35 C
Phnom Penh

មន្រ្តីជំនិតរបស់លោក ហ៊ុន សែន លាតត្រដាងកិច្ចសន្ទនាជាមួយលោកហួត វុទ្ធី ឬ ជុន ច័ន្ទបុត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីយោធាជាន់ខ្ពស់របស់លោកហ៊ុន សែនអះអាងលោក ហ៊ួត វុទ្ធី ហៅជុនច័ន្ទបុត្រជានាយករងរបស់វិទ្យុអាស៊ីសេរីពិតជាបានសុំកំលាំងសន្តិសុខរបស់លោកការពារសុវត្ថិភាពពេលលោកបំពេញបេសកម្មនៅក្រៅប្រទេស។

បណ្តាញសាព័ត៌មានរបស់លោកហ៊ុន សែន បានដកស្រង់សំដីលោកឧត្តមសេនីយ៍ឯកម៉ៅសុផាន់មេបញ្ជាការកងពលតូចលេខ៧០ ចុះផ្សាយកាលពីថ្ងៃសៅរ៍ថាលោកជុនច័ន្ទបុត្របានផ្ញើរសារតាមបណ្តាញទំនាក់ទំនងសង្គមវាត់ស្អាប់(What App) មកឲ្យលោកដោយ សុំកម្លាំងរបស់កងពលតូចលេខ៧០ដើម្បីការពារខ្លួន ព្រោះខ្លាច CIA អាមេរិកតាមបាញ់សម្លាប់លោកជុនច័ន្ទបុត្រដូចសម្លាប់លោក កែម ឡី។

លោកបន្តថានៅម៉ោង១០យប់ថ្ងៃដដែល លោកបានចាត់ចែងកម្លាំង៣នាក់ដើម្បីការពារពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

រហូតដល់ម៉ោង១១និង៥៤នាទីយប់ថ្ងៃទី២២ ខែមីនាដដែលកម្លាំងរបស់លោកបានតាមការពារពីក្រោយហើយពេលនោះលោក ជុន ច័ន្ទបុត្របានជិះឡានឡិចស៊ីស៤៧០ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2S-0789តាមការពាររហូតដល់សណ្ឋាគារសាន់វ៉េ ហើយលោកបានប្រាប់ពីខាងក្នុងមកថាសន្យាផ្តល់ព័ត៌មានមកឲ្យខាងលោកវិញ

លោកម៉ៅសុផាន់បញ្ជាក់ថានៅថ្ងៃទី២៣ខែមីនាឆ្នាំ២០១៧ វេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់លោករដ្ឋាវិសាល ដែលជាអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីដែរនោះ បានរៀបចំឲ្យមានការទទួលទានបាយរវាងលោកនិងលោកជុនច័ន្ទបុត្រ ដោយមានកម្លាំងរបស់លោកតាមការពារផងដែរ។

ក្នុងពេលទទួលទានបាយមានរយៈពេល១ម៉ោងនិង៤៥នាទីលោកនិងលោកជន់ចាន់បុត្រ បានជជែករឿងរ៉ាវជាច្រើន ហើយលោកបានថែមទាំងថតខ្សែអាត់សម្លេងទាំងស្រុង នៃការសន្ទនានោះទុកទៀត។

មេបញ្ជាការកងពលតូចលេខ៧០រូបនេះអះអាងថាលោកជុនច័ន្ទបុត្រ ធ្លាប់បានប្រាប់ពីរឿងរ៉ាវលំបាកមួយចំនួននៅវិទ្យុអាស៊ីសេរីហើយថាលោក ចង់ចាកចេញពីវិទ្យុបរទេសមួយនេះប៉ុន្តែមិនដឹងចាកចេញដោយវិធីណានោះទេ។

លោកបន្តថាលោកជុនច័ន្ទបុត្របានប្រាប់លោកថា ធ្វើការជាមួយអាស៊ីសេរីគឺត្រូវតែធ្វើបញ្ជារបស់អាមេរិកគេឲ្យនិយាយអ្វីត្រូវធ្វើតាមគេ បើមិនធ្វើតាមគេគេនឹងសម្លាប់ចោល។

ការអះអាងរបស់លោក ម៉ៅ សុផាន់ធ្វើឡើងក្រោយពីលោកហ៊ុន សែន បានប្រាប់ក្រុមអ្នកគាំទ្ររបស់លោកក្នុងប្រទេសអូស្រ្តាលីថាកាលពីថ្ងៃទី១៥ ខែមីនាថា លោក ជុនច័ន្ទបុត្របានជួបជាមួយលោកឧត្តមសេនីយ៍ឯកម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០និងលោកហ៊ុនម៉ាណែត កូនប្រុសរបស់លោកហ៊ុន សែន ដើម្បីឲ្យពួកគេការពារសុវត្ថិភាពលោកកុំឲ្យមានការបាញ់សម្លាប់ដូចលោកបណ្ឌិតកែម ឡី ដែលធ្វើឡើងដោយភា្នក់ងារចារកម្មរបស់អាមេរិក។

ទោះជាយ៉ាងណាក៏ដោយលោកហួត វុទ្ធីហៅជុនច័ន្ទបុត្រ បានបដិសេធជាខ្លាំងចំពោះការលាបពណ៌របស់លោកហ៊ុន សែន មកលើរូបលោក ដែលថាលោកជាជនបង្កប់ធ្វើការងារខាងចារកម្មឲ្យគណបក្សប្រជាជនកម្ពុជានោះ។

លោកហួត វុទ្ធីហៅជុនច័ន្ទបុត្រ បានជំរុញឲ្យលោកហ៊ុន សែន ត្រូវមានសេចក្តីក្លាហានចូលរួមក្នុងកម្មវិធីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីដែលធ្វើឡើងរៀងរាល់សប្តាហ៍ ហើយដាក់បង្ហាញភស្តុតាងទាំងអស់ដែលលោកមាននោះឲ្យសាធារណៈជនបានដឹងតែម្តងទៅ។

លោកបានហៅ ការប្រឌិតលាបពណ៌របស់លោក ហ៊ុន សែនគឺជារឿងដ៏គួរឲ្យអស់សំណើច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស