33 C
Phnom Penh

លោកហ៊ុន សែនបានទាមទារសាជាថ្មីឲ្យអាមេរិកលុបបំណុលសល់ពី​សម័យលោកលន់ នល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃអង្គារអះអាងជាថ្មីទៀតថាបំណុលដែលកម្ពុជាជំពាក់អាមេរិកគឺជាបំណុលរបស់លោកសេនាប្រមុខលន់ នល់ទេ។

លោកបន្តថាបំណុលនេះជាបំណុលឈាម និងជាបំណុលកខ្វក់ដែលអាមេរិកយកគ្រាប់បែករាប់លានតោនមកទម្លាក់ សម្លាប់ប្រជាជនកម្ពុជា ហើយមកទារលុយថ្លៃគ្រាប់បែករបស់ពួកគេបានទម្លាក់ថែមទៀត។

លោកហ៊ុន សែនបានប្រៀបប្រដូចគ្រាប់បែកដែលទម្លាក់ដោយអាមេរិកមកលើទឹកដីខ្មែរដូចជាញញួរឬពូថៅ ដែលគេយកមកសំពងលើក្បាលប្រជាជនខ្មែរ ហើយគេទារលុយថ្លៃសម្អាតញញួរនោះថែមទៀត។

បំណុលកម្ពុជាជំពាក់អាមេរិកតាំងពីសម័យដឹកនាំដោយលោក លន់ នល់បានកើតឡើងពីចំនួន២៧៤លានដុល្លារ ដល់ជាង៦០០លានដុល្លារទៅហើយ។

លោកហ៊ុន សែនតែងជំរុញឲ្យសហរដ្ឋ អាមេរិកលុបបំណុលដែលកម្ពុជាជំពាក់នោះ ហើយបង្វិលបំណុលនោះមកជាជំនួយសម្រាប់ការអភិវឌ្ឍនៅកម្ពុជាវិញ។

ក្រុមមន្រ្តីការបរទេសសហរដ្ឋអាមេរិកធ្លាប់ទាមទារឲ្យលោក ហ៊ុន សែនប្រញាប់សងបំណុលទាំងនេះមកឲ្យសហរដ្ឋអាមេរិកវិញ ដើម្បីកុំឲ្យបំណុលនេះមានការកើនឡើងរៀងរាល់ឆ្នាំ។

កាលពីចុងឆ្នាំ២០១៧មន្ត្រីនាំពាក្យការិយាល័យអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហរដ្ឋអាមេរិកអ្នកស្រី អាណា រីជ្ជីយ៍ អេឡែន(Anna Richey-Allen) ធ្លាប់បានបញ្ជាក់ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពុំមានអំណាចលុបចោលបំណុលដែលកម្ពុជាជំពាក់នោះទេលើកលែងតែមានចំណាត់ការណាមួយពីសភាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស