26 C
Phnom Penh

មន្ត្រី​រដ្ឋាភិបាល​​​ពាក់ព័ន្ធ​ករណី​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​ដែល​​រសាត់​អណ្ដែត​​​នៅ​​អារ៉ាប៊ីសាអូឌីត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ មន្ត្រីរដ្ឋាភិបាលមួយរូបបានទទួលស្គាល់ថា ក្រុមហ៊ុនជ្រើសរើសពលកររបស់លោកដែលពេលនេះលែងដំណើរការទៅហើយបានបញ្ជូននារីខ្មែរ ម្នាក់អាយុ១៦ឆ្នាំ ឱ្យទៅធ្វើការជាអ្នកជំនួយការមេផ្ទះនៅប្រទេសអារ៉ាប៊ីសាអូឌីត ទីដែលនាងបានរសាត់អណ្ដែតអស់រយៈពេល១២ឆ្នាំ ហើយទីបំផុតវីដេអូបង្ហោះតាមហ្វេសប៊ុកអំពាវនាវសុំជំនួយដែលត្រូវគេចែករំលែកតៗគ្នាព្រោងព្រាតបាននាំឱ្យមានអន្តរាគមន៍បញ្ជូននាងត្រឡប់មកប្រទេសកម្ពុជា វិញនៅសប្ដាហ៍នេះ។

មន្ត្រីរូបនោះអះអាងថាខ្លួនមិនបានដឹងថានាងជាអនីតិជនទេនៅពេលនោះ ប៉ុន្តែអតីតបុគ្គលិកម្នាក់ដែលធ្លាប់បម្រើការងារឲ្យគាត់មានមន្ទិលលើការអះអាងនេះ  ចំណែកឯក្រសួងការងារលើកឡើងកាលពីម្សិលមិញថា ក្រុមហ៊ុនរបស់មន្ត្រីរូបនេះគឺខុសច្បាប់។

លោក អះម៉ាត់ យ៉ះយ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចទៅសួរសុខទុក្ខនាង សុះ រទស់ (ខាងឆ្វេង) នៅខេត្តកំពង់ធំ ក្រោយពីនាងត្រូវគេបញ្ជូនពីប្រទេសអារ៉ាប៊ីសាអូឌីតវិញកាលពីពេលថ្មីៗនេះ។ រូបថតៈ លោក ម៉ាត់ យ៉ះយ៉ា

នាង សុះ រទស់ អាយុ២៨ឆ្នាំបានចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត មកដល់ប្រទេសកម្ពុជាវិញនៅសប្ដាហ៍នេះ ហើយនាងចោទប្រកាន់ថា ថៅកែរបស់នាងមិនព្រមបើកប្រាក់ខែឱ្យនាងឡើយ ហើយថែមទាំងរឹតបន្តឹងសេរីភាពរបស់នាងទៀត។

នាងទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះ នៅពេលនាងត្រូវបានជ្រើសរើសកាលពីឆ្នាំ២០០៥ ដោយទីភ្នាក់ងារជ្រើសរើសពលករមួយដែលកាលនោះគ្រប់គ្រងដោយលោក អះម៉ាត់ យ៉ះយ៉ា ជាមេដឹកនាំម្នាក់ក្នុងសហគមន៍មូស្លីមចាម នៅប្រទេសកម្ពុជា និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច។ គ្រួសាររបស់នាងបានបាត់ទំនាក់ទំនងជាមួយនាងកាលពី១០ឆ្នាំមុន ហើយគិតថា នាងស្លាប់បាត់ទៅហើយ រហូតមកទល់នឹងពេលបែកធ្លាយវីដេអូបង្ហោះតាមហ្វេសប៊ុក។

លោក អះម៉ាត់ យ៉ះយ៉ា ដែលបានទៅសួរសុខទុក្ខនាង សុះ រទស់ និងគ្រួសាររបស់នាងនៅខេត្តកំពង់ធំកាលពីម្សិលមិញបានអះអាងថា លោកមិនបានដឹងថានាង សុះ រទស់ ជាអនីតិជនទេ។

ទោះជាយ៉ាងណា លោក ស្លេះ ណាស៊ី ដែលលោក អះម៉ាត់ យ៉ះយ៉ា ធ្លាប់ជួលឱ្យបង្រៀនភាសាអង់គ្លេស ដល់ពលករទើបជ្រើសមកថ្មីរួមទាំងនាង សុះ រទស់ ផង ប្រាប់ថា គាត់បានដឹងថាក្មេងស្រីនេះជាអនីតិជន ហើយដឹងថា នាងបានប្រើប្រាស់សំបុត្រកំណើតរបស់អ្នកជិតខាងដើម្បីទទួលបានលិខិតឆ្លងដែន។

ក្រោយមក លោក ស្លេះ ណាស៊ី បានទូរស័ព្ទមកអ្នកយកព័ត៌មានក្នុងថ្ងៃដដែល ហើយបានព្យាយាមកែសម្រួលអ្វីដែលគាត់បានរៀបរាប់។ គាត់និយាយថា លោក អះម៉ាត់ យ៉ះយ៉ា បានទូរស័ព្ទទៅគាត់ ហើយបាន “ណែនាំ” ឱ្យគាត់បញ្ជាក់ថា គាត់មិនបានដឹងពីអាយុរបស់នាង សុះ រទស់ ទេ។

លោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងការងារថ្លែងថា ការបញ្ជូនអនីតិជនទៅបរទេសល្មើសច្បាប់ការងារ ហើយថា “ជនរងគ្រោះអាចប្ដឹងក្រុមហ៊ុនបាន”។

លោកស្រី ហេលែន ស្វន (Helen Sworn) ស្ថាបនិក និងជានាយិការអន្តរជាតិនៃអង្គការចាប់ដៃ ជាអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងការជួញដូរមនុស្សមានប្រសាសន៍ថា អនីតិជនដែលត្រូវបានជ្រើសរើសក៏ត្រូវបានចាត់ទុកជាជនរងគ្រោះនៃការជួញដូរមនុស្សដែរបើយោងទៅតាមច្បាប់។

លោកស្រីបានបន្តថា “បើគេបញ្ជូននាងទៅក្រៅប្រទេសទាំងដឹងថានាងជាអនីតិជន នាងនឹងក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្សដោយស្វ័យប្រវត្តិ”។

លោក អះម៉ាត់ យ៉ះយ៉ា មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកដែលជ្រើសរើសស្ត្រីខ្មែរ បាន “ជាង១០០នាក់” ធ្វើប្រតិបត្តិការបានប្រហែលមួយឆ្នាំដោយប្រើ “អាជ្ញាប័ណ្ណបណ្ដោះអាសន្ន” ក៏ត្រូវរដ្ឋាភិបាលបិទ បន្ទាប់ពីនាង សុះ រទស់ បានចាកចេញពីប្រទេសកម្ពុជា។ លោកបានបន្តថា លោកមិនទទួលបានការបកស្រាយពីមូលហេតុនៃការបិទទេនៅពេលនោះ ប៉ុន្តែលោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងការងារថ្លែងថា ប្រតិបត្តិការបែបនេះគឺខុសច្បាប់។

លោកក៏បានអះអាងដែរថា គ្រួសាររបស់នាង សុះ រទស់ មិនបានសុំជំនួយពីលោកទេ នៅពេលពួកគេបាត់ទំនាក់ទំនងជាមួយនាង២ឆ្នាំបន្ទាប់ពីនាងទៅដល់ទីក្រុងរីយ៉ាដ រាជធានីនៃប្រទេសអារ៉ាប៊ីសាអូឌីត។

លោកមានប្រសាន៍ថា “១២ឆ្នាំមុនមកទល់បច្ចុប្បន្ន ខ្ញុំមិនបានឮអ្វីទេ”។ លោកបានបន្ថែមថា ទីភ្នាក់ងារជ្រើសរើសពលកររបស់លោកបានណែនាំច្បាស់លាស់ហើយថាត្រូវទូរស័ព្ទទៅ អ្នកណា ប្រសិនបើមានបញ្ហាកើតឡើងនៅបរទេស។

មន្ត្រីដដែលបន្តថា “យើងណែនាំពួកគាត់ឱ្យទាក់ទងមកយើងនៅប្រទេសកម្ពុជា ដើម្បីឱ្យយើងដឹងថា ពួកគាត់នៅទីណា”។ ប៉ុន្តែ “ម្ដាយ ឪពុក និងនារីជំនួយការមេផ្ទះនេះមិនបានទាក់ទងមកក្រុមហ៊ុនរបស់យើងទេ។ យើងបានឱ្យពួកគាត់អស់ហើយដូចជាលេខទូរស័ព្ទនៅទីនេះ លេខទូរស័ព្ទនៅអារ៉ាប៊ីសាអូឌីត”។ លោកបន្ថែមថា “ខ្ញុំមិនដឹងថា មូលហេតុអីបានជាពួកគាត់មិនទាក់ទងមកទេ។ នេះជាបញ្ហារបស់ពួកគាត់”។

ការអះអាងបែបនេះត្រូវបានច្រានចោលដោយអ្នកស្រី ឡោះ ណាស់ ម្ដាយរបស់នាង សុះ រទស់ ដែលនិយាយថា គាត់បានធ្វើដំណើរមកភ្នំពេញកាលពីឆ្នាំ២០០៧ ហើយបានអង្វរឱ្យលោក អះម៉ាត់ យ៉ះយ៉ា ជួយ។ គាត់និយាយថា លោក អះម៉ាត់ យ៉ះយ៉ា បានប្រាប់គាត់ថាមិនអាចជួយបានទេ។

អ្នកស្រីនិយាយថា “ខ្ញុំសុំឱ្យគាត់ជួយរក [កូនស្រីខ្ញុំ] ប៉ុន្តែគាត់អត់បានជួយអីទេ។ ខ្ញុំបានសុំគាត់ថា ‘ឱ្យលេខទូរស័ព្ទមកខ្ញុំ’។ គាត់បានឆ្លើយថា ‘បានមកពីណា បើខ្ញុំអត់មានដែរហ្នឹង”។

លោកស្រី ហេលែន ស្វន មកពីអង្គការចាប់ដៃមានប្រសាសន៍ថា ទីភ្នាក់ងារជ្រើសរើសពលករនានាមានការទទួលខុសត្រូវចំពោះអតិថិជនរបស់ខ្លួន ខណៈពេលពួកគេស្ថិតនៅបរទេស។

លោកស្រីបានបន្ថែមថា “ទីភ្នាក់ងារជ្រើសរើសពលករនៅកម្ពុជា ត្រូវដាក់តម្កល់ទឹកប្រាក់ក្នុងចំនួនជាក់លាក់ណាមួយចូលទៅក្នុងគណនីរបស់ក្រសួងការងារ គួរតែទុកវាមួយឡែកពាក់ព័ន្ធការចំណាយនានា ប្រសិនបើពលរដ្ឋខ្មែរ ត្រូវគេបញ្ជូនពីបរទេសមកវិញ”។

លោក ហេង សួគ៌ ដែលជាអ្នកនាំពាក្យក្រសួងការងារបានអះអាងថាពិតជាមានដំណើរការនេះមែន។

នៅប្រទេសអារ៉ាប៊ីសាអូឌីត នាង សុះ រទស់ និយាយថា នាងទទួលបានជំនួយតិចតួចណាស់ពីអាជ្ញាធរ។ នាងប្រាប់ថា នាងបានគេចផុតពីការប៉ុនប៉ងចាប់រំលោភនៅផ្ទះរបស់ថៅកែទី១  ដែលមិនព្រមបើកប្រាក់ខែឱ្យនាង។ ប៉ុន្តែនៅពេលនាងត្រូវគេដឹកយកទៅដាក់ចោលនៅប៉ុស្តិ៍នគរបាល មន្ត្រីនគរបាលមិនព្រមជួយនាងបន្តលិខិតឆ្លងដែន និងទិដ្ឋាការឡើយ ដោយលើកឡើងថាខ្វះមូលនិធិ ហើយបានរកថៅកែម្នាក់ទៀតឱ្យនាងដែលមិនបានបើកប្រាក់ខែឱ្យដូចថៅកែមុនដែរ។

បន្ទាប់ពីធ្វើការឲ្យថៅកែទី២អស់រយៈពេល១០ឆ្នាំ នាងត្រូវគេដឹកទៅដាក់ចោលនៅនគរបាលម្ដងទៀត។ នាងនិយាយថា លើកនេះនគរបាលក៏បានដាក់ពាក្យបណ្ដឹង។គ្រួសាររបស់នាងនិយាយថា រដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត បានផ្ដល់សំណងជំងឺចិត្តដល់នាង បន្ទាប់ពីគេបញ្ជូននាងត្រឡប់មកកម្ពុជាវិញ។ ទោះជាយ៉ាងណា តំណាងរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។

ប្រទេសអារ៉ាប៊ីសាអូឌីត បានទទួលរងការចោទប្រកាន់ថាបណ្ដោយឱ្យមានការកេងប្រវ័ញ្ច និងការរំលោភបំពានលើពលករចំណាកស្រុកអស់រយៈពេលជាច្រើនឆ្នាំ ហើយអ្នកបម្រើការងារតាមផ្ទះងាយរងគ្រោះយ៉ាងខ្លាំង។

លោកស្រី ហេលែន ស្វន មានប្រសាសន៍ថា បច្ចុប្បន្ន អង្គការចាប់ដៃកំពុងស៊ើបអង្កេតករណីផ្សេងទៀតពាក់ព័ន្ធជនរងគ្រោះខ្មែរ នៅប្រទេសអារ៉ាប៊ីសាអូឌីត។ លោកស្រីគូសបញ្ជាក់ថា “មានបញ្ហាប្រឈមច្រើនណាស់សម្រាប់ពួកគាត់ ពីព្រោះអត់មានស្ថានទូតខ្មែរ នៅក្នុងប្រទេសនេះ”។

សូមបញ្ជាក់ថា ស្ថានទូតខ្មែរនៅជិតបំផុត គឺនៅក្នុងប្រទេសកូវែត ស្ថិតនៅចម្ងាយជាង៥០០គីឡូម៉ែត្រពីទីក្រុងរីយ៉ាដ។

លោកស្រី ហេលែន ស្មម មានប្រសាសន៍ថា នាង សុះ រទស់ គួរតែត្រូវបានជំរុញលើកទឹកចិត្តឱ្យបន្តប្ដឹងបទព្រហ្មទណ្ឌនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

លោកស្រីបានបន្តថា “បញ្ហាគឺថា យើងនឹងឃើញមានករណីកាន់តែច្រើនឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយករណីរបស់នាងអាចជាករណីដ៏សំខាន់ វាអាចជាករណីដែលធ្លាប់កើតមានពីមុន”។ លោកស្រីបន្ថែមថា ករណីនេះអាចបញ្ជូនសារទៅទាំងពលករ និងថៅកែ។ លោកស្រីគូសបញ្ជាក់ថា”ដើម្បីការពារពលករចំណាកស្រុកខ្មែរចាំបាច់ ត្រូវបន្តប្ដឹងតាមប្រព័ន្ធតុលាការ”៕ សុខុម

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស