តំណារាស្រ្តអូស្រ្តាលីលោកលូក អាគីនណាស ហ្វូលី (Luke Aquinas Foley)បានប្រឆាំងដាច់ខាតទៅនឹងការគំរាមកំហែងរបស់លោក ហ៊ុន សែន មកកាន់ពលរដ្ឋខ្មែរក្នុងប្រទេសអូស្រ្តាលីប្រសិនបើអ្នកណាហ៊ានចេញមុខដុតទីងមោងជារូបរបស់លោកនោះ។
លោកបញ្ជាក់ថាការគំរាមកំហែងរបស់លោកហ៊ុន សែន បាននាំឲ្យពលរដ្ឋខ្មែរ-អូស្រ្តាលីមានការភ័យខ្លាចចំពោះបក្សពួករបស់លោក ហ៊ុន សែនដែលអាចបង្កអំពើហិង្សាដល់ពួកគេជាយថាហេតុ។
លោកលូកហ្វូលី (Luke Foley) ដែលជាតំណាងរាស្រ្តពីខាងគណបក្សពលករនិងជារដ្ឋមន្រ្តីស្រមោលអូស្រ្តាលីរូបនេះ បានប្រកាសនៅក្នុងសភាសហព័ន្ធកាលពីថ្ងៃពុធថា លោកនឹងឈរជាមួយពលរដ្ឋខ្មែរក្នុងការតវ៉ាប្រឆាំងវត្តមានរបស់លោកហ៊ុន សែន។
លោកបន្តថា កំលាំងសមត្ថកិច្ចរបស់អូស្រ្តាលីបានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារសុវត្ថិភាពរបស់ពលរដ្ឋខ្មែរ។
លោកបញ្ជាក់ថាពលរដ្ឋខ្មែរមានសិទ្ធិពេញលេញក្នុងការធ្វើបាតុកម្មដោយសន្តិវិធី និងដោយគ្មានការភ័យខ្លាចអ្វីនោះឡើយ។
តំណាងរាស្រ្តអូស្រ្តាលីរូបនេះបញ្ជាក់ថាអូស្រ្តាលីគឺជាម្ចាស់ជំនួយ ដ៏ធំមួយក្នុងចំណោមសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប ដែលកាលពីឆ្នាំ២០១៦កន្លងទៅអូស្រ្តាលីបានផ្តល់ជំនួយដល់កម្ពុជាចំនួន ៩២លានដុល្លារនៅឆ្នាំ ២០១៧ចំនួន៩០លានដុល្លារនិងប្រមាណ៨៧លានដុល្លារទៀតនៅឆ្នាំ២០១៨។
លោកអះអាងថាអ្វីដែល អូស្រ្តាលីចង់បានគឺការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៕