វីដេអូ

សមត្ថកិច្ចខេត្តក្រចេះចាប់ខ្លួនពលរដ្ឋ៨នាក់ ក្រោយពីស្លាប់៨នាក់

By ឌឹ ខេមបូឌា ដេលី

March 11, 2018

ក្រុមអ្នកភូមិនិយាយថា យ៉ាងហោចណាស់មានពលរដ្ឋ៨នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនឃុំនៅមន្ទីរឃុំឃាំងខេត្តក្រចេះកាលពីថ្ងៃទី៩ ខែមីនា ក្រោយពីពួកគេនាំគ្នាតវ៉ាក្នុងករណីជំលោះដីធ្លីមួយកន្លែងនៅឃុំ ខ្សឹម និងឃុំ២ធ្នូ កាលពីថ្ងៃទី៨ ខែមីនា។

ក្រុមសមត្ថកិច្ចចម្រុះប្រមាណជិត២រយនាក់ប្រដាប់ដោយអាវុធគ្រប់ដៃកាលពីថ្ងៃទី៨ ខែមីនា បាននាំគ្នាបាញ់រះទៅលើពលរដ្ឋដែលនាំគ្នាតវ៉ាករណីជម្លោះដីធ្លីនៅក្នុងស្រុកស្នួល ខែត្រក្រចេះ បណ្តាលឲ្យស្លាប់ចំនួន៨នាក់ ជាង១០នាក់ទៀតរបួស ហើយផ្ទះចំនួនជាង១០ខ្នងទៀតត្រូវបានដុតបំផ្លាញចោល។

ទោះជាយ៉ាងណាក៏ដោយអាជ្ញាធរខេត្តក្រចេះ កាលពីថ្ងៃទី៨ ខែមីនា បានរាយការណ៍ថា ហេតុការណ៍នោះមិនបានបណ្តាលមានមនុស្សស្លាប់នោះទេ។

ជម្លោះដីធ្លីនេះកើតឡើងដោយសារក្រុមហ៊ុនមេមត់ដែលជាក្រុមហ៊ុនរបស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោក ហ៊ុន សែន បានទទួលដីសម្បទានសេដ្ឋកិច្ចពីឪពុករបស់អ្នកស្រីលើផ្ទៃដី ជិត១ម៉ឺនហិកតា ដើម្បីដាំកៅស៊ូរយៈពេល៥០ឆ្នាំកាលពីឆ្នាំ២០០៨។

ប៉ុន្តែនៅឆ្នាំ២០១៥ អ្នកស្រី ហ៊ុន ម៉ាណា បានផ្ទេរដីសម្បទានទាំងនេះ ទៅឲ្យ ក្រុមហ៊ុន វៀតណាមជាអ្នកគ្រប់គ្រងជំនួស។

ដីសម្បទានសេដ្ឋកិច្ចដ៏ធំល្វឹងល្វើយនេះ បានប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៥២៧គ្រួសារ នៅឃុំឃ្សឹម និងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ក្រុមសង្គមស៊ីវិលនិយាយថា ពួកគេនិងមន្រ្តីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កំពុងចុះស្រាវជ្រាវដើម្បីស្វែងរកអ្នកស្លាប់ និងរបួសក្នុងការបង្រ្កាបបង្ហូរឈាមយ៉ាងហិង្សារបស់សមត្ថកិច្ចចម្រុះខេត្តក្រចេះ ប៉ុន្តែត្រូវបានអាជា្ញធរបិទផ្លូវមិនឲ្យចូលទៅកាន់តំបន់ដែលមានជម្លោះនោះឡើយ។

ការបង្ក្រាបយ៉ាបហិង្សាករណីជម្លោះដីធ្លីក្នុងខេត្តក្រចេះនេះ ផ្ទុះឡើងស្របពេលដែលអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) កំពុងបំពេញបេសកកម្មរយៈពេល១០ថ្ងៃនៅកម្ពុជាដើម្បីស្វែងយល់ និងស្រាវជ្រាវបន្ថែមលើករណីរំលោភសិទ្ធិមនុស្ស និងករណីបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតជាតិខាងមុខនេះ៕