បេសកជនពិសេសរបស់អង្គការសហប្រជាជាតិនិងមន្រ្តីជាន់ខ្ពស់របស់ រដ្ឋាភិបាលមានគំនិតផ្ទុយគ្នាលើបញ្ហាច្បាប់

0
78

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណាស្មីត(Rhona Smith)និងលោក កែវ រ៉េមីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមានការខ្វែងគំនិតគ្នាច្រើនលើបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តច្បាប់របស់រដ្ឋាភិបាល។

ភាពខ្វែងគំនិតគ្នានេះកើតឡើងនៅក្នុងជំនួបពិភាក្សាបិទទ្វារមួយកាលពីថ្ងៃពុធ ដោយផ្តោតសំខាន់លើ បញ្ហាសិទ្ធិមនុស្សធ្លាក់ចុះ និងបញ្ហាធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ។

អ្នកស្រីរ៉ូណាស្មីតបានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងខ្លី ក្រោយចេញពីកិច្ចប្រជុំនោះថា ភាគីទាំងពីរបានជជែកគ្នាជាច្រើនពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និង ការងាររបស់គណៈកម្មាធិការ សិទ្ធិមនុស្សនៅកម្ពុជា។

អ្នកស្រីបន្តថាអ្នកស្រីបានលើកឡើងអំពីបញ្ហាដែលកម្ពុជាត្រូវតែគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការទទួលស្គាល់នូវឆន្ទៈរបស់រដ្ឋម្ចាស់ឆ្នោត។

ជាងនេះទៅទៀត អ្នកស្រីក៏បានលើកយកបញ្ហាវិសោធនកម្មរដ្ឋធម្មនុញ្ញ និង ច្បាប់មួយចំនួនទៀត ដែលអាចប៉ះទង្គិចដល់សេរីភាពក្នុងការបញ្ចេញមតិ។

អ្នកស្រីរ៉ូណាស្មីត(Rhona Smith)បញ្ជាក់ថាភាគីរដ្ឋាភិបាលកម្ពុជា បានព្រមព្រៀងថានឹងធានាឱ្យមាននូវលំហសិទ្ធិមនុស្សនៅកម្ពុជា។

ចំណែកលោកកែវ រ៉េម៉ី វិញអះអាងថាច្បាប់របស់កម្ពុជាមិនខុសពីច្បាប់បណ្តាប្រទេសផ្សេងៗឡើយគឺកម្ពុជាគោរពនីតិរដ្ឋ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះអះអាងថានៅក្នុងជំនួបជាមួយអ្នកស្រី រ៉ូណាស្មីត (Rhona Smith) គឺមានការខ្វែងគំនិតគ្នា ជាច្រើនចំណុច ហើយមិនអាចរកចំណុចរួមបាន។ លោកបានចំអកថា ថ្ងៃណាមួយបេសកជនពិសេសរូបនេះនឹងយល់ថារដ្ឋាភិបាលកម្ពុជាដើរលើផ្លូវត្រូវជាមិនខាន៕