យ៉ាងហោចណាស់មានមនុស្សចំនួន២នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ដោយសារការផ្ទុះគ្រាប់មីន នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត នៃបន្ទាយរថក្រោះអេស៊ីអូ (ACO) ក្នុងភូមិក្រឡាញ់ ឃុំ មហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ម្សិលម៉ិញ។
អ្នកស្លាប់ទាំងពីរនាក់នោះ មានជនជាតិ អូស្រ្តាលីម្នាក់ និងទាហានខ្មែរម្នាក់។
ក្រុមអាជ្ញាធរឲ្យដឹងថា មូលហេតុនៃការផ្ទុះគ្រាប់បែកនេះ ដោយសារជនរងគ្រោះ និងមន្រ្តីកម្លាំងយោធាជាច្រើននាក់ផ្សេងទៀត នាំគ្នាហ្វឹកហាត់ នៅទីលានបាញ់គ្រាប់ពិត នៃបន្ទាយរថក្រោះអេស៊ីអូ(ACO) ប៉ុន្តែពេលកំពុងហ្វឹកហាត់នោះ ពួកគេបានបោះគ្រាប់បែកនោះចេញទៅទីវាល តែគ្រាប់នោះមិនទាន់ផ្ទុះ។
ភ្លាមៗនោះក្រុមទាហានក៏បាននាំគ្នាទៅរើសគ្រាប់នោះយកមកពិនិត្យមើលឡើងវិញ ពេលនោះគ្រាប់ក៏ផ្ទុះតែម្តង។
ជនរងគ្រោះដែលរបួសធ្ងន់៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្របពេលក្រុមសមត្ថកិច្ចកំពុងនាំគ្នាចុះទៅត្រួតពិនិត្យមើលទីតាំងកើតហេតុនោះ ប៉ុន្តែមិនទាន់មានការវាយតម្លៃថា យ៉ាងណានៅឡើយទេ។
បន្ទាយរថក្រោះអេស៊ីអូ (ACO) ក្នុងភូមិក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាទីតាំងយោធាមួយដែលរដ្ឋាភិបាលកម្ពុជា តែងយកធ្វើជាកន្លែងសមយុទ្ធយោធាជាមួយកងទ័ពបរទេស។
កន្លងមកបន្ទាយនេះត្រូវបានយកធ្វើជាទីតាំងសមយុទ្ធយោធារួមគ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិកដោយមានការប្រើសព្វាវុធធន់ធ្ងន់ជាច្រើន៕