34 C
Phnom Penh

​បណ្ដា​ម្ចាស់ជំនួយ​អន្តរជាតិ​ត្រូវ​​​​បាន​​ជំរុញ​ឱ្យ​​​ប្រឆាំង​ការ​វាយ​ប្រហារ​​​​​​របស់​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សសង្គ្រោះជាតិ បានលើកឡើងនៅសប្ដាហ៍នេះថា ពេលនេះបណ្ដាប្រទេសដែលផ្ដល់ ភាពស្របច្បាប់ដល់របបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងដែលផ្ដល់ជំនួយ ជាច្រើនរយលានដុល្លារ  សម្រាប់ថវិកាជាតិត្រូវប្រកាន់ជំហរប្រឆាំងការវាយប្រហារ កាន់តែខ្លាំងឡើងពីសំណាក់រដ្ឋាភិបាលទៅលើបណ្ដាអង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

ចំណែកឯបណ្ដាអ្នកវិភាគនយោបាយក៏បានចូលរួមការអំពាវនាវនេះដែរ ដោយចាត់ទុកស្ថានការណ៍នេះថា “ធ្ងន់ធ្ងរខ្លាំង” ដែលសហគមន៍អន្តរជាតិមិនអាចព្រងើយកន្តើយ ហើយបានធ្វើការកត់សម្គាល់ពីវិធានការនានាដែលម្ចាស់ជំនួយអាចធ្វើបាន រាប់ចាប់ពីការដកឯកអគ្គរដ្ឋ/រាជទូត ការលុបចោលជំនួយ ការដាក់បម្រាមទិដ្ឋាការរហូតដល់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។

កម្មការិនីដើរនៅខាងក្រៅរោងចក្រកាត់ដេរ  Berry Apparel (Cambodia) នៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
កម្មការិនីដើរនៅខាងក្រៅរោងចក្រកាត់ដេរ  Berry Apparel (Cambodia) នៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិបានលើកឡើងថា “ម្ចាស់ជំនួយត្រូវប្រកាន់ជំហរឱ្យច្បាស់លាស់នៅពេលនេះ ហើយបង្ហាញដល់រដ្ឋាភិបាលមួយនេះ”។

កញ្ញាបានបន្តទៀតថា “ការបង្ក្រាបកាលពីពេលថ្មីៗនេះត្រូវតែកែប្រែចេញ ហើយត្រូវធ្វើនៅពេលនេះ មិនមែនសល់តែប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតនោះទេ ហើយកុំផ្ដល់ការជឿទុកចិត្តលើការបោះឆ្នោតឱ្យសោះ”។

ការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយ រួមទាំងកាសែតជាភាសាអង់គ្លេស មួយដែលទទួលបានសេរីភាពជាយូរមកហើយបើប្រៀបធៀបទៅនឹងសាព័ត៌មានជាភាសាខ្មែរ ដែលត្រូវបានរឹតបន្តនោះ គឺជាផ្នែកមួយនៃការវាយប្រហារទ្រង់ទ្រាយធំទៅលើអ្នករិះគន់ដែលមានជាច្រើនឆ្នាំមកហើយ។

មន្ត្រីអង្គការសិទ្ធិមនុស្សត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ និងដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលកាន់តែច្រើនឡើង ខណៈច្បាប់ជាច្រើនត្រូវបានប្រញាប់ប្រញាល់អនុម័តតាមរយៈរដ្ឋសភា ដើម្បីផ្ដល់សិទ្ធិអំណាចស្ទើរតែផ្ដាច់មុខដល់រដ្ឋាភិបាលនៅក្នុងការរម្លាយអង្គការមិនមែនរដ្ឋាភិបាល ឬគណបក្សនយោបាយប្រឆាំង។ ច្បាប់ទាំងនោះទើបតែត្រូវគេចាប់ផ្ដើមប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយប៉ុណ្ណោះ ខណៈពេលរដ្ឋាភិបាលកំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដ៏សំខាន់នៅឆ្នាំក្រោយ។

ជាការចាត់វិធានការ បណ្ដារដ្ឋាភិបាលម្ចាស់ជំនួយបានសម្ដែងការស្រងាកចិត្តរួចមកហើយ ឬបានជំរុញឱ្យមានការកែប្រែតាមរយៈការចេញសេចក្ដីថ្លែងការណ៍ប្រើពាក្យពេចន៍ធ្ងន់ៗ ប៉ុន្តែគ្មានរដ្ឋាភិបាលម្ចាស់ជំនួយណាប្រកាសពីការផ្លាស់ប្តូរធំៗនៅក្នុងគោលនយោបាយរបស់ខ្លួនចំពោះកម្ពុជា ឡើយ។

លោក អ៊ា សុផល អ្នកនិពន្ធសៀវភៅមានចំណងជើងថា “Aid Dependence in Cambodia: How Foreign Assistance Undermines Democracy” (ការពឹងផ្អែកជំនួយនៅកម្ពុជា៖ របៀបដែលជំនួយបរទេសធ្វើឱ្យប៉ះពាល់លទ្ធិប្រជាធិបតេយ្យ) បានមានប្រសាសន៍ថា ម្ចាស់ជំនួយត្រូវទទួលខុសត្រូវ “នៅពេលពួកគេព្រងើយកន្តើយនឹងបញ្ហានេះ ចេះតែពន្យារពេលមិនចាត់វិធានការ ហើយបណ្ដោយឱ្យយើងធ្លាក់ចូលក្នុងបញ្ហាដូចពេលនេះ ដោយសេរីភាពប្រព័ន្ធផ្សព្វផ្សាយហៀបសល់តែដង្ហើមចុងក្រោយនៅកម្ពុជា”។

លោកបានលើកឡើងបន្ថែមទៀតថា “ម្ចាស់ជំនួយបរទេសគួរតែអន្តរាគមន៍”។

លោក បាសេស្ទៀន ស្ទ្រែងហ្គីអូ (Sebastian Strangio) អ្នកនិពន្ធសៀវភៅមានចំណងជើងថា ” Hun Sen’s Cambodia” (កម្ពុជារបស់ ហ៊ុន សែន) បានមានប្រសាសន៍ថា មានវិធានការមួយចំនួនដែលបណ្ដាប្រទេសម្ចាស់ជំនួយអាចធ្វើបានដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល។

លោកគូសបញ្ជាក់ថា “ពួកគេអាចដកឯកអគ្គរដ្ឋ/រាជទូតរបស់ពួកគេ ដកគម្រោងផ្ដល់ជំនួយដែលពួកគេបានបន្សល់ទុក ដាក់បម្រាមទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ច”។

រដ្ឋាភិបាលកម្ពុជា  ពឹងផ្អែកលើជំនួយបរទេសប្រហែល១ភាគ៣នៃថវិកាជាតិរបស់ខ្លួន ហើយនៅឆ្នាំ២០១៥ ខ្លួនទទួលបានជំនួយអភិវឌ្ឍន៍ក្រៅប្រទេសប្រហែល៦៧៧លានដុល្លារ រួមទាំងហិរញ្ញប្បទានឥតសំណង និងកម្ចីឥណទានផង នេះបើយោងតាមទិន្នន័យរបស់ធនាគារពិភពលោក។

យោងតាមទិន្នន័យដដែលបង្ហាញថា ជំនួយរបស់ប្រទេសជប៉ុន បានកើនលើស១០០លានដុល្លារនៅឆ្នាំ២០១៥ ចំណែកឯសហរដ្ឋអាមេរិក បានផ្ដល់ជំនួយប្រហែល៨៦លានដុល្លារ។ ធនាគារអភិវឌ្ឍន៍អាស៊ីដែលមានប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ជាអ្នករួមចំណែកធំបំផុត ក៏បានផ្ដល់មូលនិធិជាង១០០លានដុល្លារដែរ។

ទោះបីជាអ្នកអង្កេតការណ៍ជើងចាស់នៅកម្ពុជាបានចាត់ទុកស្ថានភាពបច្ចុប្បន្នថា ជាស្ថានភាពមិនធ្លាប់មានក៏ដោយ តែសមាជិកសហគមន៍ម្ចាស់ជំនួយអន្តរជាតិនៅតែចេញសេចក្តីថ្លែងការណ៍ដូចមុនដដែល ហើយមិនដាក់ទណ្ឌកម្មខ្លាំងនោះទេ ទោះបីជាទំហំនៃការបង្ក្រាបរបស់រដ្ឋាភិបាលកាន់តែធំឡើងៗក៏ដោយ។

សហរដ្ឋអាមេរិកបានបង្ហោះសេចក្តីថ្លែងការណ៍នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយសួរថា “តើប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យដែរឬទេ? អ្នកជាអ្នកសម្រេចចិត្ត!” ដោយរិះគន់ការចេញបទបញ្ជារបស់រដ្ឋាភិបាលឱ្យបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)ជាអង្គការមិនមែនរដ្ឋាភិបាលលើកកម្ពស់ប្រជាធិបតេយ្យដែលទទួលបានជំនួយពីសហរដ្ឋអាមេរិក។ ប៉ុន្តែ គេមើលឃើញថា សហរដ្ឋអាមេរិកមិនសូវចាត់វិធានការផ្សេងទៀតនោះឡើយ។

ប្រទេសជប៉ុនមិនបានបញ្ចេញមតិជាសាធារណៈណាមួយលើការបង្ក្រាបនេះទេហើយស្ថានទូតជប៉ុនមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយឡើយ ខណៈស្ថានទូតសហរដ្ឋអាមេរិកបដិសេធមិនឆ្លើយសំណួរ។

ស្របពេលដំណាលគ្នានេះ សហភាពអឺរ៉ុបដែលជាអ្នកនាំចូលសម្លៀកបំពាក់ធំបំផុតពីកម្ពុជា បានផ្តល់ឱ្យកម្ពុជានូវឋានៈពាណិជ្ជកម្មដ៏អនុគ្រោះបំផុតក្រោមគោលនយោបាយ “អ្វីៗទាំងអស់លើកលែងតែអាវុធ”ដោយសារកម្ពុជា មានឋនៈជាប្រទេស អភិវឌ្ឍន៍តិចតួចបំផុត។សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបរួមបញ្ចូលគ្នានាំចូលសម្លៀកបំពាក់និងស្បែកជើង៧២ភាគរយៈពីកម្ពុជា ដោយជួយទ្រងទ្រង់ឧស្សាហកម្មធំបំផុតរបស់ប្រទេសនេះ។

ជាការឆ្លើយតបចំពោះវិធានការក្នុងពេលថ្មីៗរបស់រដ្ឋាភិបាល សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយជំរុញឱ្យអាជ្ញាធរ “អនុវត្តច្បាប់ប្រកបដោយហេតុផល និងសមធម៌”។ មន្ត្រីទូតសហភាពអឺរ៉ុបប្រចាំរាជធានីភ្នំពេញមិនបានឆ្លើយតបឡើយចំពោះសំណួរតាមអីុម៉េលដែលសួរថា តើខ្លួនមានផែនការធ្វើអ្វីៗបន្ថែមទៀតដែរ ឬទេនោះ។

ការវិនិយោគ និងជំនួយរបស់ប្រទេសម្ចាស់ជំនួយនឹងទំនងជាអំណាចនយោបាយ ប្រសិនបើប្រទេសម្ចាស់ជំនួយទាំងនេះសម្រេចដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ។ អ្នកវិភាគនបាយមួយចំនួនលើកឡើងថា ចាំបាច់ត្រូវតែមានវិធានការឱ្យបានខ្លាំងក្នុងពេលឥឡូវដើម្បីរក្សាប្រជាធិបតេយ្យដែលប្រេះស្រាំនៅកម្ពុជា។

លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយបានសរសេរនៅលើទំព័រទ្វីតធើកាលពីថ្ងៃអង្គារថា “ឥឡូវនេះវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរខ្លាំងបំផុតដែលសហគមន៍អន្តរជាតិមិនអាចធ្វើព្រងើយកន្តើយនបាន” ដោយលោកបានភ្ជាប់ទៅនឹងអត្ថបទព័ត៌មានរបស់កាសែត ខេមបូឌា ដេលី ស្តីពីគណបក្សសង្គ្រោះជាតិត្រូវបានសើុបអង្កេតពីបទឃុបឃិតធ្វើបដិវត្តន៍ពណ៌ ជាការឆ្លុះបញ្ចាំងឱ្យឃើញថា ការបង្ក្រាបនាពេលថ្មីៗកំពុងពង្រីកទំហំលើសពីស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដែលមានសម្ព័ន្ធភាពជាមួយគណបក្សប្រឆាំង។

ប៉ុន្តែ ឱកាសនោះទំនងជាមិនកើតឡើងនោះទេ ជាពិសេសដោយសារតំបន់ទាំងមូលកំពុងងាកចេញពីប្រជាធិបតេយ្យ ហើយប្រទេសចិនកំពុងបង្កើនការផ្តល់ជំនួយរាប់រយលានដុល្លារមកឱ្យកម្ពុជាដោយគ្មានភ្ជាប់លក្ខខណ្ឌសិទ្ធិមនុស្សនោះឡើយ នេះបើតាមលោក សេបាស្ទៀន ស្ទ្រែងហ្គីអូ។

លោក អ៊ា សុផល បានគូសបញ្ជាក់ថា សូម្បីតែគណបក្សសង្គ្រោះជាតិក៏ហាក់ដូចជាស្ទាក់ស្ទើរក្នុងការគាំទ្រស្ថាប័នប្រជាធិបតេយ្យ នៅកម្ពុជាដែរ ជាប្រផ្នូលមិនល្អសម្រាប់ម្ចាស់ជំនួយអន្តរជាតិក្នុងការពិចារណាយកខ្លួនមកពាក់ព័ន្ធ។

គណបក្សសង្គ្រោះជាតិនៅតែមិនសូវមានសកម្មភាពអំឡុងពេលមានការបង្ក្រាបដោយសារចង់ឱ្យខ្លួនរួចផុតពីការវាយប្រហារ ហើយនៅរស់រានរហូតដល់ពេលបោះឆ្នោតជាតិនៅឆ្នាំក្រោយ ទោះបីជាខ្លួនត្រូវបាត់បង់អង្គការសង្គមស៊ីវិលដែលគាំទ្រខ្លួនក៏ដោយ។

លោក សុន ឆ័យ តំណាងរាស្ត្រជាន់ខ្ពស់គណបក្សប្រឆាំងបានលើកឡើងនៅដើមសប្តាហ៍នេះថា គណបក្សរបស់លោកមិនដឹងថា បន្តទៅមុខដោយរបៀបណាទេ ហើយបានជំរុញឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាល ជាការអំពាវនាវបន្ទរដោយកញ្ញា កឹម មនោវិទ្យា កាលពីថ្ងៃពុធ។

កញ្ញា កឹម មនោវិទ្យា បាននិយាយថា “សហ គមន៍អន្តរជាតិត្រូវតែប្រាប់រដ្ឋាភិបាលឱ្យបានច្បាស់ថា តើត្រូវប្រកាន់ឥរិយាបថបែបណា”។ កញ្ញាបន្តថា “របបនេះមិនអាចនៅរសរានបានទេបើគ្មានការគាំទ្រពីប្រទេសសេរី”។

ប៉ុន្តែឥរិយាបថនោះហួសពីអ្វីដែលគណបក្សប្រឆាំងចង់បាន ហើយថា ការគាំទ្រទំនងជាមិនបាត់បង់ក្នុងពេលឆាប់ៗទេ នេះបើយោងតាមលោក សេបាស្ទៀន ស្ទ្រែងហ្គីអូ។

លោកបានថ្លែងថា “អ្វីៗនឹងធ្លាក់ចូលស្ថានភាពអាក្រក់ខ្លាំង គឺថានឹងមានការបង្ហូរឈាមនិងភាពចលាចលយ៉ាងខ្លាំង មុនពេលប្រទេសម្ចាស់ជំនួយចាត់វិធានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា”៕សុខុម និងស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស