29 C
Phnom Penh

ស្ត្រី​​ខ្មែរត្រឡប់មក​ស្រុក​វិញ​ ​ក្រោយ​​​​រសាត់​អណ្ដែត​​១២​ឆ្នាំ​​នៅ​អារ៉ាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ស្ត្រីជំនួយការមេផ្ទះខ្មែរ ម្នាក់ដែលបានរសាត់អណ្ដែតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត អស់រយៈពេល១១ឆ្នាំដោយគ្មានប្រាក់កាស ឬឯកសារផ្លូវច្បាប់ បាននិយាយរៀបរាប់ពីទុក្ខលំបាកដែលខ្លួនទទួលរងតែម្នាក់ឯង  និងការជួបជុំដ៏ក្ដុកក្ដួលជាមួយក្រុមគ្រួសារដែលនាងបានឃ្លាតឆ្ងាយតាំងពីនាងមានអាយុ១៦ឆ្នាំ បន្ទាប់ពីនាងបានវិលត្រឡប់មកស្រុកវិញនៅទីបំផុត។

នាង សុះ រទស់ បាននិយាយថា “ថ្ងៃហ្នឹងជាថ្ងៃដែលខ្ញុំរង់ចាំ ដើម្បីជួបជុំម៉ាក់ខ្ញុំ”។

យោងតាមមន្ត្រីប្រឆាំងការជួញដូរមនុស្សមួយរូបបានលើកឡើងកាលពីម្សិលមិញ ស្ថានភាពវេទនារបស់នាងត្រូវបានគេដឹងឮ នៅពេលការអង្វរកររបស់នាងសុំជំនួយបានបែកធ្លាយសុសសាយពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីដើមខែនេះ។ ស្ត្រីវ័យ២៨ឆ្នាំរូបនេះគឺជាពលរដ្ឋខ្មែរ ដំបូងដែលគេដឹងថាបានក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្សនៅប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូពា៌មួយនេះ។

នាង សុះ រទស់ ស្ត្រីជំនួយការមេផ្ទះដែលបានក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្សនៅប្រទេសអារ៉ាប៊ីសាអូឌីត។ នាងទើបតែត្រឡប់មកដល់កម្ពុជាវិញក្រោយពីរសាត់អណ្ដែតអស់រយៈពេល១២ឆ្នាំនៅក្នុងប្រទេសនៃតំបន់មជ្ឈិមបូពា៌នេះ។   រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
នាង សុះ រទស់ ស្ត្រីជំនួយការមេផ្ទះដែលបានក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្សនៅប្រទេសអារ៉ាប៊ីសាអូឌីត។ នាងទើបតែត្រឡប់មកដល់កម្ពុជាវិញក្រោយពីរសាត់អណ្ដែតអស់រយៈពេល១២ឆ្នាំនៅក្នុងប្រទេសនៃតំបន់មជ្ឈិមបូពា៌នេះ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

សូមរំឭកថា ប្រទេសអារ៉ាប៊ីសាអូឌីត ធ្លាប់មានប្រវត្តិមានបញ្ហាជាមួយស្ត្រីជំនួយការមេផ្ទះដែលរងការរំលោភបំពានពីសំណាក់ថៅកែនៅក្នុងប្រទេសមូស្លីមដ៏តឹងរ៉ឹងក្រោមច្បាប់សារៀ (Sharia Law) នៃសាសនាអុិស្លាម។

នៅទីបំផុត នាង សុះ រទស់ ដែលនិយាយថាមិនដែលទទួលបានប្រាក់ខែរបស់ខ្លួនសូម្បីតែ១សេនអំឡុងពេលធ្វើការជាច្រើនឆ្នាំ បានត្រឡប់មកប្រទេសកម្ពុជា វិញហើយកាលពីយប់ថ្ងៃច័ន្ទ។ ក្រុមគ្រួសាររបស់នាងបានធ្វើដំណើរពីខេត្តកំពង់ធំ និងខេត្តព្រះសីហនុ ដើម្បីមកទទួលនាងនៅរាជធានីភ្នំពេញ។

សមាជិកគ្រួសារម្នាក់និយាយថា រដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីតបានផ្ដល់សំណងជំងឺចិត្តដល់ពួកគេចំនួន១៣.៦០០ដុល្លារ។

ដោយនិយាយភាសាខ្មែរមានកម្រិត នាងបានចាកចេញពីប្រទេសកម្ពុជា តាំងពីនាងមានអាយុ១៦ឆ្នាំ ហើយមិនដែលជួបពលរដ្ឋខ្មែរ ណាម្នាក់ឡើយនៅបរទេស។ នាង សុះ រទស់ និយាយថា នាង “រំភើបយ៉ាងខ្លាំង” ដែលបានជួបជុំជាមួយគ្រួសាររបស់នាងដែលនាងបានបាត់ការទំនាក់ទំនងឈឹងកាលពី១០ឆ្នាំមុន។

នាងបាននិយាយបែបនេះនៅឯមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបានសម្រាកមួយយប់នៅភ្នំពេញ។ មូលនិធិនេះទទួលបានជំនួយថវិកាពីលោក អូស្មាន់ ហាស្សាន់ ជាប្រធានសហគមន៍មូស្លីម និងជារដ្ឋលេខាធិការក្រសួងការងារដែលបានជួយបញ្ជូននាងត្រឡប់មកស្រុកវិញ បន្ទាប់ពីឃើញវីដេអូសុំជំនួយរបស់នាងដែលគេចែករំលែកតៗគ្នាព្រោងព្រាតតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

នាងត្រូវធ្វើដំណើរទៅស្រុកនៅខេត្តកំពង់ធំ ជាក្រោយកាលពីម្សិលមិញ។ នាងនិយាយថា នាងបានចាកចេញពីខេត្តនេះនៅឆ្នាំ២០០៥ បន្ទាប់ពីនាងរកការងារមិនបានធ្វើ ហើយនាងទទួលបានការអប់រំត្រឹមតែថ្នាក់ទី៦ប៉ុណ្ណោះ។

នាងនិយាយទៀតថា នាងបានទៅដល់ទីក្រុងរីយ៉ាដ  រាជធានីនៃប្រទេសអារ៉ាប៊ីសាអូឌីតបន្ទាប់ពីគេសន្យាផ្ដល់ការងារមានប្រាក់ខែខ្ពស់ដល់នាង។

នាងបានបន្តថា ទីភ្នាក់ងារជ្រើសរើសពលករមួយនៅរាជធានីភ្នំពេញ បានប្រាប់នាងថា នាងនឹងទទួលបានប្រាក់ខែ២២០ដុល្លារសម្រាប់កិច្ចសន្យារយៈពេល២ឆ្នាំ។ បុគ្គលិករបស់ទីភ្នាក់ងារជ្រើសរើសពលករនេះបានចុះទៅដល់ភូមិរបស់នាង គឺភូមិត្រពាំងឈូក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីជ្រើសរើសស្ត្រីមូស្លីមចាមទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត។

ស្ត្រីរូបនេះនិយាយថា “ខ្ញុំនិយាយថា ខ្ញុំចង់ទៅពីព្រោះខ្ញុំក្រ។ ខ្ញុំគិតថា ខ្ញុំនឹងបានមកវិញក្នុងពេល២ឆ្នាំ”។ ទោះជាយ៉ាងណា នាងនិយាយថា នាងមិនទទួលបានប្រាក់សូម្បីតែ១សេន។

នាងរៀបរាប់ថា រយៈពេល២ឆ្នាំក្រោយទៅដល់ទីនោះ ថៅកែទី១របស់នាងដែលធុញទ្រាន់នឹងនាងទារប្រាក់ខែ បានយកនាងទៅទម្លាក់ចោលនៅប៉ុស្តិ៍នគរបាល ធ្វើឱ្យនាងត្រូវជ្រកកោន និងទទួលរបបអាហារនៅទីនោះអស់រយៈពេល៦ខែ។ ទីបំផុតនាងរកការងារបានមួយទៀត គឺការងារជាស្ត្រីជំនួយការមេផ្ទះ។

ប៉ុន្តែថៅកែថ្មីរបស់នាងក៏មិនបើកប្រាក់ខែឱ្យនាងដែរ ដោយប្រាប់នាងថា នាងនឹងទទួលបានប្រាក់ខែ នៅពេលបញ្ចប់កិច្ចសន្យាការងារ។ នាងក៏បានបាត់ទំនាក់ទំនងជាមួយគ្រួសាររបស់នាងដែរ បន្ទាប់ពីចាកចេញពីថៅកែទី១។

ដោយគ្មានពលរដ្ឋខ្មែរ ឬស្ថានទូតដែលខ្លួនអាចទៅពឹងពាក់បាន នាង សុះ រទស់ និយាយថា នាងវេទនាណាស់។ នាងនិយាយទៀតថា “ខ្ញុំអត់ដែលជួបខ្មែរទេក្នុងពេល១២ឆ្នាំ។ ខ្ញុំជួបតែជនជាតិគេមកពីបង់ក្លាដែស ស្រីលង្កា។ ពួកគេក៏ជួបបញ្ហាដែរ តែខ្ញុំវេទនាជាងគេ ពីព្រោះខ្ញុំអត់មានការិយាល័យរដ្ឋខ្មែរនៅក្បែរ”។

នាងប្រាប់ថា នាងត្រូវធ្វើការងារផ្ទះជាច្រើនម៉ោងតាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង៣រំលងអធ្រាត។ ថៅកែរបស់នាងមិនដែលបើកប្រាក់ឱ្យនាងទេ ដោយគ្រាន់តែផ្ដល់អាហារឱ្យនាងប៉ុណ្ណោះ។

ចំណែកនៅប្រទេសកម្ពុជាឯណេះវិញ គ្រួសាររបស់នាងបានព្យាយាមស្វែងរកនាងរហូត។ ពួកគេបានផ្សាយរូបថតកាលពីនាងនៅវ័យជំទង់ដើម្បីបង្ហាញដល់អ្នកភូមិដែលធ្វើដំណើរចុះឡើងប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសកម្ពុជា ប៉ុន្តែមិនបានផលឡើយ។

កាលពីម្សិលមិញ អ្នកស្រី ឡោះ ណាស់ អាយុ៥៥ឆ្នាំ ដែលជាម្ដាយរបស់នាង សុះ រទស់ បាននិយាយរៀបរាប់ពីការព្រាត់ប្រាស់កូនស្រីអស់រយៈពេលយ៉ាងយូរ និងយំបណ្តើរ។ គាត់និយាយថា “ខ្ញុំគិតថា កូនខ្ញុំស្លាប់ហើយតើ”។

អ្នកស្រី ឡោះ ណាស់ និងប្អូនស្រីរបស់គាត់ដែលត្រូវជាម្ដាយមីងរបស់ សុះ រទស់ ធ្លាប់បានស្វះស្វែងសុំជំនួយពីក្រសួងមហាផ្ទៃ មិនយូរប៉ុន្មានបន្ទាប់ពីបាត់ទំនាក់ទំនងក្នុងឆ្នាំ២០០៧ ប៉ុន្តែគេបានប្រាប់គាត់ថាមិនអាចជួយបាន។

អ្នកស្រី ឡោះ ណាស់ និយាយថា “ខ្ញុំស្បថ ខ្ញុំឈប់ឲ្យវាទៅស្រុកគេទៀតហើយ”។

នាង សុះ រទស់ ស្ត្រីជំនួយការមេផ្ទះដែលបានក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្សនៅប្រទេសអារ៉ាប៊ីសាអូឌីត។ នាងទើបតែត្រឡប់មកដល់កម្ពុជាវិញក្រោយពីរសាត់អណ្ដែតអស់រយៈពេល១២ឆ្នាំនៅក្នុងប្រទេសនៃតំបន់មជ្ឈិមបូពា៌នេះ។   រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
នាង សុះ រទស់ ស្ត្រីជំនួយការមេផ្ទះដែលបានក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្សនៅប្រទេសអារ៉ាប៊ីសាអូឌីត។ នាងទើបតែត្រឡប់មកដល់កម្ពុជាវិញក្រោយពីរសាត់អណ្ដែតអស់រយៈពេល១២ឆ្នាំនៅក្នុងប្រទេសនៃតំបន់មជ្ឈិមបូពា៌នេះ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សមិនទទួលបានពាក្យបណ្ដឹងទេ។ តែទោះជាយ៉ាងណា លោកស្រីថ្លែងថា ករណីនេះគួរឱ្យព្រួយបារម្ភ។

លោកស្រីបានមានប្រសាសន៍ថា “មកទល់ពេលនេះអត់ទាន់មានក្រុមហ៊ុនរើសពលករស្របច្បាប់ [សម្រាប់ទៅប្រទេសអារ៉ាប៊ីសាអូឌីត] នោះទេ”។ លោកស្រីគូសបញ្ជាក់ថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សកំពុងធ្វើការលើរឿងនេះ។

លោកស្រីបន្តថា “រហូតដល់មានជនរងគ្រោះម្នាក់អញ្ចឹង អាហ្នឹងមានន័យថា មានក្រុមហ៊ុនបញ្ជូនពួកគាត់ខុសច្បាប់ហើយ។ ឥឡូវយើងកំពុងឲ្យក្រុមគ្រួសារផ្តល់ព័ត៌មាន”។

ទាំងនាង សុះ រទស់ ទាំងលោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារបានអះអាងថា ទីភ្នាក់ងារជ្រើសរើសពលករដែលល្មើសច្បាប់គ្រប់គ្រងដោយខ្មែរអុិស្លាមម្នាក់ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ដែលជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច ប៉ុន្តែពួកគេមិនបានផ្ដល់ភ័ស្តុតាងបញ្ជាក់រឿងនេះទេ។

សូមបញ្ជាក់ថា លោក អះម៉ាត់ យ៉ះយ៉ា និងលោក អូស្មាន ហាស្សាន់ បានឈ្លោះគ្នាយូរមកហើយទាក់ទិនការស្ថាបនាផ្លូវលើដីរបស់ព្រះវិហារអាលសឺកាល នៃសាសនាអុិស្លាមនៅរាជធានីភ្នំពេញ។ លោក អូស្មាន ហាស្សាន់ បានប្ដឹងលោក អះម៉ាត់ យ៉ះយ៉ា ដោយជោគជ័យពីបទបរិហារកេរ្តិ៍កាលពីឆ្នាំមុន។

ទោះជាយ៉ាងណា លោក អះម៉ាត់ យ៉ះយ៉ា មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។

លោក សោះ ហ្សូ អៃស៊ី ដែលជាឪពុកមារបស់នាង សុះ រទស់ និយាយថា គ្រួសាររបស់នាងទទួលបានសំណងជំងឺចិត្តចំនួន១៣.៦០០ដុល្លារពីរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលគាត់និយាយថាកំពុងប្ដឹងថៅកែរបស់នាងពីបទព្រហ្មទណ្ឌ។

បុរសរូបនេះនិយាយថា “យើងអរគុណណាស់ទៅហើយដែលបានគ្នាមកវិញ”។ គាត់បានបន្តថា “យើងគ្រាន់តែចង់បានវាមកវិញទេ”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស