30.7 C
Phnom Penh

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីព្រួតគ្នាវាយអ្នកបើកឡានបុកគេហើយបើករត់គេច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កំលាំងនគបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ១៣ ខែមីនា បានចាប់ខ្លួនមនុស្សពីរនាក់ពីបទសង្ស័យថាបានបង្ករអំពើហិង្សាជាក្រុមទៅលើអ្នកបើកថយន្តម្នាក់ឈ្មោះ លោកស៊ុយ សារ៉េត ដែល បានបង្កគ្រោះថ្នាក់ចរាចរណ៍រួចបើករត់គេចខ្លួន។

ជនសង្ស័យទាំងពីរនាក់នោះម្នាក់ជាសន្តិសុខសាលាខណ្ឌដូនពេញ និងម្នាក់ទៀតជាប្រជាការពារសង្កាត់ស្រះចក។

កាសែតក្នុងស្រុកបានដកស្រង់សម្តីសមត្ថកិច្ចជំនាញថា អ្នកដែលត្រូវបានចាប់ខ្លួនទាំងពីរនាក់នេះ គឺជាជនដៃដល់ដំបូងគេ ដែលបានប្រើអំពើហិង្សាទៅលើលោក ស៊ុយ សារ៉េត ដែលជាគ្រូបង្រៀននៅសាកលវិទ្យាល័យកម្ពុជាហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យផ្សេងទៀត ដែលបានព្រួតគ្នាវាយលើគ្រូបង្រៀនរូបនោះឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី ១១មីនាកន្លងទៅ។

បណ្តាញសាព័ត៌មានរបស់លោក ហ៊ុន សែន បានដកស្រង់សំដីលោក ជួនសុវណ្ណចុះផ្សាយកាលពីថ្ងៃពុធថាសមត្ថកិច្ចកំណត់បានមុខសញ្ញា បានសាវតាជាតិលើជនសង្ស័យចំនួន៤នាក់ហើយ ដែលជាជនដៃដល់ខ្លាំងជាងគេបំផុតប៉ុន្ដែពួកគេបានរត់គេចខ្លួនពីផ្ទះអស់ហើយ។

លោកបន្តថាលោកបានសុំដីការចាប់ខ្លួនពីតុលាការហើយដើម្បីស្វែងរកចាប់ខ្លួនពួកគេឲ្យទាល់តែបាន។

ចំណែកក្រុមសិទ្ធិមនុស្សបានថ្កោលទោសចំពោះអំពើហិង្សាមួយនេះ ហើយបានអំពាវនាវឱ្យមានការបញ្ឈប់សកម្មភាពល្មើសច្បាប់ដូច្នេះទៀត។

ពួកគេក៏បានអំពាវនាវដល់អាជ្ញាធរឱ្យពង្រឹងការអនុវត្តច្បាប់ដោយសារអំពើហិង្សាបែបនេះកើតចេញពីការមិនទុកចិត្តលើសមត្ថកិច្ចនិងប្រព័ន្ធតុលាការ។

ជនរងគ្រោះនៃការព្រួតគ្នាវាយដោយហ្វូងមនុស្ស លោក ស៊ុយ សារ៉េត នោះ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងប្រទេសវៀតណាម។

លោកបានប្តឹងករណីហិង្សាជាក្រុមមកលើរូបលោកនេះហើយដើម្បីឱ្យសមត្ថកិច្ចចាប់ជនដៃដល់ទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់ និងសងជំងឺចិត្តលោកប្រហែល ៣០ ម៉ឺនដុល្លារអាមេរិក ថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស