សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យទាមទារឲ្យលោកហ៊ុន សែនអន្ដរាគមន៍លើករណីបុគ្គលិកអប់រំមួយចំនួនដែលត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌរបស់ក្រសួងអប់រំយុវជននិងកីឡា។
ការទាមទាររបស់ក្រុមនេះធ្វើឡើងតាមរយៈលិខិតមួយច្បាប់ ក្រោយពីសមាគម បានធ្វើសន្និសិទ្ធសារព័ត៌មានមួយកាលពីម្សិលមិញ ។
សន្និសិទ្ធសារព័ត៌មានដែលរៀបចំដោយលោករ៉ុង ឈុនអតីត ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងជាអតីតសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិ(គ.ជ.ប)។
លោករ៉ុង ឈុនអះអាងថាចាប់តាំងពីថ្ងៃទី៣០ខែមករាមក ក្រសួងអប់រំ យុវជននិងកីឡាបានលុបឈ្មោះគ្រូបង្រៀនចំនួន១៣នាក់ ចេញពីក្របខណ្ឌរបស់ក្រសួងមួយនេះដោយហេតុផលថា ក្រុមគ្រូបង្រៀនទាំងនោះអវត្ដមានដោយគ្មានច្បាប់អនុញ្ញាត និងបោះបង់ការងារចោលតែម្តង។
ក្រុមគ្រូបង្រៀនទាំងនោះបានប្រាប់ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យថាក្រសួងអប់រំមិនបានហៅពួកគាត់មកសាកសួរឡើយ តែបែរជាចេញប្រកាសលុបឈ្មោះពួកគាត់ទាំងគ្មានកំហុស និងបានចោទប្រកាន់ពួកគាត់ទាំងអយុត្ដិធម៌។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអះអាងថាក្រសួងអប់រំយុវជន និងកីឡាមិនបានគោរព និងអនុវត្ដនិតិវិធីតាមអនុក្រឹត្យស្តីពីការស្ថិតនៅក្រៅក្របខណ្ឌដើម និងច្បាប់ស្ដីពីសហលក្ខន្ដិកៈ មន្ដ្រីរាជការស៊ីវិល៕