30 C
Phnom Penh

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្នើឲ្យអង្គការសហប្រជាជាតិជួយឃ្លាំមើលការបោះឆ្នោតជាតិនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគជបលោកស៊ិកប៊ុនហុកបានស្នើឲ្យអ្នកស្រី រ៉ូណា ស្មីត ដាក់អ្នកសង្កេតការណ៍បោះឆ្នោតឬ រៀបចំឲ្យមានការិយាល័យអង្គការសហប្រជាជាតិនៅទីស្តីការគ.ជ.ប ផ្ទាល់តែម្តងដើម្បីចូលរួមអង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។

សេចក្តីថ្លែងការណ៍របស់គ.ជ.ប ដែលចេញផ្សាយក្រោយជំនួបជាមួយ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាអ្នកស្រី រ៉ូណា ស្មីត (Rhona Smith)កាលពីម្សិលម៉ិញលោកស៊ិកប៊ុនហុក ប្រធាន គ.ជ.ប អះអាងថាវត្តមានរបស់អង្គការសហប្រជាជាតិ គឺដើម្បីឃ្លាំមើលសុចរិតភាពរបស់ គ.ជ.ប។

ទោះជាយ៉ាងណាក៏ដោយមន្រ្តីអង្គការសហប្រជាជាតិអ្នកស្រីរ៉ូណាស្មីតនៅមិនទាន់ធ្វើការឆ្លើយតបលើបញ្ហានេះទេ។

ក្រៅពីជួបជាមួយក្រុមមន្រ្តី គ.ជ.ប អ្នកស្រី រ៉ូណា ស្មីត ក៏មានជំនួបដាច់ដោយឡែកមួយទៀតជាមួយថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជាគឺលោក ហេង សំរិននិងមន្ត្រីជាន់ខ្ពស់រដ្ឋសភាមួយចំនួនទៀត។

បញ្ហាសំខាន់ដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះលើកឡើងក្នុងជំនួបជាមួយរដ្ឋសភាកម្ពុជានេះគឺការរំលាយគណបក្សសង្គ្រោះជាតិ ការយកអាសនៈសភារបស់បក្សប្រឆាំងទៅបែងចែកឱ្យគណបក្សផ្សេងដែលមិនជាប់ឆ្នោត បញ្ហាតម្លាភាពនៃការតាក់តែងច្បាប់ និងការសើរើមើលឡើងវិញនូវខ្លឹមសារច្បាប់មួយចំនួនរបស់កម្ពុជាដើម្បីឱ្យស្របទៅនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

ក្រុមអ្នកឃ្លាំមើលនិយាយថាស្ថានការនយោបាយនៅកម្ពុជាស្ថិតក្នុងរបត់មួយដែលសហគមន៍ជាតិ និងអន្តរជាតិមិនអាចទុកចិត្តបានថា ការបោះឆ្នោតជាតិនៅពេលខាងមុខនឹងធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យនោះឡើយ។

សហគមន៍ជាតិ និងអន្តរជាតិបានស្រែកទាមទារម្តងហើយម្តងទៀត ឱ្យរដ្ឋាភិបាលកម្ពុជាបង្វែរស្ថានការណ៍មករកភាពប្រក្រតីវិញ ដោយដោះលែងលោក កឹម សុខា និងសកម្មជននយោបាយបក្សប្រឆាំងផ្សេងទៀត ព្រមទាំងបើកឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដំណើរការឡើងវិញ និងបញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញទៅលើក្រុមអង្គការសង្គមស៊ីវិលជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស