វីដេអូ

តុលាការខេត្តសៀមរាបកាត់ទោសជនជាតិអង់គ្លេសម្នាក់ឲ្យជាប់ពន្ធនាគារ១ឆ្នាំករណីរាំអាសអាភាស

By ឌឹ ខេមបូឌា ដេលី

March 21, 2018

តុលាការខេត្តសៀមរាបកាលពីម្សិលម៉ិញបានកាត់ទោសជនជាតិអង់គ្លេសម្នាក់ពាក់ព័ន្ធនឹងករណីរាំអាសអាភាសឲ្យជាប់ពន្ធនាគារ រយៈពេល១ឆ្នាំ។

ជនជាតិអង់គ្លេសរូបនោះមានឈ្មោះដានីញ៉ែល ចូន (Daniel Jones)អាយុ៣១ ឆ្នាំ ត្រូវបានអាជ្ញាធរឃាត់ខ្លួនក្នុងចំណោមជនបរទេសចំនួន១០នាក់នៅក្នុងករណីបង្ក្រាបកន្លែងជប់លៀងមួយ កន្លែងនៅក្រុងសៀមរាបកាលពីខែមករាកន្លងទៅ។

ជនបរទេសចំនួន៩នាក់ត្រូវបានអាជ្ញាធរដោះលែងវិញ លើកលែងតែជនជាតិអង់គ្លេសរូបនេះ។

ក្នុងពេលសវនាការជនបរទេសរូបនេះបានតវ៉ាថា ខ្លួនពុំបានប្រព្រឹត្តិសកម្មភាពអានាចារផ្លូវភេទ ឬរាំអាសអាភាសនៅក្នុងពេលជប់លៀងនោះទេដោយគ្រាន់តែបង្ហោះរូបថតនៅលើហ្វេសប៊ុក ដើម្បីឲ្យមានមនុស្សចូលរួមច្រើនក្នុងពិធីជប់លៀងច្រើនប៉ុណ្ណោះ។

យ៉ាងណាក៏ដោយជនបរទេសរូបនេះ បានសុំទោសចំពោះករណីដែលខ្លួនប្រព្រឹត្តិកំហុសឆ្គងដោយអចេតនានេះ។

ប៉ុន្តែតុលាការខេត្តសៀមរាបលើកឡើងថា រូបភាពដែលជនបរទេសរូបនេះបានបង្ហោះគឺមានបំណងលើកទឹកចិត្តឲ្យប្រព្រឹត្តអំពើផ្លូវភេទ ហើយដែលវាជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ និងប្រពៃណីខ្មែរ។

តុលាការរកឃើញថា ជនបរទេសជាប់ចោទរូបនេះថាបានប្រើប្រាស់រូបភាពនិងសម្ភារៈអាសអាភាស។

ដូច្នេះតុលាការត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ប៉ុន្តែទោសទាំងនោះត្រូវបានព្យួរ៕