រោងចក្រកាត់ដេរ H&M ដែលបន្តទទួលបានពិន្ទុខ្ពស់ពីអង្គការសហប្រជាជាតិនោះ គឺជាកន្លែងដែលមានកម្មករដួលសន្លប់ក្នុងចំនួនដ៏ច្រើនកាលពីម្សិលមិញញក្នុងរាជធានីភ្នំពេញ ប៉ុន្តែរកមិនឃើញថា មានបញ្ហាអ្វីឡើយអំឡុងការពិនិត្យ។
លោក សៅ សារិទ្ធ ចៅសង្កាត់រងសង្កាត់ចោមចៅក្នុងខណ្ឌពោធិ៍សែនជ័យបានមានប្រសាសន៍ថា កម្មករ៧៣នាក់ដែលបានដួលសន្លប់នៅរោងចក្រ Berry Apparel (Cambodia) នៅម៉ោងប្រហែល៨ និង៣០នាទីព្រឹកដោយ សារខ្វះជាតិស្ករ។
លោក សៅ សារិទ្ធ បានបន្តថា “វាធ្វើឱ្យពួកគេខ្សោយ”។ លោកបានបន្ថែមថា “ពេលដែលពួកគេឃើញអ្នកផ្សេងដួល ពួកគេក៏ដួលសន្លប់បន្តបន្ទាប់គ្នា”។
ប៉ុន្តែតំណាងសហជីពការងារម្នាក់បានសន្មតការដួលសន្លប់នេះគឺដោយសារការហូបចុក និងការគេងមិនគ្រប់គ្រាន់។
អ្នកស្រី ឈុន សុឃី តំណាងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជានៅរោងចក្រនេះបានមានប្រសាសន៍ថា “មានម្នាក់វិលមុខ ហើយគេសែងយកទៅពេទ្យ”។អ្នកស្រីបានបន្ថែមថា “នៅពេលអ្នកផ្សេងទៀតឃើញអញ្ចឹង ពួកគេភ័យខ្លាច ហើយចាប់ផ្តើមសន្លប់ម្តងមួយៗ”។
អ្នកស្រី ឈុន សុឃី បានថ្លែងថា កម្មករដែលដួលសន្លប់ទាំងនោះត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកក្បែរនោះ ហើយកម្មការិនី៦៤នាក់កំពុងទទួលការព្យាបាលនៅឡើយគិតត្រឹមម៉ោង៤ល្ងាច។
ប្រទេសកម្ពុជាមានកម្មករកាត់ដេរជាង៧០០.០០០នាក់។ ការដួលសន្លប់ក្នុងចំនួនដ៏ច្រើននេះគ្មានអ្វីខុសប្លែកឡើយក្នុងប្រទេសកម្ពុជា ហើយគេសន្មតទៅនឹងព្រលឹង ខ្មោច ការភ័យខ្លាច ការតក់ស្លុត ភាពស្លេកស្លាំង និងមូលហេតុផ្សេងៗទៀតជាដើម។
រោងចក្រកាត់ដេរ Berry មានកម្មករប្រហែល២.៧៥០នាក់ និងផ្គត់ផ្គង់សម្លៀកបំពាក់យីហោអន្តរជាតិរួមមាន H&M ជាដើម។ រោងចក្រកាត់ដេរល្អប្រសើរនៅកម្ពុជា ជាស្ថាប័នរោងចក្រមួយដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ និងធនាគារពិភពលោក បានធ្វើការវាយតម្លៃរោងចក្រនេះកាលពីខែកុម្ភៈឆ្នាំមុន ហើយរកមិនឃើញមានបញ្ហាអ្វីឡើយ។
យោងតាមលោក សៅ សារិទ្ធ និងអ្នកស្រី ឈុន សុឃី បានឱ្យដឹងថា មន្ត្រីក្រសួងការងារ និងអាជ្ញាធរមូលដ្ឋានដែលបានចុះមកពិនិត្យរោងចក្រនេះកាលពីម្សិលមិញក៏រកមិនឃើញថា មានបញ្ហាអ្វីផងដែរ។
H&M មានបណ្តាញទូទាំងពិភពលោកដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែតក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារជាមួយនឹងហាងចំនួន៤.៥០០បានបញ្ជាក់អះអាងពីការដួលសន្លប់នេះកាលពីម្សិលមិញក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា ក្រុមរបស់ខ្លួនក្នុងមូលដ្ឋានបានពិនិត្យករណីនេះ ហើយស៊ើបអង្កេតដើម្បីកំណត់រកមូលហេតុ។
ក្រុមហ៊ុនបានលើកឡើងថា “យើងគិតពីបញ្ហានេះណាស់។ សុខភាព និងសុវត្ថិភាពរបស់អ្នកដែលធ្វើការងារនៅរោងចក្រក្រុមហ៊ុនផ្គត់ផ្គង់យើងគឺជាអាទិភាពចំពោះយើង៕
សារុន (រាយការណ៍បន្ថែមដោយ Bredan O’Byrne)