ក្រសួងការពារជាតិកម្ពុជាប្រកាសថា យោធាកម្ពុជា និងយោធានៃប្រទេសកុម្មុយនីស្តចិននឹងធ្វើលំហាត់យោធារួមគ្នាមួយដែលមានឈ្មោះថា នាគមាសឆ្នាំ ២០១៨ ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ខែមីនា ខាងមុខ។
ប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់យោធារួមគ្នានៃក្រសួងការពារជាតិ លោក ឥត សារ៉ាត់ បានចេញលិខិតជូនដំណឹងមួយកាលពីថ្ងៃទី ៧ មីនា បញ្ជាក់ថា លំហាត់យោធាដែលមានឈ្មោះ នាគមាសឆ្នាំ ២០១៨ នេះ ធ្វើឡើងក្រោមប្រធានបទ ប្រឆាំងភេរវកម្ម និង ការងារមនុស្សធម៌។ សមយុទ្ធយោធានេះ នឹងធ្វើឡើងនៅ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣០ មីនា។
លោក ឥត សារ៉ាត់ បានស្នើឱ្យមន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់កុំភ្ញាក់ផ្អើលចំពោះសំឡេងស្នូរផ្ទុះគ្រាប់ និងការចល័តអាវុធយុទ្ធភណ្ឌយោធានៅទីតាំងរៀបចំកម្មវិធីនោះ។
លោកសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធជួយផ្សព្វផ្សាយអំពីលំហាត់យោធាបាញ់គ្រាប់ពិតមួយនេះឱ្យបានទូលំទូលាយ។ លើសពីនេះត្រូវហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចូលទៅតំបន់ធ្វើសមយុទ្ធ ព្រមទាំងហាមឃាត់មិនឱ្យមានការហោះហើរឆ្លងកាត់តំបន់មួយនេះឡើយ។
ក្រុមអ្នកឃ្លាំមើលសង្គមបារម្ភថា ប្រទេសចិនកំពុងព្យាយាមត្រួតត្រាកម្ពុជាតាមរយៈឥទ្ធិពលសេដ្ឋកិច្ច និងយោធា ខណៈរដ្ឋាភិបាលក្រុងភ្នំពេញ ងាកចេញពីបណ្តាប្រទេសលោកសេរីដូចជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប តាមរយៈការបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។