គណបក្សអំណាចខ្មែរនឹងធ្វើសមាជនៅខែក្រោយនេះដើម្បីជ្រើសរើសអ្នកជំនួសអតីតប្រធានគណបក្សដែលត្រូវបានកាត់ឱ្យជាប់ទោសកាលពីពេលថ្មីៗនេះ និងមានផែនការដករូបថតរបស់អតីតប្រធានបក្សរូបនោះចេញពីស្លាកសញ្ញាគណបក្សដែលដាក់តាមទីសាធារណៈទាំងអស់ នេះបើតាមគណបក្សប្រកាសកាលពីម្សិលមិញនៅសន្និសីទសារព័ត៌ មានមួយក្នុងរាជធានីភ្នំពេញ។
លោក សួន សេរីរដ្ឋា ដែលបានបដិសេធថា លោកមិនបានធ្វើអ្វីខុសនៅឯសាវនាការជំនុំជម្រះនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំកាលពីថ្ងៃសុក្រជុំវិញការបង្ហោះសារក្នុងទំព័រហ្វេសប៊ុករិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំកងយោធពលខេមរភូមិន្ទ។
លោក សួង សុភ័ណ្ឌ ប្រធានស្តីទីបានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សនឹងធ្វើសមាជនៅថ្ងៃទី១០ខែកញ្ញា ដើម្បីជ្រើសរើសប្រធាន និងអនុប្រធានថ្មី។
លោកបានថ្លែងថា សមាជនោះក៏នឹងដោះស្រាយយុទ្ធសាស្ត្រដើម្បីអនុវត្តតាមវិសោធនកម្មច្បាប់កាលពីពេលថ្មី ៗដែលហាមឃាត់គណបក្សទាំងអស់មិនឱ្យឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬមិនឱ្យប្រើប្រាស់រូបថតក្នុងរូបសញ្ញាគណបក្សជាដើម។
លោក សួង សុភ័ណ្ឌ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃបានជូនដំណឹងមកគណបក្សរបស់លោកថា រូបសញ្ញារបស់គណបក្សគឺស្រដៀងទៅនឹងរូបសញ្ញារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ច្បាប់ដដែលនេះ កាលពីពេលថ្មីៗកន្លងមកនេះ ក៏បានបង្ខំឱ្យគណបក្សសង្គ្រោះជាតិដករូបថតលោក សម រង្ស៊ី អតីតប្រធានគណបក្សនេះចេញពីស្លាកសញ្ញាគណបក្សរបស់ខ្លួននៅទូទាំងប្រទេសផងដែរ៕សារុន