សមត្ថកិច្ចខេត្តតាកែវបានរារាំងសង្គមស៊ីវិលមិនឲ្យធ្វើសកម្មភាពជួបប្រជុំ

0
90

សមត្ថកិច្ចខេត្តតាកែវ បានកោះហៅកសិករ២នាក់ និងមន្ត្រីសង្គមស៊ីវិលម្នាក់ ដើម្បីទៅសាកសួរករណីជួបប្រជុំគ្នានៅក្នុងសហគមន៍ ដោយមិនបានសុំការអនុញ្ញាត្តិពីអាជ្ញាធរមូលដ្ឋាន។

ក្រុមសង្គមស៊ីវិល បានចាត់ទុកវិធានការរបស់សមត្ថកិច្ចខេត្តថាជាការគំរាមកំហែង និងជាការរារាំងសកម្មភាពជួបប្រជុំ។

ក្រុមបុក្គលិករបស់អង្គការសម្ព័ន្ធសមាគមកសិករកម្ពុជាឲ្យដឹងថា នគបាលខេត្តតាកែវមិនពេញចិត្តចំពោះសកម្មភាពរបស់ក្រុមកសិករ ដែលបានធ្វើការជួបប្រជុំគ្នាដោយមិនជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាននោះឡើង។

ក្រុមអ្នកភូមិ និងមន្រ្តីអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានប្រាប់ក្រុមអ្នកសាព័ត៌មានថានគបាលបានអនុញ្ញាត្តិឲ្យពួកគាត់ទាំង៣នាក់ត្រលប់ទៅផ្ទះវិញ ហើយទាមទារឲ្យផ្អាកសកម្មភាពជួបប្រជុំគ្នានេះ។

អង្គការសម្ព័ន្ធសមាគមកសិករកម្ពុជាអះអាងថាពួកគេបានជូនដំណឹងទៅសាលាខេត្តតាកែវអំពីសកម្មភាពការងារ របស់ពួកគេរួចរាល់ហើយ កាលចុងឆ្នាំ២០១៧មកម្លេះ។

ក្រុមអង្គការសម្ព័ន្ធសមាគមកសិករកម្ពុជា ពួកគេនឹងចុះជួបពលរដ្ឋនៅសហគមចំនួន២ទៀត គឺសហគមន៍វាយឈ្នះ និងសហគមន៍ស្រុកសំរោងនៅថ្ងៃទី១២ ខែមីនាខាងមុខនេះទៀត។

តំណាងកសិករ អះអាងថា ការចុះជួបពលរដ្ឋនៅក្នុងសហគមន៍ ជាករណីស្របច្បាប់និងជាការបម្រើដល់ផលប្រយោជន៍របស់ពលរដ្ឋក្នុងសហគមន៍ ។

ពួកគេបានស្នើឲ្យក្រសួងមហាផ្ទៃ បញ្ឈប់កុំឲ្យមានករណីរំខានការជួបប្រជុំរបស់សមាគមកសិករនៅតាមមូលដ្ឋានទៀត ដើម្បីធានាឲ្យបាននូវសិទ្ធិក្នុងការចូលរួមប្រជុំដោយសន្តិវិធីស្របតាមច្បាប់រដ្ឋធម្មនុញ៕