អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាលោកស្រី រ៉ូណាស្មីត(Rhona Smith) បានចាត់ទុកស្ថានភាពនយោបាយការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាថាកំពុងជួបគ្រោះមហន្តរាយធ្ងន់ធ្ងរ។
ការអះអាងរបស់លោកស្រី រ៉ូណា ស្មីត(Rhona Smith)ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយក្រោយពីបញ្ចប់បេសកម្មរយៈពេលជាង១០ថ្ងៃនៅកម្ពុជាកាលពីថ្ងៃពុធ។
ដំណើរទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជាលោកស្រីបានជួបជាមួយអង្គការសង្គមស៊ីវិល អ្នកវិភាគមន្រ្តីបក្សសង្គ្រោះជាតិ និងតំណាងរដ្ឋាភិបាលជាដើម។
លោកស្រីបន្តថា គ្រោះមហន្តរាយនៃដំណើរការប្រជាធិបតេយ្យដ៏អាក្រក់ដែលកំពុងកើតមាននៅកម្ពុជានោ គឺការរំលាយបក្សប្រឆាំង ការចាប់ខ្លួនប្រធានបក្សប្រឆាំងលោក កឹម សុខា ការឃុំខ្លួនអ្នកទោសនយោបាយជាច្រើនរូប និងការបាញ់បង្រ្កាបលើអ្នកមានជម្លោះដីធ្លីជាដើម។
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិរូបនេះបានអំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែនដោះលែងលោកកឹម សុខា អនុញ្ញាត មន្រ្តីបក្សសង្រ្គោះជាតិទាំង១១៨រូបមានសិទ្ធិធ្វើនយោបាយឡើងវិញនិងលុបចោលការរំលាយគណបក្សសង្គ្រោះជាតិ។
លោកស្រីបានទាមទារឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ ស្ដារស្ថានភាពអាក្រក់នេះឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូបអាចអនុវត្តសិទ្ធិបញ្ចេញមតិសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឡើងវិញ ដោយគ្មានការភ័យខ្លាចនិងការបំភិតបំភ័យ៕