28 C
Phnom Penh

គ្រួសាររបស់អ្នកស្រី ទេព វន្នី ដាក់ញត្តិស្នើសុំឱ្យលោក ហ៊ុន សែន លើកលែងទោសឱ្យអ្នកស្រីទេព វន្នី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមគ្រួសារអ្នកស្រីទេព វន្នីរួមមានម្តាយនិងបងស្រី កាលពីម្សិលម៉ិញបានយកញត្តិទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំឱ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍ឱ្យមានការលើកលែងទោសដល់អ្នកស្រី ទេព វន្នី ។

ការដាក់ញត្តិលើកនេះត្រូវបានមន្ត្រីខុទ្ទកាល័យលោក ហ៊ុន សែន ទទួលយក ក៏ប៉ុន្តែមិនមានការសន្យាអ្វីនោះឡើយ។

ម្តាយរបស់អ្នកស្រី ទេព វន្នី គឺលោកស្រី ស៊ី ហៀប និងបងស្រីរបស់អ្នកស្រី ទេព វន្នី គឺលោកស្រី ហួត ច័ន្ទសុវណ្ណ ថ្លែងនៅក្នុងញត្តិនោះថា ក្រោយពីអ្នកស្រី ទេព វន្នី ត្រូវជាប់ឃុំក្នុងពន្ធនាគារជាងមួយឆ្នាំកន្លះ នេះមក កូនៗទាំងពីរនាក់របស់គាត់ជួបទុក្ខលំបាកទាំងផ្លូវកាយនិងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដោយសារមិនមានអ្នកថែទាំបានដិតដល់ ព្រោះអ្នកស្រី ទេព វន្នី និងស្វាមី បានលែងលះគ្នារួចហើយ មុនពេលជាប់ពន្ធនាគារ ហើយកូនទាំងពីរនាក់នេះ គឺអ្នកស្រី ទេវន្នី ជាអ្នករ៉ាប់រងចិញ្ចឹមទាំងអស់។

ពួកគាត់រៀបរាប់ទៀតថា កូនស្រីអាយុ ១៣ ឆ្នាំ របស់អ្នកស្រី ទេព វន្នី មានជំងឺប្រព័ន្ធប្រសាទប្រចាំកាយ តាំងពីនៅជាទារក និងត្រូវប្រើថ្នាំជាប់ជាប្រចាំ ហើយចាប់តាំងពីម្តាយត្រូវជាប់ពន្ធនាគារមក នាងបានចូលពេទ្យជាញឹកញាប់ ហើយជំងឺឈឺក្បាលខ្លាំងរបស់នាងបានរើឡើងវិញ ដែលធ្វើឱ្យនាងគេងមិនសូវបាន និងត្អូញថា ឈឺក្បាលជារៀងរាល់ថ្ងៃ។

សកម្មជនដីធ្លីតំបន់បឹងកក់ ដែលបានជូនក្រុមគ្រួសារអ្នកស្រី ទេព វន្នី ទៅដាក់ញត្តិនោះបានប្រាប់ក្រុមអ្នកសាព័ត៌មានថា ញត្តិនោះត្រូវបានមន្ត្រីប្រចាំការនៅខុទ្ទកាល័យលោក ហ៊ុន សែន ទទួលយក ក៏ប៉ុន្តែមន្ត្រីរូបនោះមិនបានសន្យាអ្វីនោះទេ។

ក្រុមគ្រួសាររបស់អ្នកស្រី ទេព វន្នី អំពាវនាវឲ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍ឱ្យមានការដោះលែងអ្នកស្រីទេព វន្នីឲ្យមានសេរីភាពឡើងវិញ។

តុលាការកំពូលកាលពីខែកុម្ភៈ បានសម្រេចតម្កល់សាលក្រមតុលាការក្រុងភ្នំពេញទុកជាបានការដដែល ចំពោះការផ្តន្ទាទោសអ្នកស្រីទេព វន្នី ឱ្យជាប់ពន្ធនាគារ ២ ឆ្នាំកន្លះ ពាក់ព័ន្ធនឹងសំណុំរឿងហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញ ក្បែរផ្ទះនាយករដ្ឋមន្ត្រី កាលពីឆ្នាំ ២០១៣កន្លងទៅ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស