38 C
Phnom Penh

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃជំរុញឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជាលើកទី១៣ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកកប្រទេសថៃកាលពីម្សិលម៉ិញ ដែលមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃមន្រ្តីខាងកិច្ចការព្រំដែនថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងមន្រ្តីខាងកិច្ចការព្រំដែនរបស់កម្ពុជា។

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៣នេះ មានគោលបំណងរំលឹកឡើងវិញ នូវការអនុវត្តទិសដៅនៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពស្ថិរភាពនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅលើកទី១៣ ត្រូវបានរៀបចំឡើងដោយយោងទៅតាម កិច្ចព្រមព្រៀងនៃការបង្កើតកិច្ចសហប្រតិបត្តិការព្រំដែនរវាងកម្ពុជានិងថៃ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងសន្តិសុខក្នុងតំបន់ព្រំដែន ក៏ដូចជាការបន្ថែមនូវទំនាក់ទំនងរវាងកងទ័ពរបស់កម្ពុជានិងថៃ។

តាមរយៈកិច្ចប្រជុំនេះភាគីទាំងពីរ ក៏បានពិនិត្យឡើងវិញនូវលទ្ធផល នៃការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការផ្សេងៗ ដែលបានដាក់ចេញដោយកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ លើកទី១២ កាលពីថ្ងៃទី៣០ ខែមីនាឆ្នាំ២០១៧នៅខេត្តសៀមរាបដូចជាកិច្ចសហប្រតិបត្តិការលើការឆ្លងកាត់ព្រំដែនបញ្ហាពលករការទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀនការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា ជាមួយបណ្ដាអង្គភាពសន្តិសុខថៃ នៅតំបន់ព្រំដែនបញ្ហាកសិកម្ម បញ្ហាសុខភាពសាធារណៈ ការអភិវឌ្ឍន៍ការអប់រំសាសនា និងវប្បធម៌ជាដើម។

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅលើកទី១៣នេះបានជំរុញឲ្យភាគីកម្ពុជានិងថៃត្រូវបន្តភារកិច្ចក្នុងការថែរក្សាសន្តិភាព និង ស្ថេរភាព តាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស