34 C
Phnom Penh

កម្ពុជាគ្រោងជួបប្រជុំដើម្បីអនុម័តលើផែនការបួនឆ្នាំនៃទំនប់វារីអគ្គសនីតាមដងទន្លេមេគង្គ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្នាក់ដឹកនាំកំពូលនៃបណ្តាប្រទេសនៅតាមដងទន្លេមេគង្គនឹងជួបប្រជុំគ្នានៅក្នុងខេត្តសៀមរាបនៅដើមខែមេសានេះដើម្បីនាំគ្នាអនុម័តផែនការ៤ឆ្នាំ ស្របពេលដែលមានការព្រួយបារម្ភករណីទំនប់វារីអគ្គិសនីដែលកំពុងមានវត្តមានលើដងទន្លេមេគង្គ។

កិច្ចប្រជុំនេះ ធ្វើឡើងជារៀងរាល់៤ឆ្នាំម្តងដោយមានការរៀបចំពីគណៈកម្មការទន្លេមេគង្គ (MRC)ដែលមានមូលដ្ឋាននៅប្រទេសឡាវ ហើយកិច្ចប្រជុំនេះនឹងមានថ្នាក់ដឹកនាំពីបណ្តាប្រទេសទន្លេមេគង្គ រួមមានកម្ពុជា ថៃឡាវ វៀតណាម ភូមា ឬមីយ៉ាន់ម៉ា និងប្រទេសចិន។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គបានបញ្ជាក់ថា កិច្ចប្រជុំនេះគឺដើម្បីដោះស្រាយនូវការប្រឈម និងឱកាសនានាដែលកំពុងកើតឡើងនៅលើតួទន្លេមេគង្គ។

ហើយវាជាឱកាសមួយសម្រាប់ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គទាំង៤ មានលទ្ធភាពក្នុងការពិនិត្យឡើងវិញនូវការប្តេជ្ញាចិត្ត ដែលក្រុមមេដឹកនាំនៃបណ្តាប្រទេសទាំងនេះបានធ្វើឡើងកាលពី៤ឆ្នាំមុន និងការយល់ព្រមទៅលើយុទ្ធសាស្រ្តសម្រាប់អនាគត។

កិច្ចប្រជុំកំពូលនេះធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទីពីរ ដែលធ្វើឡើងនៅទីក្រុងភ្នំពេញ កាលពីខែមករា ដោយមានវត្តមានរបស់នាយករដ្ឋមន្រ្តីចិន លោក លី គឺឈាំង (Li Keqiang) ដែលមានការអនុម័តផែនការ៥ឆ្នាំនៃការអភិវឌ្ឍទន្លេមេគង្គផងដែរ។

ទោះជាយ៉ាងណាក៏ដោយប្រទេសឡាវកំពុងសាងសង់ទំនប់វារីអគ្គិសនីមួយចំនួននៅលើតួមេទន្លេមេគង្គក្រោម ក្នុងនោះមានទំនប់សាយ៉ាប៊ូរី (Xayaburi) និងដន សាហុង(Don Sahong) ដែលនាំឲ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់លើធនធានទឹក និងត្រី។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស