38 C
Phnom Penh

ក្រុមសិទ្ធិមនុស្សស្នើឲ្យរដ្ឋាភិបាលអូស្រ្តាលីផ្តោតលើសិទ្ធិមនុស្សក្នុងកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)បានជំរុញឲ្យលោកមែលខមធើនប៊ូល(Malcolm Turnbull) នាយករដ្ឋមន្រ្តីនៃប្រទេសអូស្រ្តាលីលើកយកករណីរំលោភសិទ្ធិមនុស្សនៅតាមបណ្តាប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ដាក់ចូលទៅក្នុងរបៀបវិរៈនៃកិច្ចប្រជុំនោះដែលធ្វើឡើងជាលើកដំបូងក្នុងប្រទេសអូស្រ្តាលី ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមីនាចុងសប្តាហ៍នេះ។

នាយិការអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ក្នុងប្រទេសអូស្ត្រាលីលោកស្រី អេលែនភៀសិន(Elaine Pearson)បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយ ថ្ងៃទី១៤ខែមីនាថា ប្រទេសអូស្រ្តាលីនឹងបរាជ័យប្រសិនបើមិនលើកយកបញ្ហារំលោភសិទ្ធិមនុស្សក្នុងបណ្តាប្រទេសអាស៊ាន មកពិភាក្សាជាសាធារណៈនៅឯកិច្ចប្រជុំកំពូលនេះ។

ហើយកិច្ចប្រជុំនេះនឹងក្លាយជាជោគជ័យសម្រាប់ក្រុមមេដឹកនាំដែលប្រព្រឹត្តការរំលោភសិទ្ធិមនុស្សទៅវិញ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះក៏បានជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលី លើកយកបញ្ហានៃការបង្ក្រាបទៅលើក្រុមបក្សប្រឆាំងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការធ្វើទុក្ខបុកម្នេញអង្គការសង្គមស៊ីវិលនិងការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា និងបញ្ហារំលោភសិទ្ធិមនុស្សនៅតាមបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។

លោកស្រីអេលែនភៀសិន(Elaine Pearson)បានលើកជាអនុសាសន៍ថាកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី មិនមែនជាកិច្ចប្រជុំមួយដែលធ្វើឡើងសំរាប់តែក្រុមមេដឹកនាំផ្តាច់ការទាំងនោះទេ ក៏ប៉ុន្តែវាគួរតែជាឱកាសមួយក្នុងការដាក់សម្ពាធដល់ក្រុមមេដឹកនាំទាំងនោះ អំពីករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅតាមបណ្តាប្រទេសរបស់ពួកគេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស