លោកនាយករដ្ឋមន្រ្តីហ៊ុន សែនជាប់ចំណាត់ថ្នាក់នៅលេខ៤ក្នុងចំណោមមេដឹកនាំផ្តាច់ការដែលក្រាញអំណាចយូរជាងគេនៅលើពិភពលោកចំនួនដប់នាក់ដែលកំពុងកាន់អំណាច។
ក្នុងចំណោមមេដឹកនាំទាំងដប់នាក់នោះភាគច្រើនគឺជាប្រភេទមេដឹកនាំក្នុងទ្វីបអាហ្រ្វិច ជាពីសេសមេដឹកនាំប្រទេសកាមេរូន(Cameroon) ដែលកាន់កាប់អំណាចអស់រយៈពេល៣៥ឆ្នាំមកហើយ និងមេដឹកនាំមួយរូបទៀតពីសាធារណៈរដ្ឋកុងហ្គោ(Republic of the Congo)ដែលកាន់អំណាចបានជិត៣៤ ឆ្នាំ។
ចំណែកលោកហ៊ុន សែន កាន់កាប់អំណាចយូរជាងប្រធានាធិបតីនៃប្រទេសអ៊ុយហ្កាន់ដា(Uganda)ដែលកាន់អំណាចរហូតដល់ជាង ៣២ ឆ្នាំប្រធាធិបតីប្រទេស ស៊ូដង់ (Sudan)ដែលកាន់អំណាចជិត ២៩ ឆ្នាំនិងប្រធានាធិបតីរុស្ស៊ីគឺលោក វ្លាឌីមៀ ពូទីន(Vladimir Putin) នោះទៅទៀត។
ជាងនេះទៅទៀតលោកហ៊ុន សែនប្រកាសថាលោកនឹងបន្តកាន់អំណាចរយៈពេល១០ឆ្នាំទៅមុខទៀតដោយលោកអះអាងថា ពលរដ្ឋខ្មែរនៅត្រូវការភាពដឹកនាំរបស់លោកដែលគោរពនីតិរដ្ឋ គោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
ទោះជាយ៉ាងណាក៏ដោយសហគមន៍អន្តរជាតិបានចាត់ទុកលោកហ៊ុន សែន ជាមេដឹកនាំផ្តាច់ការជាមេដឹកនាំដែលពុករលួយតាមរយៈគ្រួសារនិយម ជាមេដឹកនាំដែលបានបំផ្លាញគោលការប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
រហូតមកទល់ពេលនេះលោក ហ៊ុន សែនកំពុងជាប់បណ្តឹងជាច្រើន ដែលប្តឹងឡើងដោយមេធាវីអន្តរជាតិទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិតាមរយៈការរំលោភដីធ្លីជាលក្ខណៈ ប្រព័ន្ធនិងការសំលាប់មនុស្សក្រៅប្រព័ន្ធតុលាការជាដើម៕