ក្រុមសង្គមស៊ីវិលបាននាំគ្នាធ្វើយុទ្ធនាការមួយដែលមានឈ្មោះថាសម្លេងយើងដើម្បីសមភាពយេនឌ័រ»

0
88

អង្គការសង្គមស៊ីវិលជាច្រើនបានរួមគ្នារៀបចំកម្មវិធីផ្សព្វផ្សាយគម្រោងមួយដែលមានឈ្មោះថា «សម្លេងយើងដើម្បីសមភាពយេនឌ័រ» ដើម្បីប្រារព្ធទិវានារីអន្តរជាតិ៨មិនាខួបលើកទី១០៧។

គំរោងនេះបង្កើតឡើងដើម្បីស្វែងរកដំណោះស្រាយបញ្ហាសមភាពយេនឌ័រ និងការរើសអើងលើស្រី្ត។

អង្គការសង្គមស៊ីវិលទាំងនោះកាលពីថ្ងៃពុធបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបង្ហាញថាស្ត្រីកម្ពុជា នៅតែប្រឈមនឹងហានិភ័យខ្ពស់ពីអំពើហិង្សាលើរាងកាយនិងផ្លូវភេទ ពីស្វាមី ឬដៃគូស្នេហា រហូតដល់ទៅ២៥%។

ក្រុមអង្គការទាំងនេះ អះអាងថាអ្នកស្រឡាញ់ភេទដូចគ្នានិងស្ត្រីទូទៅនៅតែប្រឈមទៅនឹងការរើសអើង ហើយអ្នកដែលហ៊ានចេញមុខតវ៉ាដើម្បីទាមទារសិទ្ធិរបស់ខ្លួន តែងប្រឈមនឹងអំពើហិង្សាធ្ងន់ធ្ងរទាំងនៅក្នុង គ្រួសារ និងពីមជ្ឈដ្ឋានខាងក្រៅ។

សេចក្តីថ្លែងការណ៍ដដែលបន្តថាបញ្ហាប្រឈមនឹងសមភាពយេនឌ័រ និងការរើសអើងនេះ មិនអាចដោះស្រាយបានពេញលេញទេ ប្រសិនបើពុំមានការប្តេជ្ញាចិត្តខ្លាំងនិងមានវិធានការជាក់លាក់ពីរដ្ឋាភិបាល។

ក្រុមអង្គការទាំងនោះអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀតដើម្បីសម្រេចបាននូវគោលដៅទាំងនោះ។

អង្គការទាំងនេះ ក៏បានស្នើដល់ក្រសួងមហាផ្ទៃ រៀបចំវគ្គបណ្តុះបណ្តាលបន្ថែមទៀតដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន រួមមាននគរបាលនិងក្រុមប្រឹក្សាឃុំ-សង្កាត់ដើម្បីរកវិធីដោះស្រាយករណីអំពើហិង្សាលើផ្នែកយេនឌ័រដោយផ្តល់អាទិភាពសំខាន់ អំពីសុវត្ថិភាពរបស់ស្ត្រីក្មេងស្រី និងអ្នកស្រឡាញ់ភេទដូចគ្នាព្រមទាំងការពារសិទ្ធិ និង សេចក្តីថ្លៃថ្នូរ របស់ពួកគេ ដើម្បីកុំឲ្យជនរងគ្រោះ មានការភ័យខ្លាចក្នុងការរាយការណ៍អំពីករណីរំលោភបំពានផ្សេងៗ៕