31 C
Phnom Penh

កម្ពុជានិងចិនគ្រោងបង្កើនទំហំពាណិជ្ជកម្មរហូតដល់ទៅ៦ពាន់លាន ដុល្លារអាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា បញ្ជាក់ថាកម្ពុជា និងចិន បានដាក់ចេញផែនការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបាន៦ពាន់លានដុល្លារសហរដ្ឋអាមេរិកក្រោយពីប្រទេសទាំងពីរ ទទួលបានលទ្ធផលផ្នែកពាណិជ្ជកម្មជាផ្លែផ្កាកាលពីឆ្នាំ២០១៧។

បណ្តាញសាព័ត៌មានរបស់លោកហ៊ុន សែនបានដកស្រង់សំដី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកឈួន ដារាចុះផ្សាយថាពី ឆ្នាំ ២០១៨នេះរហូតដល់ឆ្នាំ២០២០រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នឹងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរថែមទៀត។

លោកបន្តថាលោកហ៊ុន សែន បានគាំទ្រយ៉ាងពេញទំហឹងចំពោះការមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ពីសំណាក់ក្រុមអ្នកវិនិយោគទុនចិន។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិយាយថា មួយរយៈពេលចុងក្រោយនេះ វត្តមានដ៏ច្រើននៃជនជាតិចិនលើទឹកដីកម្ពុជា បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសេដ្ឋកិច្ចនៅតាមតំបន់សំខាន់ៗមួយចំនួននៃប្រទេសកម្ពុជា ដូចជា នៅខេត្តព្រះសីហនុ ខេត្តសៀមរាបនិងក្រុងភ្នំពេញជាដើម។

ពួកគេនិយាយថាជនជាតិចិនកំពុងប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងនៃការចាប់ជម្រិតតាមប្រព័ន្ធអ៊ីនធើណិត ជាបន្តបន្ទាប់ខណៈការគ្រប់គ្រងជនជាតិចិនរបស់អាជ្ញាធរកម្ពុជា ហាក់ដូចជានៅឆ្ងាយពីកលល្បិចរបស់ជនជាតិចិនទាំងនោះ ដែលបញ្ហានេះនឹងជះឥទ្ធិពលអាក្រក់ដល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ ប្រសិនបើមិនមានការទប់ស្កាត់ឱ្យបានទាន់ពេលវេលាទេនោះ។

ក្រុមសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចដាក់ចេញនូវវិធានការរដ្ឋបាលតឹងរ៉ឹងទៅលើជនជាតិចិនដែលកំពុងស្នាក់នៅកម្ពុជា ដើម្បីកុំឱ្យពួកគេមានឱកាសក្នុងការប្រព្រឹត្តបទល្មើសចាប់ជម្រិតតាមប្រព័ន្ធអ៊ីនធើណិត ឬក៏ប្រព្រឹត្តបទល្មើសអ្វីផ្សេងទៀតនៅលើទឹកដីកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស