27 C
Phnom Penh

អូស្រ្តាលីបានផ្តល់ជំនួយ៦៧លានដុល្លារដល់កម្ពុជាសំរាប់ការអភិវឌ្ឍន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលប្រទេសអូស្រ្តាលីបានសន្យាផ្តល់ជំនួយប្រមាណ ៨៧លានដុល្លារអូស្ត្រាលីស្មើនឹងជាង៦៧លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍នៅកម្ពុជាក្នុងឆ្នាំ២០១៨នៅក្នុងជំនួបរវាងលោក ហ៊ុន សែននិងលោក មែលខូមថើនប៊ូល(Malcolm Turnbull) នាយករដ្ឋមន្ត្រីនៃប្រទេសអូស្រ្តាលីកាលពីព្រឹកថ្ងៃទី១៦ខែមីនាម្សិលម៉ិញ។

បណ្តាញព័ត៌មានរបស់លោកហ៊ុន សែនបានដកស្រង់សំដីលោក កៅ គឹមហួនរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចុះផ្សាយកាលពីម្សិលម៉ិញថាក្រៅពីការផ្តល់ជំនួយនេះរដ្ឋាភិបាលអូស្ត្រាលី ក៏បានសន្យាផងដែរថា នឹងជំរុញការវិនិយោគពីអូស្រ្តាលីមកកាន់កម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត។

ទោះជាយ៉ាងណាក៏ដោយលោកកៅ គឹមហួន មិនបានបញ្ជាក់ឲ្យបាន ច្បាស់នៅឡើយទេថាតើជំនួយនោះជាប្រភេទកម្ចីដែលបានការប្រាក់ ទាបឬមួយជាជំនួយឥតសំណង។លោកកៅ គឹមហួនបញ្ជាក់ថានៅក្នុងជំនួបនោះ លោក ហ៊ុន សែន បានស្នើឲ្យនាយករដ្ឋមន្ត្រីអូស្ត្រាលីឲ្យបញ្ជូនអ្នកសង្កេតការណ៍ទៅ តាមដាន និងឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជានាខែកក្កដាខាងមុខ។

ប៉ុន្តែរដ្ឋមន្រ្តីក្រសួងការបរទសអូស្ត្រាលីអ្នកស្រីជូលី ប៊ីហ្សីប (Jolie Bishop)កាលពីចុងឆ្នាំ២០១៧កន្លងទៅបានប្រកាសថាអូស្រ្តាលីនឹង មិនទទួលស្គាល់ការបោះឆ្នោតនោះឡើយប្រសិនបើធ្វើឡើងខ្វះវត្តមាន របស់គណបក្សសង្គ្រោះជាតិ។

រដ្ឋាភិបាលអូស្រ្តាលីកន្លងមកមានការចោទប្រកាន់ធ្ងន់ៗអំពីការ សូកប៉ាន់ដល់រដ្ឋាភិបាលកម្ពុជានូវទឹកប្រាក់ជិត៦០លានដុល្លារ ក្នុងការទទួលយកជនភៀសខ្លួនពីកោះណៅរុមកកម្ពុជា។

ក្រុមគណបក្សពលករអូស្រ្តាលី ដែលជាគណបក្សប្រឆាំងបានចាត់ទុកទំនាក់ទំនងរបស់រដ្ឋាភិបាលអូស្រ្តាលីនិងរដ្ឋាភិបាលកម្ពុជាថា មានទំនាស់ផលប្រយោជន៍នឹងគ្នា ដែលនាំឲ្យអូស្រ្តាលីមានភាពស្ងប់ស្ងាត់ក្នុងករណីវិបត្តិនយោបាយនៅកម្ពុជា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស