33 C
Phnom Penh

ប្រទេសជាង៤០ទាមទារឲ្យលោកហ៊ុន សែន ធានាការបោះឆ្នោតដោយសេរីនិងដោះលែងអ្នកទោសនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេសចំនួន៤៥រួមមានសហរដ្ឋអាមេរិក កាណាដា អង់គ្លេស បារាំង អូស្ត្រាលី និងប្រទេសចំនួន៤០ទៀតបានទាមទារឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញផ្តល់ភាពស្របច្បាប់ក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិឡើងវិញ និងលុបចោលការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំងនេះដែលចេញផ្សាយកាលពីថ្ងៃទី២១ខែ មីនាបញ្ជាក់ថាប្រទេសទាំង៤៥នោះ ជំរុញឲ្យរដ្ឋាភិបាលលោកហ៊ុន សែនប្រញាប់បង្វែរស្ថានការណ៍ វិលមករកភាពប្រក្រតីវិញដើម្បីឲ្យការបោះឆ្នោតជាតិនាខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះធ្វើឡើងដោយសេរីនិងយុត្តិធម៌។

ទោះជាយ៉ាងណាក៏ដោយលោកណី សំអុល តំណាងអចិន្រ្តៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ចាត់ទុកថាកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសនោះថាជាការរៀបចំឡើងដើម្បីវាយប្រហារលើប្រទេសកម្ពុជា។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិយាយថាកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិធ្វើឡើងត្រឹមត្រូវស្របតាមគោលការណ៍ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងស្របពេលដែលកម្ពុជាកំពុងមានការរំលោភសិទ្ធិមនុស្សនិងការបំផ្លាញលទ្ធិប្រជាធិបតេយ្យធ្ងន់ធ្ងរ។

សេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំង៤៥នេះបញ្ជាក់ថា ពួកគេមានការសោកស្តាយណាស់ដែល សហគមន៍អន្តរជាតិបាត់បង់ក្តីសង្ឃឹមអំពីដំណើរការប្រជាធិបតេយ្យដែលខំកសាងជាង ២៥ឆ្នាំកន្លងមកនេះត្រូវបានបំផ្លាញតាមរយៈ ការចាប់ប្រធានគណបក្សសង្គ្រោះជាតិនិងសកម្មជនបក្សប្រឆាំងជាច្រើនរូបទៀតដាក់ពន្ធនាគារ ការរម្លាយគណបក្សសង្គ្រោះជាតិ ការបណ្តេញអង្គការសង្គមស៊ីវិល និងការបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស