32 C
Phnom Penh

ក្រុមមន្ត្រីសិទ្ធិមនុស្សអំពាវនាវឱ្យបញ្ឈប់ការប្រើអំពើហិង្សានៅតាមផ្លូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនរងគ្រោះដោយសារការប្រើអំពើហិង្សាព្រួតគ្នាវ៉ៃជាក្រុមឈ្មោះស៊ុយ សារ៉េតបានដឹងខ្លួនវិញហើយ និងបានរួចផុតពីសេចក្តីស្លាប់។

ប៉ុន្តែនៅពេលនេះលោកកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យប្រទេសវៀតណាមនៅឡើយ។

ស្នងការនគរបាលក្រុងភ្នំពេញលោកជួន សុវណ្ណកាលពីម្សិលម៉ិញបានបញ្ជាឱ្យសមត្ថកិច្ចស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលបានវាយដំ និងកម្ទេចរថយន្តរបស់ជនរងគ្រោះ យកមកដាក់ទោសតាមច្បាប់។

លោកបន្តថាគ្រោះថ្នាក់ចរាចរណ៍ គឺជាការទទួលខុសត្រូវរបស់អ្នកបើកបរតាមច្បាប់ចរាចរណ៍ផ្លូវគោក ក៏ប៉ុន្តែការប្រើអំពើហិង្សា និងការវាយបំផ្លាញរថយន្តរបស់ជននោះគឺជាបទល្មើសជាក់ស្តែងមួយផ្សេងទៀត។

ក្រុមមន្ត្រីសិទ្ធិមនុស្សកាលពីម្សិលម៉ិញក៏បានប្រកាសថ្កោលទោសចំពោះអំពើហិង្សាជាក្រុមទៅលើអ្នកបើករថយន្តម្នាក់ ដែលគេសង្ស័យថា បានបង្កគ្រោះថ្នាក់ចរាចរណ៍ រួចបើករត់គេចខ្លួនកាលពីថ្ងៃទី១១ខែមីនា។

ក្រុមសិទ្ធិមនុស្សអះអាងថា ការប្រើអំពើហិង្សាជាក្រុមនេះគឺជាការរំលោភលើសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស និងច្បាប់របស់កម្ពុជា ដែលចែងថា មនុស្សម្នាក់ៗមានសិទ្ធិទទួលបានការជំនុំជម្រះដោយស្មើភាពគ្នាទោះបីជាជននោះបានប្រព្រឹត្តទង្វើអ្វីក៏ដោយ។

ពលរដ្ឋចោទថា ជនរងគ្រោះឈ្មោះ ស៊ុយ សារ៉េត បានបង្កគ្រោះថ្នាក់ចរាចរណ៍ចាប់ពីចំណុចម្តុំទួលសង្កែ ខណ្ឌឫស្សីកែវហើយបើកគេចខ្លួនរហូតដល់ម្តុំពេទ្យលោកសង្ឃរាជធានីភ្នំពេញ។

ជនរងគ្រោះរូបនេះត្រូវគេដឹងថា ជាគ្រូបង្រៀននៅសាកលវិទ្យាល័យកម្ពុជាក្នុងទីក្រុងភ្នំពេញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស