28 C
Phnom Penh

កម្មវិធីផ្សាយ​របស់​​​វិទ្យុ RFA និង VOA ត្រូវ​បាន​​បញ្ឈប់​នៅ​តាម​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានីយវិទ្យុទាំងអស់ដែលផ្សាយកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) នៅក្រៅរាជធានីភ្នំពេញ ត្រូវបានបិទដោយក្រសួងព័ត៌មាន ខណៈម្ចាស់ស្ថានីយវិទ្យុដែលត្រូវបានបិទបានដាក់ញត្តិកាលពីម្សិលមិញ ស្នើសុំឱ្យក្រសួងមានការអត់ឱន នេះបើយោងតាមការឱ្យដឹងពីអ្នកនាំពាក្យវិទ្យុទាំងនោះ។

អ្នកនាំពាក្យទាំងនោះបានលើកឡើងកាលពីថ្ងៃអាទិត្យថា ពេលនេះនៅសល់តែវិទ្យុសម្បុកឃ្មុំ និងមណ្ឌលព័ត៌មានស្ត្រី មានមូលដ្ឋាននៅរាជធានីភ្នំពេញ ប៉ុណ្ណោះដែលបន្តផ្សាយខ្លឹមសារព័ត៌មានរបស់វិទ្យុដែលទទួលបានជំនួយមូលនិធិសហរដ្ឋអាមេរិក ទាំងនេះ ធ្វើឲ្យប្រិយមិត្តអ្នកស្ដាប់នៅតាមបណ្តាខេត្តងាកទៅស្ដាប់កម្មវិធីផ្សាយដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ការផ្សាយតាមរលកធាតុអាកាសខ្លី ឬការផ្សាយតាមប្រព័ន្ធអុីនធឺណិត។

លោក រ៉ូហ៊ីត ម៉ាហាចាន (Rohit Mahajan) អ្នកនាំពាក្យវិទ្យុ RFA បានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “RFA កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍ដែលកើតឡើងនៅកម្ពុជា ដោយការព្រួយបារម្ភយ៉ាងខ្លាំង”។ លោកបានបន្តថា “ការបិទស្ថានីយទាំងនេះគឺជាការបិទផ្លូវដ៏សំខាន់សម្រាប់ពលរដ្ឋកម្ពុជា  ឆ្ពោះទៅការទទួលបានសេចក្តីរាយការណ៍ព័ត៌មានប្រចាំថ្ងៃរបស់ RFA”។

ក្រសួងព័ត៌មានបានបិទស្ថានីយវិទ្យុយ៉ាងតិចចំនួន១៩កាលពីសប្ដាហ៍មុន ដោយលើកហេតុផលថា ស្ថានីយវិទ្យុទាំងនោះបានរំលោភកិច្ចសន្យាដែលខ្លួនចុះជាមួយរដ្ឋាភិបាល។ ចំណាត់ការនេះបានកើតមានឡើង ខណៈដែលស្ថានីយមួយចំនួនផ្សេងទៀតបានបញ្ឈប់ការជួលម៉ោងផ្សាយឲ្យវិទ្យុសំឡេងប្រជាធិបតេយ្យ (VoD) ធ្វើឱ្យវិទ្យុឯករាជ្យមួយនេះនៅសល់តែការផ្សាយតាមប្រព័ន្ធអុីនធឺណិត និងកើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីកាសែត ខេមបូឌា ដេលី ត្រូវបានរដ្ឋបញ្ជាឱ្យបង់ពន្ធមិនធ្វើសវនកម្មរហូតដល់ទៅ៦,៣លានដុល្លារ ដែលបណ្ណាធិការនៃកាសែតនេះអះអាងថាជារឿងនយោបាយ។

កាលពីម្សិលមិញ ម្ចាស់ស្ថានីយចំនួនប្រាំក្នុងចំណោមស្ថានីយវិទ្យុចំនួនប្រាំបីដែលរងផលប៉ះពាល់ដោយសារចំណាត់ការនេះបានផ្ញើលិខិតមួយច្បាប់ស្នើសុំជួបជាមួយក្រសួងព័ត៌មាន ដើម្បីសុំឱ្យក្រសួងនេះពិចារណាឡើងវិញ នេះបើយោងតាមការលើកឡើងរបស់លោក ថាន សុរិទ្ធ ម្ចាស់ស្ថានីយវិទ្យុកំពង់ចាម ដែលពេលនេះបានស្ងាត់ឈឹងទៅហើយ និងដែលជាលេខាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពង់ចាម។ លិខិតនោះស្នើសុំឱ្យក្រសួងផ្ដល់អាជ្ញាប័ណ្ណដល់ស្ថានីយវិទ្យុទាំងនោះវិញ ហើយសន្យាគោរពតាមរាល់ប្រកាស និងកិច្ចសន្យាជាមួយក្រសួង។

លោក ថាន សុរិទ្ធ បានគូសបញ្ជាក់ថា ម្ចាស់ស្ថានីយវិទ្យុចំនួនប្រាំមិនជឿថា ចំណាត់ការនេះមានហេតុផលនយោបាយឡើយ ពោលគឺគ្រាន់តែធ្វើឡើងដើម្បីពង្រឹងច្បាប់ជាធរមានដូចដែលលោក ខៀវ កាញារីទ្ធ បានអះអាងនៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា “បើសិនជាបិទអញ្ចឹង ស្ថានីយវិទ្យុភាគច្រើនក៏រំលោភ [ច្បាប់] ដែរ” ដោយលោកបានទាញទឡ្ហីករណ៍ថា មានតែស្ថានីយវិទ្យុដែលផ្សាយកម្មវិធីផ្សាយរបស់វិទ្យុ RFA វិទ្យុ VOA វិទ្យុ VoD និងកម្មវិធីផ្សាយរបស់គណបក្សប្រឆាំងប៉ុណ្ណោះដែលទទួលរងការចាត់វិធានការ។ លោកបានបន្តថា “ពួកគាត់ត្រូវផ្ដល់មូលហេតុឱ្យច្បាស់លាស់។ យើងនឹងចាំមើលថា តើយើងទទួលយកបាន ឬក៏អត់។ វាអាស្រ័យទាំងស្រុងទៅលើមូលហេតុរបស់ក្រសួង”។

លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា លោកមិនបានដឹងទេទាក់ទិនលិខិតនេះ ប៉ុន្តែលោកជឿថា ក្រសួងនឹងពិនិត្យមើលបណ្ដឹងតវ៉ាទាំងនោះ។ លោកបានបង្វែរសំណួរបន្ថែមទៀតទៅការអត្ថាធិប្បាយរបស់លោក ខៀវ កាញារីទ្ធ ដែលធ្វើឡើងនៅឯសន្និសីទសារព័ត៌មានរបស់លោក។

លោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំថ្លែងថា លោកបានចៀសផុតពីជោគវាសនារបស់សហសេវិកលោកដោយសារលោកទទួលបានអាជ្ញាប័ណ្ណពិសេសនៅឆ្នាំ១៩៩៨ ដើម្បីផ្សាយព័ត៌មាននយោបាយ និងដោយសារលោកបានអនុវត្តតាមវិធានរបស់រដ្ឋាភិបាល។

លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍កាលពីសប្ដាហ៍មុនថា មណ្ឌលព័ត៌មានស្ត្រីបានចៀសផុតពីការបិទដោយសារម្ចាស់មណ្ឌលនេះធ្វើសកម្មភាពមនុស្សធម៌។

ការសិក្សាមួយធ្វើឡើងដោយមូលនិធិអាស៊ី (Asia Foundation) និងវិទ្យាស្ថានបើកទូលាយ (Open Institute) កាលពីឆ្នាំមុនបានរកឃើញថា ១៥ភាគរយនៃអ្នកឆ្លើយទទួលបានព័ត៌មានតាមវិទ្យុដែលធ្លាក់ចុះពី៣៩ភាគរយធៀបនឹងឆ្នាំ២០១៣ ចំណែកឯពាក់កណ្ដាលទទួលបានព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គម។

អ្នកសរសេររបាយការណ៍សិក្សានេះលើកឡើងថា “អ្វីដែលសំខាន់គឺនិន្នាការ៖ យើងរំពឹងថានឹងមានការកើនឡើងមិនត្រឹមតែអត្រាអ្នកប្រើប្រាស់អុីនធឺណិតទេ ប៉ុន្តែសារៈសំខាន់ដែលអ្នកប្រើប្រាស់ផ្ដល់ឱ្យអុីនធឺណិតក៏កើនឡើងដែរ”។

លោក រ៉ូហ៊ីត ម៉ាហាចាន មានប្រសាសន៍ថា ចរាចរគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់វិទ្យុ RFA បានកើនឡើងរួចទៅហើយ ហើយលើកឡើងថា ប្រិយមិត្តអ្នកស្ដាប់មួយចំនួននៅតែចូលស្ដាប់តាមរយៈវិទ្យុរលកធាតុអាកាសខ្លី។

លោក ចច ម៉ាឃិនហ្ស៊ី (George Mackenzie) អ្នកនាំពាក្យវិទ្យុ VOA បានលើកឡើងថា វិទ្យុនេះក៏មានការព្រួយបារម្ភអំពីការបង្ក្រាបនេះដែរ ប៉ុន្តែមានប្រសាសន៍ថា វិទ្យុនេះនឹងបន្តការផ្សាយ និងវត្តមានរបស់ខ្លួនតាមប្រព័ន្ធឌីជីថល។

លោក ចន ឡានស៊ីង (John Lansing) នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលការផ្សាយ (Broadcasting Board of Governors) ជាទីភ្នាក់ងារដែលគ្រប់គ្រងវិទ្យុ VOA និងវិទ្យុ RFA បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយកាលពីសប្ដាហ៍មុនថា ការបិទនេះ “ជាផ្នែកមួយនៃការបំភិតបំភ័យ និងការយាយីប្រភពព័ត៌មានឯករាជ្យដែលកើតមានឡើងស្របពេលមុនការបោះឆ្នោតនៅឆ្នាំ២០១៨”។ លោកបានអំពាវនាវឱ្យរដ្ឋាភិបាលកែប្រែសេចក្ដីសម្រេចរបស់ខ្លួន។

កាលពីថ្ងៃសុក្រ ការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានរួមធ្វើការថ្កោលទោសជាអន្តរជាតិចំពោះការបិទស្ថានីយទាំងនេះ ករណីពន្ធប្រឆាំងកាសែត ខេមបូឌា ដេលី និងការបិទរបស់ក្រសួងការបរទេសនូវវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ជាអង្គការមិនមែនរដ្ឋាភិបាលជំរុញលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។

លោកស្រី លីស ស្រូសែល (Liz Throssell) អ្នកនាំពាក្យអង្គការនេះមានប្រសាសន៍ថា “នៅមុនការបោះឆ្នោតសាកលឆ្នាំក្រោយ យើងសូមអំពាវនាវឱ្យរដ្ឋាភិបាលធានាសិទ្ធិពេញលេញផ្នែកនយោបាយ និងសិទ្ធិស៊ីវិល ព្រមទាំងសេរីភាពប្រព័ទ្ធផ្សព្វផ្សាយ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស