38 C
Phnom Penh

អគ្គរាជទូតកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិបានទាត់ចោលសេចក្តីថ្លែងការណ៍របស់លោកស្រី រ៉ូណា ស្មីត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានាក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស(Switzerland)លោកណី សំអុលអះអាងថា ការរៀបចំការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៨នេះ មានបណ្តាប្រទេសមួយចំនួនបានខិតខំរិះរកមធ្យោបាយ និងវិធីសាស្រ្តគ្រប់បែបយ៉ាងដោយឥតអៀនខ្មាស់ ដើម្បីធ្វើការជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសគឺអង្គការសិទ្ធិមនុស្សដែលមានចេតនាសាបព្រួសភាពស្អប់ខ្ពើមមកលើរដ្ឋាភិបាលកម្ពុជានិងការប៉ុនប៉ង ធ្វើការផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ជាដើម។

លោកណី សំអុល ព្រមានថាបណ្តាប្រទេសមួយចំនួនបានបំលែងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិឱ្យក្លាយទៅជារូបភាពនយោបាយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

ការអះអាងរបស់បេសកជនពិសេសរបស់លោកហ៊ុន សែន ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរូបនេះធ្វើឡើង ក្រោយពីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត(Rhona Smith)បានចាត់ទុកស្ថានភាពនយោបាយការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាកំពុងជួបគ្រោះមហន្តរាយធ្ងន់ធ្ងរ។

ការអះអាងរបស់លោកស្រីរ៉ូណា ស្មីត(Rhona Smith) ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយក្រោយពីបញ្ចប់បេសកម្មរយៈពេលជាង១០ថ្ងៃនៅកម្ពុជាកាលពីថ្ងៃពុធ។

លោកស្រីបន្តថា គ្រោះមហន្តរាយនៃដំណើរការប្រជាធិបតេយ្យដ៏អាក្រក់ដែលកំពុងកើតមាននៅកម្ពុជានោះគឺការរំលាយបក្សប្រឆាំង ការចាប់ខ្លួនប្រធានបក្សប្រឆាំងលោកកឹម សុខា ការឃុំខ្លួនអ្នកទោសនយោបាយជាច្រើនរូប និងការបាញ់បង្រ្កាបលើអ្នកមានជម្លោះដីធ្លីជាដើម។

លោកស្រីបានទាមទារឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញស្ដារស្ថានភាពអាក្រក់នេះឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូបអាចអនុវត្តសិទ្ធិបញ្ចេញមតិ សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឡើងវិញដោយគ្មានការភ័យខ្លាចនិងការបំភិតបំភ័យនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស