មន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិបារម្ភអំពីប្រព័ន្ធដឹកនាំបែបឯកបក្សនៅកម្ពុជា

0
46

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ មនុស្សប្រចាំនៅកម្ពុជា អ្នកស្រី រ៉ូណាស្មីត លើកឡើងពីក្តីព្រួយបារម្ភអំពីប្រព័ន្ធការអនុវត្តប្រព័ន្ធឯកបក្សនៅកម្ពុជា។

អ្នកស្រីបន្តថា វាជារឿងដ៏គួរឱ្យព្រួយបារម្ភ ប្រសិនបើកម្ពុជាអនុវត្តរបបដឹកនាំបែបនេះមែននោះ ព្រោះរដ្ឋធម្មនុញ្ញរបស់កម្ពុជា មានចែងច្បាស់អំពីរបបនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស។

អ្នកស្រីបន្តថា ការចូលរួមរបស់គណបក្សប្រឆាំង គឺជារឿងចាំបាច់មិនអាចខ្វះបាននៅគ្រប់ការបោះឆ្នោតទាំងអស់។

ការអះអាងរបស់មន្រ្តីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិបែបនេះធ្វើឡើងក្រោយពីអ្នកស្រីបានជួបជាមួយគ.ជ.បកាលពីម្សិលម៉ិញនេះ។

អ្នកស្រីបានប្រាប់ក្រុមអ្នកសាព័ត៌មានថា គណកម្មាធិការជាតិរៀបចំការបោះឆ្នោតមានតួនាទីសំខាន់ក្នុងការធានាថា គ្រប់គណបក្សនយោបាយអាចចូលរួមប្រកួតប្រជែងដោយសេរីនិងស្មើភាពគ្នានៅក្នុងការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខដូចកាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០១៧នោះ។

ការបោះឆ្នោតព្រឹទ្ធសភាដែលរៀបចំដោយគ.ជ.បកាលពីពេលថ្មីៗនេះ បាននាំឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតទទួលបានអាសនៈរបស់ព្រឹទ្ធសភាទាំងអស់ដោយសាររដ្ឋាភិបាលលោក ហ៊ុន សែនបានរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា។

ការរំលាយបក្សសង្គ្រោះជាតិកន្លងមកនេះ បានធ្វើឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ស្រុកខ័ណ្ឌ រាជធានី ខេត្ត និងមន្ត្រីជាន់ខ្ពស់ទាំងអស់របស់គណបក្សសង្គ្រោះជាតិបាត់បង់សិទ្ធិតំណាងស្របច្បាប់ដែលពលរដ្ឋបានបោះឆ្នោតឱ្យដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតព្រឹទ្ធសភានេះ៕