជាប់មករហូត ដោយធ្វើការបង្ហោះសារតិចតួចលើហ្វេសប៊ុក និងចេញសេចក្ដីប្រកាសព័ត៌មានម្តងម្កាលប៉ុណ្ណោះ។
គណបក្សនេះសង្ឃឹមថា ការនៅស្ងាត់ស្ងៀមរបស់ខ្លួននឹងទិញបានរបស់ម្យ៉ាង គឺការនៅរស់រាន។
ពេលសួរថាតើគណបក្សនេះឆ្លើយតបយ៉ាងដូចម្ដេចចំពោះការបង្ក្រាបក្នុងពេលថ្មីៗ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា “ក្នុងពេលនេះ យើងពិតជាមិនដឹងថាត្រូវធ្វើអ្វីនោះទេ”។
លោកបានថ្លែងបន្តថា “យើងមិនចង់ឱ្យគេមើលឃើញថាជាគណបក្សដែលអនុញ្ញាតឱ្យគណបក្សកាន់អំណាចបំបិទមាត់យើងនោះឡើយ”។
លោកបានលើកឡើងទៀតថា ប៉ុន្តែគណបក្សនេះត្រូវបានរារាំងមិនឱ្យមានសកម្មភាពដោយសារវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលរងការរិះគន់យ៉ាងខ្លាំង និងដែលត្រូវបានអនុម័តកាលពីខែកក្កដា ដោយផ្ដល់ឱ្យរដ្ឋាភិបាល និងតុលាការនូវអំណាចមិនធ្លាប់មានក្នុងការព្យួរ ឬក៏រម្លាយគណបក្សនយោបាយទាំងស្រុង។
លោក សុន ឆ័យ បានលើកឡើងទៀតថា “ការរក្សាគណបក្សនេះឱ្យនៅរស់រានរហូតដល់ការបោះឆ្នោត គឺជាគោលដៅចម្បងសម្រាប់គណបក្សក្នុងពេលឥឡូវ”។
ខណៈជំរុញឱ្យអ្នកបោះឆ្នោតទៅចុះឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំក្រោយនៅក្នុងវីដេអូមួយដែលបង្ហោះតាមហ្វេសប៊ុកនោះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិក៏បានលើកឡើងផងដែរថា គណបក្សប្រឆាំងមានគោលដៅមួយ គឺធ្វើយ៉ាងណាឱ្យឈានដល់ការបោះឆ្នោតឆ្នាំក្រោយ។
ដូចវិធីដែលច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានប្រើប្រាស់ប៉ុន្មានខែមកនេះដើម្បីដាក់សម្ពាធអង្គការមិនមែនរដ្ឋាភិបាលដែរនោះ ច្បាប់ស្ដីពីគណបក្សនយោបាយថ្មីនេះទំនងជាកំពុងវាយប្រហារខ្លាំងៗលើគោលដៅរបស់ខ្លួន។ ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដំបូងឡើយគឺផ្ដោតគោលដៅលើការស៊ើបអង្កេតសម្ព័ន្ធអង្គការឃ្លាំមើលការបោះឆ្នោតហៅថា បន្ទប់ស្ថានការណ៍ (Situation Room) ហើយកាលពីសប្ដាហ៍មុនត្រូវបានប្រើប្រាស់ម្តងទៀតដើម្បីបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ជាអង្គការផ្ដោតលើលទ្ធិប្រជាធិបតេយ្យ ដែលទទួលបានជំនួយពីសហរដ្ឋអាមេរិក។
ការបង្ក្រាបក្នុងពេលថ្មីៗរបស់រដ្ឋាភិបាលលើសា្ថប័នប្រព័ន្ធផ្សព្វផ្សាយបានរងការថ្កោលទោសពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សមួយចំនួន និងធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធ្វើសេចក្ដីរាយការណ៍អវិជ្ជមានយ៉ាងសុសសាយ។ ប៉ុន្តែទោះបីជាម្ចាស់ជំនួយរបស់កម្ពុជាសម្ដែងឱ្យឃើញនូវសញ្ញាមិនពេញចិត្តដ៏កម្រលើចំណាត់ការរបស់រដ្ឋាភិបាលក៏ដោយ តែគណបក្សប្រឆាំងមិនបានធ្វើការរិះគន់ខ្លាំងៗ ឬចាត់វិធានការចំៗដូចពីមុននោះឡើយ។
ទោះបីជាស្ថាប័នប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានធ្វើឱ្យចុះខ្សោយក៏ដោយ តែគេអាចដឹងបានការនៅស្ថាត់ស្ងៀមរបស់គណបក្សសង្គ្រោះជាតិ គឺជាយុទ្ធសាស្ត្រផ្ទៃក្នុង នេះបើយោងតាមលោក Sebastian Strangio អ្នកវិភាគនយោបាយ និងជាអ្នកនិពន្ធសៀវភៅ។
លោកបានថ្លែងថា “ដោយក្នុងពេលឥឡូវលោក ហ៊ុន សែន មានអារម្មណ៍ម៉ួម៉ៅយ៉ាងដូច្នេះ វាប្រហែលជាមិនសមហេតុផលទេនៅក្នុងការបញ្ឆេះកំហឹងរបស់លោកឱ្យផ្ទុះកាន់តែខ្លាំងឡើងតាមរយៈការអំពាវនាវឱ្យមានការតវ៉ា ឬការចាត់វិធានការធ្ងន់ធ្ងរលើការបង្ក្រាបក្នុងពេលបច្ចុប្បន្ននោះ”។
លោកបានលើកឡើងទៀតថា គណបក្សនេះទំនងជាចង់ចៀសវាងបញ្ហា ហើយបន្ទាប់មកទទួលបានលទ្ធផលល្អនៅក្នុងការបោះឆ្នោតឆ្នាំក្រោយ ដោយសង្ឃឹមថាលទ្ធផលនេះនឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាបែកបាក់ ឬជំរុញឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើលោក ហ៊ុន សែន ឱ្យចុះចេញពីតំណែង។
លោកបានមានប្រសាសន៍ថា “ប៉ុន្តែដើម្បីឱ្យការងារនេះមានដំណើរការទៅមុខ គណបក្សនេះត្រូវតែខំតស៊ូដើម្បីនៅរស់រានសម្រាប់ប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះ”។
បន្ទាប់ពីការបោះឆ្នោតជាតិចុងក្រោយកាលពីឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានដឹកនាំចលនាតវ៉ារយៈពេល១ឆ្នាំ ដោយមានទាំងការហែក្បួន និងការចូលបោះទីតាំងតវ៉ានៅសួនកណ្ដាលរាជធានីភ្នំពេញផងដែរ ដោយសារអះអាងថា មានការលួចបន្លំសន្លឹកឆ្នោត ជាលទ្ធផលទទួលបានការសម្បទានពីគណបក្សកាន់អំណាច។ ប៉ុន្តែការតវ៉ានោះក៏បណ្ដាលឱ្យអ្នកតវ៉ាចំនួន៤នាក់បានបាត់បង់ជីវិតផងដែរក្រោមការបាញ់ប្រហាររបស់មន្ត្រីកងរាជអាវុធហត្ថ ហើយការសម្បទាននយោបាយមួយចំនួនបានរលាយទៅវិញនៅឆ្នាំបន្តបន្ទាប់មក។
អវត្តមានរាប់ខែរបស់គណបក្សសង្គ្រោះជាតិពីរដ្ឋសភាកាលពីឆ្នាំមុនដើម្បីតវ៉ាប្រឆាំងនឹងសំណុំរឿងតុលាការ ដែលដាក់បន្ទុកលើលោក កឹម សុខា អនុប្រធានគណបក្សនៅពេលនោះមិនបានផ្ដល់លទ្ធផលដែលគណបក្សនេះចង់បាននោះទេ។
ចាប់តាំងពីពេលនោះមក វិធានការផ្ទាល់ ឬការកៀងគរប្រជាពលរដ្ឋត្រូវបានជំនួសដោយសេចក្ដីថ្លែងការណ៍ និងការបង្ហោះសារតាមហ្វេសប៊ុក។ លោកស្រី មូរ សុខហួរ អនុប្រធានមួយរូបក្នុងចំណោមអនុប្រធានផ្សេងទៀតរបស់គណបក្សប្រឆាំងបានសម្ដែងការជំទាស់ចំពោះការផ្ដោតគោលដៅរបស់រដ្ឋាភិបាលលើស្ថានីយវិទ្យុដែលផ្សព្វផ្សាយកម្មវិធីទាក់ទិននឹងគណបក្សប្រឆាំង ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដែលទទួលបានជំនួយពីសហរដ្ឋអាមេរិក ដូចជាវិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិកព្រមទាំងកាសែតឯករាជ្យ ដូចជា ខេមបូឌា ដេលី ជាដើម។
លោកស្រី មូរ សុខហួរ បានសរសេរនៅក្នុងអុីម៉េលមួយថា “ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យគឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័នដែលតម្រូវឱ្យនៅមានសម្រាប់ឆ្លុះបញ្ចាំងការបោះឆ្នោតដោយសេរី និងយុត្តិធម៌” ជាចំណុចដែលគាំទ្រដោយលោក សុន ឆ័យ។
ប៉ុន្តែពេលសួរថាតើការគំរាមក្នុងពេលថ្មីៗរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយដែលតម្រូវឱ្យនៅមាន នឹងធ្វើឱ្យមានវិធានការបន្ថែមពីបក្សនេះឬក៏អត់នោះ លោកស្រី មូរ សុខហួរ ហាក់បីដូចជាមានការស្ទាក់ស្ទើរ។
លោកស្រីសរសេរបន្តថា “ប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យ យើងនឹងបង្វែរសំណួរនេះទៅពួកគាត់”។ លោកស្រីបានបន្ថែមថា “ពេលយើងត្រូវចាត់វិធានការ គឺជាយុទ្ធសាស្ត្រ”។
ខណៈគណបក្សសង្គ្រោះជាតិនៅបន្តឈរមើលបញ្ហាកើតឡើង ប៉ុន្តែមិនបញ្ចេញសកម្មភាព ខណៈប្រព័ន្ធផ្សព្វផ្សាយជាច្រើនដែលមិនមានសម្ពន្ធភាព ឬគ្រប់គ្រងដោយគណបក្សកាន់អំណាចត្រូវបានបិទ ឬក៏រងការគំរាមនោះ វាទំនងជាថា ពេលវេលាយុទ្ធសាស្ត្រដែលត្រូវចាត់វិធានការប្រហែលជាកើតមានឡើងតែនៅពេលដែលគណបក្សនេះខ្លួនឯងផ្ទាល់ប្រឈមការរម្លាយតែម្ដងប៉ុណ្ណោះ។
លោក Sebastian Strangio មានប្រសាសន៍ថា “វាអាចជាកំហុស ប៉ុន្តែជម្រើសផ្សេងក៏ពោរពេញដោយគ្រោះថ្នាក់ដែរ”។ លោកបានបន្តថា “ហ៊ុន សែន ចង់ឱ្យទៅយ៉ាងម៉េច គឺទៅអីចុងហើយ”៕ ស៊ុយឈាង